អភិបាលស្រុក​ស្ទឹង​ហាវ​ច្រាន​ចោលការ​ចោទប្រកាន់​ថា​ឃុបឃិត​ពី​បញ្ហា​ទឹក​ស្អាត

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹង​ហាវ បាន​ធ្វើ​សន្និសីទកាសែត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បកស្រាយ​ជុំវិញ​ការ​ចោទប្រកាន់​ថា​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​ស្ទឹង​ហាវ​ខឹងសម្បា​មក​លើ​រូប​លោក ដោយ​ចោទ​ថា​លោក​បាន​ឃុបឃិត​ជាមួយ​លោក គុ​ជ ម៉ុ​លី ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ស្អាត​នៅ​ស្រុក​ស្ទឹង​ហាវ មិន​ព្រម​ទទួលយក​ការ​វិនិយោគ​ពង្រីក​បណ្តាញ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​ក្រុមហ៊ុន​អាន​កូ​វ៉​ធឺរ​សឺ​ប​ផ្លា​យ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ថ្មី​ពី​ក្រសួង​។

លោក​អភិបាលស្រុក​ស្ទឹង​ហាវ បាន​លើក​ឡើង​ថា កន្លង​មក​មាន​បណ្តាញ​ព័ត៌មាន​ជាតិ បណ្តាញ​ព័ត៌មាន​ក្រៅ​ស្រុក និង​បណ្តាញ​សង្គម​ហ្វេ​សបុ​កមួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ជុំវិញ​ការ​ខឹងសម្បា​មក​លើ​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ស្អាត​ក្នុងស្រុក​ស្ទឹង​ហាវ​ពី​មុន​មក ដោយ​មិន​ព្រម​ទទួលយក​ការ​វិនិយោគ ពង្រីក​បណ្តាញ​អាជីវកម្ម​ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ទីប្រជុំជន​ក្នុ​ស្រុក​ស្ទឹង​ហាវ ។

លោក ឆាយ សុគន្ធ​ដា បាន​បញ្ជាក់​ថា យោង​តាម​ស្មារតី​អង្គប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​៣០  វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​មាន​តំណាង​លោក គុ​ជ ម៉ុ​លី ម្ចាស់​សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ស្រុក​ស្ទឹង​ហាវ​ពី​មុន តំណាង​ក្រុមហ៊ុន​អាន​កូ​វ៉​ធឺ​រសឹប​ផ្លា​យ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត និង​យោង​ទៅ​តាម​លិខិត​លេខ ៧៣៩ MIH/2015 ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៥ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​បាន​សម្រេច​ប្រគល់​អាជ្ញាប័ណ្ណ​ថ្មី​ឱ្យ​ក្រុមហ៊ុន​អាន​កូ​វ៉​ធឺ​រសឹប​ផ្លា​យ បាន​ពង្រីក​បណ្តាញ​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ខ្លួន​ចូល​ទៅ​ទីប្រជុំជន​ស្រុក​ស្ទឹង​ហាវ គ្របដណ្តប់​ចំនួន​១០​ភូមិ ក្នុង​៣​ឃុំ គឺ​ភូមិ​១, ភូមិ​២, ភូមិ​៣ និង​ភូមិ​៤ ក្នុង​ឃុំ​អូរ​ត្រេះ​។ ភូមិ​១, ភូមិ​២, ភូមិ​៣, ភូមិ​៤, ក្នុង​ឃុំ​ទំនប់​រលក ។ ភូមិ​១, ភូមិ​២ ក្នុង​ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​តំបន់​នោះ ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ ។

លោក ឆាយ សុគន្ធ​ដា បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ហាវ​ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ​ទាំងមូល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិនិយោគ​នៃ​ការ​ពង្រីក​បណ្តាញទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ​វ៉​ធឺ​រសឹប​ផ្លា​យ ប៉ុន្តែ​ដោយ​យោង​ទៅ​តាម​លិខិត​របស់​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជម្រាប​មក​អគ្គនាយក​ក្រុមហ៊ុន​អាន​កូ​វ៉​ធឺ​រសឹប​ផ្លា​យ ត្រូវ​តែ​បន្ត​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ចាស់​តំណាង​ដោយ​លោក គុ​ជ ម៉ុ​លី ដើម្បី​រក​ដំណោះស្រាយ​ភាព​ឈ្នះ​=​ឈ្នះ ជាមួយ​គ្នា​ឱ្យ​បាន​សម​ស្រប ។

លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​នា​ពេល​កន្លង​មក​ថា ដោយសារ​តែ​កន្លង​មក ក្រុមហ៊ុន​គ្រប់គ្រង​ទឹក​ស្អាត នៅ​ស្រុក​ស្ទឹង​ហាវ របស់​លោក គុ​ជ ម៉ុ​លី តែងតែ​ទទួល​រង​នូវ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ហាវ​ថា នៅ​រដូវប្រាំង ការ​ផលិត​ទឹក​របស់​ក្រុមហ៊ុន​លោក គុ​ជ ម៉ុ​លី មិន​មាន​ភាព​ស្តង់ដា ទឹក​មាន​ក្លិនស្អុយ មិន​បម្រើ​ឱ្យ​បាន​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​មាន​តម្លៃ​ថ្លៃ ។ ហេតុ​ដូចនេះ​ទើប​ក្រសួង​សម្រេច​ផ្អាក​ការ​ផលិត​ទឹក​របស់​ក្រុមហ៊ុន​លោក គុ​ជ ម៉ុ​លី ហើយ​ប្រគល់​អាជ្ញាប័ណ្ណ​ថ្មី ជូន​ដល់​ក្រុមហ៊ុន​អាន​កូ​វ៉​ធឺ​រសឹប​ផ្លា​យ ជា​អ្នកគ្រប់គ្រង​បណ្តាញទឹក​ស្អាត នៅ​ស្រុក​ស្ទឹង​ហាវ​ជំនួស​វិញ ហើយ​ក្រុមហ៊ុន​អាន​កូ ត្រូវ​តែ​ជំរុញ​កា​រត​បណ្តាញ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខាងលើ​ឲ្យ​បាន​ឆាប់​ដើម្បី​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​សម​ស្រប់ និង​លក់​ក្នុង​តម្លៃ​សមរម្យ ដែល​ពលរដ្ឋ​អាច​ទទួលយក​បាន ៕