ត្រូវ​ចំណាយ​ប៉ុន្មាន​​សម្រាប់​ប្រជាជន​ខ្មែរ​អាច​ទៅ​មើល​ព្រឹល​ធ្លាក់​ និង​ជិះ​ស្គី​លើ​ទឹក​កក​បាន​?

ត្រូវ​ចំណាយ​ប៉ុន្មាន​​សម្រាប់​ប្រជាជន​ខ្មែរ​អាច​ទៅ​មើល​ព្រឹល​ធ្លាក់​ និង​ជិះ​ស្គី​លើ​ទឹក​កក​បាន​?

អ្នក​រស់​នៅ​ប្រទេស​ដែល​មាន​ព្រឹល​ធ្លាក់​ជា​ទម្លាប់​នឹង​មាន​អារម្មណ៍​ធុញ​មិន​ខាន​ ពេល​ព្រឹល​​នេះ​ធ្លាក់​មក​ម្ដង​ៗ​ ដោយសារ​វា​ធ្វើ​ឲ្យ​ផ្លូវ​រអិល​ គ្រប​មក​លើ​ដំណាំ​ និង​ពិបាក​ធ្វើ​ដំណើរ។ ប៉ុន្តែ​សម្រាប់​អ្នក ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ពុំ​មាន​ព្រឹក​ធ្លាក់​វិញ​ ការ​បាន​ឃើញ​ព្រឹល​ធ្លាក់​ហាក់​អាច​ធ្វើ​ឲ្យ​រំភើប​ ចង់​ស្ទាប​លេង​មិន​ខាន។

 

បើ​យោង​តាម​គេហទំព័រ​ Piste Off ​របស់​អង់គ្លេស​ ដែល​ស្រាវ​ជ្រាវ​ពី​តំបន់​មាន​ធ្លាក់​ព្រឹល​ក្នុង​ពិភព​លោក​ នៅ​អាស៊ី ​ប្រទេស​ដែល​មាន​ព្រឹល​ធ្លាក់​ជា​ប្រចាំ​មាន​អាហ្វហ្គានីស្ថាន,​ ប៊ូតាន់, ចិន,​ ឥណ្ឌា, ឥណ្ឌូណេស៊ី,​ អ៊ីរ៉ង់​, កាហ្សាក់ស្ថាន,​ ម៉ុងហ្គោលី, មីយ៉ាន់ម៉ា,​ នេប៉ាល់, ប៉ាគីស្ថាន,​ តាហ្ស៊ីគីស្ថាន,​ អ៊ូបេគីស្ថាន,​ ជប៉ុន, កូរ៉េ, កោះ​តៃវ៉ាន់,​ លីបង់​, និង​ប្រទេស​មួយ​ចំនួន​ទៀត។

 

ត្រូវ​ចំណាយ​ប៉ុន្មាន​​សម្រាប់​ប្រជាជន​ខ្មែរ​អាច​ទៅ​មើល​ព្រឹល​ធ្លាក់​ និង​ជិះ​ស្គី​លើ​ទឹក​កក​បាន​?

 ភ្ញៀវ​ទេសចរ​នានា​ទៅ​កម្សាន្ត​មើល​ព្រឹល​ធ្លាក់​​នៅ​ជប៉ុន​

ចំណែក​ប្រទេស​ម៉ាឡេស៊ី,​ យេមែន, វៀតណាម, ស៊ូដង់, និង​អារ៉ាប៊ីសាអ៊ូឌីត​មាន​ព្រឹល​ធ្លាក់​ដោយ​ពេល។ ប៉ុន្តែ​​បើ​គេ​ចង់​ទៅ​លេង​ប្រទេស​នៅ​ទ្វីប​អាស៊ី​មាន​រមណីយដ្ឋាន​ជិះ​ស្គី​លើ​​ផ្ទាំង​ទឹកកក​ គេ​អាច​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន, ចិន,​ ឥណ្ឌា, ​អ៊ីរ៉ង់, លីបង់, កូរ៉េ​ខាងជើង, កូរ៉េ​ខាង​ត្បូង, ឬ​ប៉ាគីស្ថាន។

 

អ្នក​ស្រី​ កុក​ មុំ​ អ្នក​គ្រប់គ្រង​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ទេសចរណ៍​ ភី​ ធី​ អ៊ឹម​ ដែល​តែង​នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ រាប់​ទាំង​ការ​ទៅ​ទស្សនា​ព្រឹល​ និង​ជិះ​ស្គី​ទឹក​កក​នេះ​ផង​ ឲ្យ​ដឹង​ថា​ ភ្នាក់ងារ​របស់​ខ្លួន​នឹង​នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​ជិះ​ស្គី​ទឹក​កក​នៅ​ប្រទេស​ជប៉ុន​មួយ​ជើង​នៅ​ខែ​ធ្នូ​នេះ​ និង​ម្ដង​ទៀត​អាច​នៅ​ខែ​មករា​ មុន​នឹង​រដូវ​ធ្លាក់​ទឹកកក​កន្លង​ផុត​ទៅ។

 

អ្នក​គ្រប់គ្រង​ទេសចរណ៍​ថា៖ “ភ្ញៀវ​អាច​ទៅ​កម្សាន្ត​ជិះ​ស្គី​លើ​ទឹក​កក​ នៅ​ក្បែរ​ភ្នំ​ Fuji ​របស់​ជប៉ុន​ ទស្សនា​ទិដ្ឋភាព​ព្រឹល​ដ៏​ស្រស់​ស្អាត​បាន។ ប៉ុន្តែ​ដោយសារ​យើង​ទៅ​កម្សាន្ត​នៅ​កន្លែង​ត្រជាក់​ ដូច្នេះ​មុន​នឹង​ធ្វើ​ដំណើរ​ ភ្ញៀវ​របស់​យើង​ត្រូវ​ពិនិត្យ​សុខភាព​ជា​មុន​សិន​ ហើយ​យើង​ប្រយ័ត្ន​បំផុត​អ្នក​ដែល​មាន​ជំងឺ​ខ្សោយ​បេះ​ដូង​ ឬ​លើស​ឈាម”។

 

អ្នក​ស្រី​បន្ថែម​ថា៖ “បច្ចុប្បន្ន​មាន​​ប្រជាជន​ខ្មែរ​ខ្លះ​ចង់​ទៅ​កម្សាន្ត​មើល​ព្រឹល​ធ្លាក់​ជា​លក្ខណៈ​គ្រួសារ​ និង​ទៅ​ជិះ​ស្គី​ទឹក​កក​កម្សាន្ត​បណ្ដើរ​ៗ​ហើយ”។

 

ប៉ុន្តែ​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​កាន់​ប្រទេស​ជប៉ុន​នេះ​ អ្នក​ស្រី​ថា​ នឹង​មាន​រយៈ​ពេល​៧​ថ្ងៃ​ ដែល​អាច​ឲ្យ​អតិថិជន​របស់​ខ្លួន​បាន​ទស្សនា​ទិដ្ឋភាព​ផ្សេង​ទៀត​ក្នុង​ប្រទេស​ជប៉ុន​ និង​ភ្លក់​អាហារ​ជប៉ុន។ តម្លៃ​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​គឺ​ប្រហែល​២៥៨៨​ដុល្លារ។ ក្រៅ​ពី​ប្រទេស​ជប៉ុន​ ក្រុមហ៊ុន​របស់​អ្នក​ស្រី​ក៏​​នាំ​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត​នៅ​មហា​កំពែង​ចិន​ ដែល​មាន​ព្រឹល​ធ្លាក់​ដែរ​ ក្នុង​ខែ​ធ្នូ​បែប​នេះ។

 

ត្រូវ​ចំណាយ​ប៉ុន្មាន​​សម្រាប់​ប្រជាជន​ខ្មែរ​អាច​ទៅ​មើល​ព្រឹល​ធ្លាក់​ និង​ជិះ​ស្គី​លើ​ទឹក​កក​បាន​?

ទិដ្ឋភាព​ព្រឹល​ធ្លាក់​នៅ​ប្រទេស​ជប៉ុន​ (ប្រភព៖ vocinelcoro)

 

យុវជន​ ឆុន លេង​វាសនា​ បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ ដែល​ធ្លាប់​បាន​ទៅ​សិក្សា​កសិកម្ម​នៅ​ខេត្ត​ Lao Cai​ ប្រទេស​វៀតណាម​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៣​ មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន​ ពេល​បាន​ឃើញ​ព្រឹក​ធ្លាក់​ជា​លើក​ដំបូង​ ក្នុង​ជីវិត​របស់​គេ។

 

វាសនា​និយាយ​ថា៖ “ប្រជាជន​វៀតណាម​ក៏​គេ​ចេញ​មក​មើល​ព្រឹល​នេះ​ដែរ​ ជា​ពិសេស​នៅ​ទី​កន្លែង​សាធារណៈ​ ដោយសារ​ព្រឹល​នេះ​មាន​ធ្លាក់​ដោយ​ឆ្នាំ​ទេ​នៅ​ស្រុក​គេ។ ប្រទេស​យើង​ធ្លាប់​ត្រជាក់​ដែរ​ម្ដុំ​ខែ​ធ្នូ​ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​ធ្លាក់​ព្រឹល​ស​ក្បុស​បែប​ហ្នឹង​ទេ។ សង្ឃឹម​ថា​ ថ្ងៃ​​មួយ​នឹង​ទៅ​ជិះ​ស្គី​ពី​លើ​ភ្នំ​ទឹក​កក​ ដូច​មិត្តភ័ក្ដិ​បង្ហោះ​រូប​ឲ្យ​មើល​ពី​ស្រុក​បារាំង​មក”៕

 

 

ចុច​អាន៖ ហាង​ បណ្ណាគារ​ ឬ​តូប​ផ្សេង​ៗ​ ដែល​​អាច​រក​ទិញ​សម្ភារៈ​បុណ្យ​ណូអែល​

 

ចុច​អាន៖ ហេតុ​អ្វី​ការ​ប្រារព្ធ​បុណ្យ​គ្រឹស្ដ​ស្មាស​បច្ចុប្បន្ន​ មិន​ប៉ះ​ពាល់​ដល់​វប្បធម៌​ខ្មែរ?

 

 

អត្ថបទ៖ មាស រ័ត្ន​