ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​សំណង​គម្រោង​អភិវឌ្ឍន៍ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

ភ្នំពេញ: លទ្ធផល​របាយការណ៍​អង្កេត ស្តីពី​គោលនយោបាយ​សំណង និង​តម្លៃ​ទ្រព្យ​តាម​ទីផ្សារ នៃ​គម្រោង​អភិវឌ្ឍន៍ ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដែល​ត្រូវបាន​គាំទ្រ ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា មូលនិធិ​ហេន រិ​ជ​បូល (Heinrich Boell Foundation) / Heinrich Böll Stiftung (HBS) ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា និង​អង្គការ​អុក​ស្វា​ម និង​ត្រូវបាន​សិក្សា ដោយ​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ ត្រូវ​បានដាក់​ផ្សព្វផ្សាយ ជា​សារ​ធារ​ណៈ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅឯ​សាលប្រជុំ នៃ​មជ្ឈមណ្ឌល​ព័ន្ធ​កិច្ច​ឯកភាព គ្រី​ស្ទ​បរិស័ទ​ភ្នំពេញ​។​

​គោលដៅ​ចម្បង​នៃ​ការស្រាវជ្រាវ គឺ​សំដៅ​ពិនិត្យ​សិក្សា​ច្បាប់ និង​គោលនយោបាយ ដែលមាន​លក្ខណៈ​ពាក់ព័ន្ធ និង​ប​ដិ​វាទ និង ប៉ាន់ស្មាន​សំណង​ត្រឹមត្រូវ ប្រកបដោយ​យុត្តិធម៌ សម្រាប់​សហគមន៍ ដែល​រង​ផលប៉ះពាល់​ពី​ទំនប់​សេសា​ន​ក្រោម​២​។

​គោលដៅ​ជាក់លាក់ នៃ​ការស្រាវជ្រាវ រួមមាន (១) វិភាគ​ច្បាប់ និង​គោលនយោបាយ ដែលមាន​លក្ខណៈ​ពាក់ព័ន្ធ និង​ផ្ទុយគ្នា​ទៅលើ ការអនុវត្ត​បច្ចុប្បន្ន​នៃ​ទំនប់​សេ​សាន​ក្រោម​២ និង​ការវិភាគ និង​ផ្តល់​កញ្ចប់​សំណង សមស្រប​ផ្អែកលើ​សំណង ដែល​ត្រូវបាន​ស្នើឡើង ដោយ​ស្ថាប័ន​បី​ផ្សេងៗ​គ្នា ពោលគឺ រដ្ឋសភា ក្រុមហ៊ុន​វិនិយោគ និង​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់ ដែល​កំពុង​រស់នៅក្នុង​តំបន់​សាងសង់​។​

​អ្នកចូលរួម​ប្រមាណ ៦០​នាក់ ដែល​មកពី រាជរដ្ឋាភិបាល​កម្ពុជា អ្នកតំណាង​ក្រុមហ៊ុន ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​ឯករាជ្យ  និង​សហគមន៍​។​

 លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្រៅពី​គោលបំណង នៃ​ការដាក់​ផ្សព្វផ្សាយ ជា​សាធារណៈ កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ឱកាស​ជាពិសេស​សម្រាប់​សហគម​ន៍ អង្គការ រាជរដ្ឋាភិបាល និង​អ្នក​ប្រឹក្សា​ឯករាជ្យ ដើម្បី​បាន​ជួប ពិភាក្សា និង​រក​ដំណោះស្រាយ ចំពោះ​ការអភិវឌ្ឍន៍​ទំនប់​នេះ​ឲ្យ​ប្រកបដោយ​និរន្តរភាព តាមរយៈ​គណៈកម្មការ ដោះស្រាយ​ផលប៉ះពាល់​”​។

​លោក​បាន​បន្តថា “​យោងទៅតាម​លទ្ធផល ដែល​ទទួលបាន​ពី របាយការណ៍ ការសិក្សា​លទ្ធភាព អនុវត្ត​គម្រោង និង​ការសិក្សា​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន មាន​ព័ត៌មាន និង​ការពិគ្រោះ​យោបល់ មាន​កម្រិត​ជាមួយ សហគមន៍​រង​ផលប៉ះពាល់ បានន័យថា គេ​មិនអាច​វាយតម្លៃ​ផលប៉ះពាល់ គម្រោង​ឲ្យ​បាន​សមស្រប​ឡើយ​។ ការពិគ្រោះ​យោបល់ ដែល​បានធ្វើ​ជាមួយ ភូមិ​ទាំងឡាយ​នៅក្នុង​តំបន់​អាង​ស្តុក​ទឹក ការចូលរួម​នូវមានកម្រិត មិនបាន​ផ្តល់ព័ត៌មាន​ច្រើន និង​មិនទាន់បាន​ផ្តោត​ខ្លាំង ទៅលើ​បញ្ហាសំខាន់ៗ​”​។​

​ផ្នែក​មួយទៀត​នៃ របាយការណ៍​អង្កេត ក៏បាន​បង្ហាញថា ជនជាតិដើម​ភាគតិច និង​សហគមន៍ជាតិ​ពន្ធ​ភាគតិច ស្ថិតក្នុង​ចំណោម​ជន ដែល​រង​ផលប៉ះពាល់​ច្រើន​បំផុត ពី​គម្រោង​ទំនប់​សេសា​ន​ក្រោម ២​។ ភាសា​និង​វប្បធម៌ នៃ​ក្រុម​ប្រជាពលរដ្ឋ​តាំងទី​លំនៅ​ថ្មី ស្ថិតក្នុង​ហានិភ័យ ហើយ​អ្នកភូមិ​ជាច្រើន ជឿថា គម្រោង​អាច​បង្ខំ​ឲ្យ​មានការ​រំលាយ​សហគម​ន៍ ដោយសារ​ការបាត់បង់​ជីវភាព​។ ទឹកជំនន់​នឹង​បំផ្លាញ​ដី​ប្រពៃណី កន្លែង​បញ្ចុះសព​បុរាណ កសិដ្ឋាន ទីតាំង​គោរពបូជា និង​ទីតាំង​វប្បធម៌​។ ក្នុងការ​សិក្សា​ឆ្នាំ ២០១៣ មួយ ៨៨% នៃ​អ្នកភូមិ​នៅ​ផ្នែក​ខាងលើ​ទំនប់ ដែល​បាន​អង្កេត បាន​និយាយថា ទំនប់​សេសា​ន​ក្រោម​២ នឹង​បំផ្លាញ​ជំនឿ​គោរពបូជា និង​វប្បធម៌​របស់​ពួកគេ​។ សហគមន៍​បារម្ភ អំពី​ការបែកបាក់​សហគមន៍ និង​ការ​រលាយ បាត់​ទំនៀមទម្លាប់ និង​ចំណេះដឹង​ប្រពៃណី​។ ផលប៉ះពាល់​ខ្លាំង លើ​ជលផល និង កសិដ្ឋាន នឹង​ជៈ​ឥទ្ធិពល លើ​ជីវភាព​ប្រពៃណី​របស់​សហគមន៍ ជនជាតិដើម​ភាគតិច ផ្សេងៗ​ទៀត នៅ​ផ្នែក​ខាងលើ និង​នៅ​ផ្នែក​ខាងក្រោម នៃ​គម្រោង​។

​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ គឺជា​គម្រោង​អភិវឌ្ឍន៍ ដ៏​ធំជាងគេ​តំបូងបង្អស់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅតាម​ដង​ទន្លេសេសាន នៅក្នុង​ខេត្តស្ទឹងត្រែង​។ ទំនប់​វា​រី​អគ្គីសនី ដែល​អាច​ផលិត​ថាមពល​អគ្គិសនី បាន​ចំនួន ៤០០ មេ​ហ្គា​វ៉ា​ត់ ដែល​គ្រោង​ចំណាយ អស់​ប្រមាណ ៨០០ លាន ដុល្លារ​សហរដ្ឋអាមេរិក​។ គម្រោង​នេះ​គឺមាន​ការចូលរួម​វិនិយោគ​ពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុមហ៊ុន​ចិន ដែលមាន​ឈ្មោះថា ហាយ​ដ្រូ ឡាន​ឆាង (Huaneng Lancang River Hydropower Co. Ltd,) និង ហួរ​នឹង គ្រុប (Huaneng Group)​។ គម្រោង​នេះ នឹង​បង្ក​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទីលំនៅ ក៏ដូចជា​ជីវភាព​រស់នៅ របស់​ប្រជាជន ប្រមាណ​ជា​ជិត ១​ពាន់​គ្រួសារ ។ បច្ចុប្បន្ន ទំនប់​នេះ សាងសង់​បាន​ប្រមាណ ៤០%​ហើយ​។ ប្រជាពលរដ្ឋ ដែល​ត្រូវ​បំលាស់​ទី មួយចំនួន ព្រម​ទទួលយក​សំណង មួយចំនួនទៀត មិន​ពេញ​ចិត្តនឹង​សំណង និង​មួយ​ភាគ​ទៀត បដិសេធ​ដាច់ខាត មិន​រើ​ទីលំនៅ​៕V​/S