​ឡើង​ចង​អង់​តែ​ន​ទូរទស្សន៍ ប៉ះ​ខ្សែភ្លើង​ឆក់ ធ្លាក់​ពីលើ​ដំបូល កំពស់​៥​ម៉ែត្រស្លាប់

ភ្នំពេញ: បុរស​ម្នាក់​បាន​ឡើងលើ​ដំបូលផ្ទះ យក​លួស​ចង​អង់​តែ​ន​ទូរទស្សន៍ ហើយ​បាន​ប៉ះ​នឹង​ខ្សែភ្លើង ក៏​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ ដែលមាន​កំពស់​៥​ម៉ែត្រ មក​ដី បណ្តាលអោយ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​និង​៤០​នាទី ល្ងាច ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ គឹម រិទ្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ ធ្វើការ​នៅ​អង្គការ​ជនពិការ ស្នាក់នៅ​កន្លែងកើតហេតុ​។ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ឡើងលើ​ដំបូលផ្ទះ ដើម្បី​ចង​បង្គោល​អង់​តែ​ន​ទូរទស្សន៍ ដោយ​ខ្សែលួស ខណៈនោះ ក៏បាន​ប៉ះ​នឹង​ខ្សែភ្លើង ដែលមាន​ដាច់​មុខដំណ ទើប​ធ្វើអោយ​ឆក់ធ្លាក់ចុះ​មកក្រោម កំពស់​៥​ម៉ែត្រ បណ្តាលអោយ​ស្លាប់ ភ្លាមៗ​នៅ​កន្លែង​តែម្តង​។​

​សាក្សី​ដដែល បាន​បន្តថា ដោយសា​តែ​ក្រុមគ្រួសារ នៅ​មិនទាន់​អស់ចិត្ត ក៏បាន​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​។ លុះ​ទៅដល់​មន្ទីរពេទ្យ​លោកគ្រូ​ពេទ្យ បាន​បញ្ជាក់ថា ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ ទើប​នាំគ្នា​ដឹក​មក​ផ្ទះ​វិញ និង​រាយការណ៍ ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្តែង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួន​សាកសព រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​ឡើង​ចង​អង់​តែ​ន​ទូរទស្សន៍ ប៉ះ​ខ្សែភ្លើង​ឆក់ ធ្លាក់​ពីលើ​ដំបូល កំពស់​៥​ម៉ែត្រស្លាប់