បទ «ខ្ញុំ​រង់ចាំ» របស់លោក​ស៊ីន ស៊ី​សាមុត មានកំណើត​នៅ​អ៊ីតាលី​ឆ្នាំ១៩៣៣

តាមរយៈ​ទំនុកច្រៀង​នៃ​បទ «ខ្ញុំ​រង់ចាំ» ដែលមាន​លាយឡំ​នឹង​ពាក្យពេចន៍​ភាសា​បារាំង «J’attendrai» យើង​អាច​សន្និដ្ឋានបានថា បទ​ចម្រៀង​នេះ​ត្រូវបាន​ផលិតឡើង ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​នៅ​រង​ឥទ្ធិពល​ពី​បារាំង​នៅឡើយ គឺ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ឬ​ឆ្នាំ១៩៦០ ។ ប៉ុន្តែ​បទ​ចម្រៀង​នេះ​មិន​មែនមាន​ប្រភព​មកពី​ប្រទេស​បារាំង​នោះទេ។ "ខ្ញុំ​រង់ចាំ"មាន​ប្រភពដើម​មកពី​ប្រទេស អ៊ីតាលី។ "ខ្ញុំ​រង់ចាំ" ជា​បទ​ចម្រៀង​នៅក្នុង​ល្ខោន​អូ​ប៉េ​រ៉ា រឿង Madama Butterfly ។

ឆ្លៀត​ក្នុង​នាទី​នេះ ខ្ញុំ​សូម​សង្ខេប​រឿង Madama Butterfly ជូន​ប្រិយមិត្ត​ស្តាប់​បន្តិច​សិន។ រឿងនេះ​និយាយ​អំពី​ទីក្រុង​ណាហ្គា​សា​គី ប្រទេស​ជប៉ុន ឆ្នាំ១៩០៤ ។ Butterfly គឺជា​នាម របស់​ក្មេងស្រី​ជប៉ុន​វ័យ១៥ឆ្នាំ​ម្នាក់ ដែល​បាន​រៀបការ​ជាមួយ​នាវិក​ជនជាតិ​អាមេរិកាំង ឈ្មោះ Pinkerton។ បន្ទាប់ពី​រៀបការ​រួច Pinkerton បាន​ចាកចោល​នាង Butterfly ទៅ សហរដ្ឋ អាមេរិក ដោយ​សន្យាថា​នឹង​ត្រឡប់មករ​កនាង​វិញ។ ក្រោយមក​នាង Butterfly សម្រាល​បានកូន​ប្រុស​ម្នាក់។  ពេលវេលា​បាន​កន្លងផុតទៅ នៅតែ​មិនឃើញ​Pinkerton ត្រឡប់មកវិញ។ ដោយ​សេចក្តីស្រឡាញ់ និង​ស្មោះស្ម័គ្រ​ចំពោះ​ប្តី នាង​Butterfly នៅតែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​ប្តី​របស់​នាង​ជានិច្ច ដោយ​សង្ឃឹមថា​ប្តី​របស់​នាង​នឹង​ត្រឡប់មកវិញ។ 

៣ឆ្នាំ​ក្រោយមក ប្តី​របស់​នាង​បាន​ត្រឡប់មកវិញ ដោយ​នាំ​ភរិយា​ថ្មី​មកជា​មួយ​ផង។ ប្តី​របស់​នាង​ត្រឡប់មកវិញ​ដោយមាន​បំណង​ចង់យក​កូនប្រុស​ទៅអោយ​ប្រពន្ធក្រោយ របស់គាត់​ចិញ្ចឹម។ ប៉ុន្តែ​ដោយ​យល់ឃើញថា​ខ្លួន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ចំពោះ Butterfly ប្តី របស់​នាង​មិន​ហ៊ាន មកជួប មុខ​នាង​ផ្ទាល់​នោះទេ។ នៅ​ទីបំផុត​នាង Butterfly បាន​យល់ព្រម ប្រគល់​កូនប្រុស អោយទៅ​ប្តី របស់​នាង ដោយ​អោយ​ប្តី​របស់​នាង​មក​ទទួល​កូន​ដោយផ្ទាល់។ បន្ទាប់ពី​ច្រៀង​លា​កូនប្រុស​រួចមក នាង Butterfly បានធ្វើ​អត្តឃាត​ដោយ​អារ ក របស់​នាង​នឹង​កាំបិត។

ដោយ​ពេញ​ចិត្តនឹង​បទ​ចម្រៀង​ដែល​ច្រៀង​នៅក្នុង​ល្ខោន​អូ​ប៉េ​រ៉ា​រឿង Madama Butterfly នៅ​ឆ្នាំ ១៩៣៣ អ្នកនិពន្ធ​ទំនុកច្រៀង​ជនជាតិ​អ៊ីតាលី​ឈ្មោះ Nino Rastelli និង​អ្នកនិពន្ធ​បទ​ភ្លេង​ឈ្មោះ Dino Olivieri បានរួម​គ្នា​និពន្ធ​បទ​ចំរៀង​មួយ​បទ​មាន​ចំណងជើង​ថា Tonerai ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "អ្នកនឹង​ត្រឡប់មកវិញ"។

៤ឆ្នាំ​ក្រោយមក បទ​ចម្រៀង Tonerai ត្រូវបាន​គេ​ថត​បញ្ចូល​ក្នុង​ថាស។ អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នា ក់​របស់​អ៊ីតាលី គឺ​លោក Carlo Buti គឺជា​អ្នក​ច្រៀង​បទ​ចម្រៀង​នេះ។ Tonerai ត្រូវបាន​ថត​នៅ ដើម ខែតុលា ឆ្នាំ១៩៣៧ នៅ​ស្ទូឌីយូ​របស់​ផលិតកម្ម Columbia ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។

នៅ​ឆ្នាំ១៩៣៨ អ្នកចម្រៀង​បារាំង​ឈ្មោះ Rina Kettyបាន​យក​បទ​ចំរៀង Tonerai មក​ច្រៀង ជា​ភាសា​បារាំង ដោយមាន​លោក Louis Potératប្រែ​សំរួល និង​សរសេរ​ទំនុកច្រៀង។

ដោយសារ​សម័យ​នោះ ពិភពលោក​បានចាប់ផ្តើម​រង្គោះរង្គើ​និង​បាក់បែក​ដោយសារ​សង្គ្រាម​លោក​លើក​ទី​ពីរ ហើយ​ដោយសារតែ​ការ    ចាកចេញ​ដោយ​គ្មាន​ការវិលត្រឡប់​របស់​យុទ្ធជន​មួយចំនួន បានធ្វើអោយ​បទ​ចម្រៀង​ខ្ញុំ​រង់ចាំ ឬ J'attendrai នេះ ចាក់​ចូលក្នុង​ក្រឡៅ​បេះដូង​របស់ អ្នក​ស្តាប់ ពិសេស​អ្នក ដែល​នៅ​រង់ចាំ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​នា​សម័យ​នោះ។ ខ្ញុំ​រង់ចាំ ឬ​J'attendrai ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​សម្បើម​នៅ​ទី្វ​ប​អឺរ៉ុប ហើយ​បាន​ក្លាយជា និមិត្តរូប​នៃ​ការចាប់ផ្តើម​សង្គ្រាមលោកលើកទីពីរ។

បាទ នៅ​ឆ្នាំ១៩៣៩ បទ​ចម្រៀង ខ្ញុំ​រង់ចាំ ឬ J' attendrai ត្រូវបាន​អ្នកចម្រៀង​អាល្លឺម៉ង់ឈ្មោះ Michael Jary យកមក​ច្រៀង​ជា​ភាសា​អាល្លឺម៉ង់។ បទ​នេះ​មាន​ចំណង ជើង​ថា​Komm Zurück។ ជា​បន្ត​បន្ទាប់មកទៀត បទ​ចម្រៀង ខ្ញុំ​រង់ចាំ ឬ J' attendrai ត្រូវបាន​យក ទៅ​ច្រៀង ជា ភាសា​ឆែក ដែលមាន​ចំណងជើង​ថា Vérím Vám, ច្រៀង​ជា​ភាសា​ស៊ុយ​អ៊ែត មាន ចំណងជើង​ថា Blott för dig និង​ច្រៀង​ជា​ភាសា​ប៉ូឡូញ​មាន​ចំណងជើង​ថា Czekam Cie ។ល។

ខ្ញុំ​រង់ចាំ ឬ Tonerai ឬ J' attendrai បានក្លាយ​ជា​បទ​ចម្រៀង​ដ៏​ល្បី​នៅ​សតវត្សរ៍​ទី២០ ។ បទ​ចម្រៀង​ត្រូវបាន​ច្រៀ​ន​ឡើងវិញ​ជាច្រើនលើក​ច្រើនសារ​ពេញ​មួយ​សត​វ​ស្សរ៍​ទី២០ និង​ឆ្លង​ចូល​សតវត្សរ៍​ទី២១នេះ​ផងដែរ។ ផ្នែក​ខ្លះ​នៃ​បទ​ចម្រៀង​នេះ​ត្រូវបាន​គេ​យកទៅដាក់ បញ្ចូល នៅក្នុង​ខ្សែភាពយន្ត​ផង​ក៏មាន។ ទោះបីជា​បទ​ចម្រៀង​នេះ​ត្រូវបាន​យកទៅ​ច្រៀង ដោយ​អ្នកចម្រៀង​ច្រើន​ជាតិ​សាសន៍​យ៉ាងណាក៏ដោយ ក៏​បទ​ចម្រៀង​នេះ​នៅ​រក្សា​អត្ថន័យ ដើម​ដដែល។

ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ​ថា បទ​ចម្រៀង "ខ្ញុំ​រង់ចាំ"មានដំណើ​រវិ​វត្ត​និង​ល្បីល្បាញ​ពាសពេញ​ពិភពលោក។ កម្ពុជា មិនមែនជា​ប្រទេស​តែមួយគត់​នោះទេ ដែល​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​ជា​ភាសាជាតិ​របស់ខ្លួន។ ដោយ​បទ​ចម្រៀង​ជា​ផ្នែក​មួយ នៃ​វប្បធម៌ ហើយដោយ​កម្ពុជា​មិនមាន​ជា​កោះ​ដែល​នៅ​ដាច់​តែឯង ដូច្នេះហើយ​បានជា​កម្ពុជា​ចៀស​មិន​ផុតពី​ការរង​ឥទ្ធិពល​របស់​វប្បធម៌​បរទេស។ ប៉ុន្តែ អ្នកនិពន្ធ​ខ្មែរ ផលិតករ​ខ្មែរ សិល្បករ​ខ្មែរ មាន​ស្នាដៃ​ខ្ពស់​ក្នុងការ​ធ្វើអោយ​អ្នក​ស្តាប់​ទទួលយក បទ​ចម្រៀង​នេះ​បាន តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន។

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​