ស្ត្រីម្នាក់ពិការ​ភ្នែក​ទាំង២មានជំងឺ​ប្រចាំកាយ​ កូនប្រុស​លង់​ទឹកស្លាប់ រស់នៅ​ក្រោមផ្ទះ​បង​ រក​ជំនួយ​សប្បុរសធម៌

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ពិការ​ភ្នែក​ទាំង​២ និង​មាន​ជំងឺ​ប្រចាំ​កាយ ស្គាំង​ស្គមរីងរៃ​ដេក​នៅ​ក្រោមផ្ទះ​របស់​បងស្រី​បង្កើត នៅ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​រៀបរាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ធ្នូ ២០១៥ និយាយ​ទាំង​អួល​ដើម​កថា គាត់​ឈ្មោះ​មី វន អាយុ​៥០​ឆ្នាំ មាន​ប្តី​និង​មានកូន​ប្រុស​ម្នាក់ ។ មូលហេតុ​ដែល​គាត់​ពិការ​ភ្នែក​នេះ កាលពី​១០​ឆ្នាំ​មុន នៅ​យប់​កើតហេតុ គាត់​បាន​ដើរទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​បងប្អូន  ដោយ​យប់​ង​ងិ​ត ក៏​ដើរទៅ​ជល់​និង​មែកឈើ​បុក​ត្រូវ​ភ្នែក​ខាងឆ្វេង ហើយ​គ្រាប់ភ្នែក​គាត់​បាន​ឡើងបាយ លុះ​ទៅ​ពិនិត្យ និង​ដេក​នៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​នោះ គ្រូពេទ្យ​បាន​និយាយ​ថា ភ្នែក​របស់​គាត់​ត្រូវ​ទឹក​ចូល ។

ក្រោយ​ពី​ដេក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​រួច​មក បាន​ធូរស្រាល​គ្រាន់ គាត់​ត្រឡប់​មក​ផ្ទះ​វិញ គ្រាប់ភ្នែក​នោះ​មើល​មិនឃើញ​ទេ គឺ​ង​ងិ​ត​។​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ជំងឺ​គ្រាប់ភ្នែក​នោះ ក៏​ឆ្លង​រាលដាល​មក​គ្រាប់​ខាងស្តាំ​ទៀត ទើប​បង្ក​ឱ្យ​ងងឹត​ទាំង​២ មើល​អ្វី​មិន
ឃើញ​។

ស្ត្រី មី វន បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដែល​គាត់​កំពុង​មាន​ជំងឺ និង​ង​ងិ​ត​ភ្នែក​ទាំង​២​នោះ ប្តី​របស់​គាត់ ក៏​បាន​រត់​ចោល និង​យកប្រពន្ធ​មួយទៀត ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់ ប៉ុន្តែ​គួរ​ឱ្យ​សង្វេគ​ពេក​ក្រៃ កូនប្រុស​គាត់​ទើប​អាយុ​៦​ឆ្នាំ បាន​ដើរ​កាត់ទឹក​ទៅ​ហូប​បាយ​នៅ​វត្ត ក៏​ស្រាប់តែ​លង់ទឹក​ស្លាប់ ចោល​រូប​គាត់​ទៀត ។ សព្វថ្ងៃ គាត់​មាន​ជំងឺ​ប្រចាំ​កាយ ដេក​នៅ​ក្រោមផ្ទះ​របស់​បងស្រី បាន​បងស្រី និង​អ្នក​ជិតខាង​ឱ្យ​បាយ ទឹក​ហូប និង​ជួយ​ដឹក​ដៃ​ពេល​ចង់​ងូតទឹក ឬ​ក៏​បន្ទោ​របង់ ។ ពេល​នេះ​បងស្រី​គាត់​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ បាន​អ្នក​ជិតខាង​ជួយ​មើល​បាយ​ទឹក​ហូប ។

ដូច្នេះ គាត់​សូម​អំពាវនាវ​ដល់​សប្បុរសជន មេត្តា​ជួយ​ផ្តល់​ជា​អំណោយ​ដល់​រូប​គាត់​ផង ជា​សម្ភារ​ថវិកា គ្រាន់​គាត់​បាន​ព្យាបាល​ជំងឺ​របស់​គាត់ ។