កំហឹង​ស្នេហ៍​ត្រី​កោណ! ប្រពន្ធ​ទី២យក​ថ្នាំ​លាប​របងទៅ​ប៉ាត​មុខ​ប្តី និង​ប្រពន្ធ​ទី៣ រួច​វាយ​ផ្អើលភូមិ​ទាំង​ព្រឹក​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ និង​ប្រពន្ធ​ចុង​ ត្រូវ​ប្រពន្ធ​ទី​២​យក​ថ្នាំ​លាប​របង​ទៅ​ប៉ាត​ពេញ​មុខ​ ពេញ​សក់​ទាំង​២នាក់ ហើយ​ថែម​ទាំង​វាយ​ស្ត្រី​ជា​ប្រពន្ធ​ចុង​​​ឡើង​ទ្រម​ខ្លួន​ ខណៈ​ពេល​កំពុង​តែ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មានសេច​ក្តី​សុខ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​សាមគ្គី សង្កាត់​ប្ញស្សី​កែវ​ ខណ្ឌ​ប្ញស្សី​កែវ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ ធ្នូ នេះ​។

គូស្នេហ៍​វ័យ​ចំណាស់​នោះ ប្តី​ឈ្មោះ​អ៊ុំ សារិន អាយុ​៦៣​ឆ្នាំ និង​ប្រពន្ធ​ចុង​ឈ្មោះ​ស៊ឹម សម្បត្តិ អាយុ​៣១​ឆ្នាំ មុខ​របរ​កោស​ជប់​ ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​អាយុ​១១​ឆ្នាំ ចំណែក​ប្រពន្ធទី២​​ ​ឈ្មោះនៅ​ សាម៉េត អាយុ​៥៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៥នាក់​។

បើ​តាម​បុរស​ជា​ប្តី​បាន​ឱ្យ​ដឹង​ថា កន្លង​មក​រូប​គាត់​មាន​ប្រពន្ធ និង​កូន​៤នាក់​នៅភ្នំ​ប្រសិទ្ធ​ ក្រោយ​មក​ក៏​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធទី២​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​១០​ឆ្នាំ​ហើយ ទើប​តែ​ប្រមាណ​ជា​២​ឆ្នាំ​នេះ​ គាត់​បាន​ទៅ​ទាក់​ទង​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ​នេះ​ និង​ជួល​ផ្ទះ​រស់​នៅ​ជាមួយ​គ្នា​នៅ​ភូមិ​កើត​ហេតុ​ខាងលើ។

បុរស​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​ ខណៈពេល​រូប​គាត់ និង​ប្រពន្ធ​ក្រោយ​កំពុង​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ផ្ទះ​ជួល​ស្រាប់តែ​ប្រពន្ធ​ទី​២​មក​គោះទ្វារ​ ហើយ​យក​ថ្នាំ​លាប​របង​មក​ប៉ាត​លើ​មុខ​​ និង​សក់​ពួក​គាត់​ទាំង​២ រួច​ថែម​ទាំង​វាយ​ប្រពន្ធ​ទី៣​ឡើងទ្រម​ខ្លួនបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​តែ​ម្តង​៕