ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ត្រូវ​នគរបាល​ទប់ស្កាត់​ជិត​20​នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​សហការ​ជាមួយ​នគរ​ស្រុក​ម៉ា​ឡៃ (​ប៉ុស្តិ៍​បឹង​បេង​) និង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​815 (​ប៉ុស្តិ៍​ចំបក់​) បាន​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​18​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​8 ធ្នូ 2015 នៅ​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​។

ពលករ​ទាំង​18​នាក់​ខាងលើ​មាន​ស្រី​5​នាក់ កុមារ​3​នាក់ ហើយ​ពួក​គេ​ទាំងអស់​មក​ពី​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ វិធាន​ការណ៍​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ខាងលើ គេ​ឃើញ​ដឹកនាំ​ដោយ​លោក​អោ​ក សំ​ណុ​ក នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

ក្រុម​ពលករ​ក្រោយ​ទប់ស្កាត់​នគរបាល​បាន​ធ្វើការ​អប់រំ​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់ ហើយ​ណែនាំ​ឲ្យ​ងាក​ទៅ​ធ្វើ​ឯកសារ​ឆ្លង​ដែន​ដោយ​ស្របច្បាប់ តាម​ច្រក​ទ្វារ​អន្តរជាតិ ឬ​តំបន់​វិញ និង​ក្រោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែន​ខុសច្បាប់ សមត្ថកិច្ច​ក៏​ឲ្យ​ពលករ​ទាំងនេះ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​តែ​ម្តង​។

គួរ​បញ្ជាក់​ថា នៅ​ពេល​ដែល​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់​ត្រូវ​បាន​រឹត​បណ្តឹង​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ពលករ​បាន​នាំ​គ្នា​សម្រុក​ទៅ​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​ស្រុក​ជាប់​ព្រំប្រទល់​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ មួយ​ថ្ងៃ​ៗ​រាប់រយ​នាក់​៕