មហាសន្និបាត សភា​តំបន់​អាស៊ី លើក​ទី​៨ ប្រារព្ធ​ពិធី​បើក នា​ព្រឹក​ថ្ងៃទី​៩​ធ្នូ​នេះ​

ភ្នំពេញ: ​ដូច​ការគ្រោងទុក នា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​៩​ធ្នូ​នេះ ពិធី​បើក​មហាសន្និបាត សភា​តំបន់​អាស៊ី APA លើក​ទី​៨ បាន​ប្រារព្ធ​ឡើង នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ​។ ឥស្សរជន​កំពូលៗ មកពី​រដ្ឋសភា ព្រឹទ្ធសភា ពិសេស​ក៏មាន​វត្តមាន​របស់​ស​ម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា សម្តេច​សាយឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​ចូលរួម​ជាមួយនឹង​ឥស្សរជន​បរទេស​ជាច្រើន​ផ្សេងទៀត​។​

​សូម​រម្លឹកថា រដ្ឋសភា​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​មហាសន្និបាត សភា​តំបន់​អាស៊ី APA ( The Asian Parliamentary Assembly ) លើក​ទី​៨ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ និង​រ៉េស៊ីដង់​។

​មហាសន្និបាត សភា​តំបន់​អាស៊ី (APA) លើក​ទី​៨ រយៈពេល ១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៧​ធ្នូ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា នៅ​តំបន់​អាស៊ី​”​។​

 រដ្ឋសភា​កម្ពុជា បានប្រកាសថា មហាសន្និបាត​សភា​តំបន់​អាស៊ី​នេះ នឹងមាន​គណៈប្រតិភូ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រដ្ឋសភា ព្រឹទ្ធសភា នៃ​ប្រទេស​សមាជិកសភា​តំបន់​អាស៊ី យ៉ាងតិច​ចំនួន ២៣ ប្រទេស ចូលរួម ព្រមទាំង​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ និង​អង្គការ​ដៃគូ​របស់ APA មួយចំនួន​ទៀតផង​។​

​សភា​តំបន់​អាស៊ី APA ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៩ ក្នុង​គោលបំណង​លើក​កម្ពស់​សន្តិភាព និង​ការធ្វើសមាហរណកម្ម នៅក្នុង​តំបន់​អាស៊ី ដោយ​ផ្តោត​សំខាន់​លើ​ប្រព័ន្ធតុលាការ ការចែករំលែក និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព រួមទាំង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ កាន់តែខ្លាំង និង កាន់តែ​ជិតស្និទ្ធ នៅក្នុង​តំបន់​អាស៊ី​។​

​កាលពី​ឆ្នាំ​១៩៩៩ នៅពេល​បង្កើត​ដំបូង សភា​តំបន់​អាស៊ី APA មាន​ឈ្មោះថា សមាគម​​សភា​អាស៊ី​សម្រាប់​សន្តិភាព​។ តែ​នៅ​ឆ្នាំ​២០០៦ សមាគម​នេះ បាន​ប្តូរ​មកជា សភា​តំបន់​អាស៊ី APA​។ សព្វថ្ងៃនេះ សភា​តំបន់​អាស៊ី APA មាន​សមាជិក​ចំនួន ៤២ ប្រទេស និង ១៦  ស្ថាប័ន ជា​សមាជិក​អ្នកសង្កេតការណ៍​។ ក្រៅពីនោះ ក៏មាន​អង្គការ​ជា​ដៃគូ​មួយចំនួន​ផ្សេងទៀត​៕