កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត APA លើក​ទី​8​ក្រោម​ប្រធានបទ «​ជំរុញ​សន្តិភាព ផ្សះផ្សា កិច្ច​សន្ទនា​»

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នៃ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ហៅ​កាត់​ថា APA បាន​លើកយក​ប្រធានបទ ជំរុញ​សន្តិភាព ផ្សះផ្សា និង​កិច្ច​សន្ទនា​គ្រប់​ភាគី ។

លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២ នៃ​សម័យប្រជុំ​ពេញអង្គ​សភា​តំបន់​អាស៊ី​នា​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ថា សម្រាប់​មហាសន្និបាត​លើក​ទី​៨ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បាន​លើកយក​ប្រធានបទ «​ការ​ជំរុញ​សន្តិភាព ការ​ផ្សះផ្សា និង​កិច្ច​សន្ទនា​ក្នុង​តំបន់​អាស៊ី​» ។ លោក​ថា​ប្រធានបទ​នេះ​មាន​សារសំខាន់ និង​សម​ស្រប បំផុត​ទៅ​នឹង​បរិបទ​តំបន់ និង​ពិភពលោក​បច្ចុប្បន្ន ។ ប្រធានបទ​មហាសន្និបាត​លើក​ទី​៨ នេះ​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​មូលបទ​នៃ​មហាសន្និបាត​លើក​ទី​៧ និង​ខ្លឹមសារ​នៃ​ប្រធានបទ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​នានា​របស់ APA  ។ ជា​រួម​សំដៅ​ទទួល​បាន​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី​ប្រកបដោយ​សន្តិវិធី​និង​ចៀស​ផុត​ពី​ការ​ប្រើប្រាស់​មធ្យោបាយ​ដែល​នឹង​ធ្វើ​ឲ្យ​អន្តរាយ និង​វិនាស​ហិនហោច​ដល់​សង្គម និង​ប្រទេស​ជាតិ ។

លោក​បញ្ជាក់​ថា កម្ពុជា​ចាត់​ទុក​សន្តិភាព  ការ​ផ្សះផ្សា និង​កិច្ច​សន្ទនា​ជា​កត្តា​សំខាន់​ចាំបាច់ និង​ជា​បុ​រេ​លក្ខខណ្ឌ​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស និង​សង្គម​ជាតិ​មួយ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ជឿនលឿន ប្រកបដោយ​និរន្តរភាព និង​ភាព​សុខដុមរមនា ។

ចំណែក​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) មាន​ប្រធានបទ​ជា​ច្រើន​ត្រូវ​ពិនិត្យ និង​ដាក់​ក្នុង​កិច្ចប្រជុំ​រួម​គ្នា ។ កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នេះ​មាន​សមាជិក​សភា​ជា​សមាជិក​APA មក​ចូលរួម​រហូត​ដល់​២២​ប្រទេស​។ លោក​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ប៉ះពាល់​ដល់​ដំណើរការ​កិច្ចប្រជុំ​នោះ​ទេ ព្រោះ​កិច្ចប្រជុំ​មហាសន្និបាត​ត្រូវ​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក៏​មាន​អ្នកចូលរួម​ពិភាក្សា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។ ទោះបី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ចូលរួម​ពិភាក្សា​ក្នុង​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​យ៉ាងណា​ក្តី លោក ឈាង វុន អះអាង​ថា ក្នុង​កិច្ចប្រជុំ​នេះ គ្មាន​សមាជិក​សភា​តំបន់​អាស៊ី​រូប​ណា​រំលឹក​ពី​សមាសភាព​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។

គួរ​បញ្ជាក់​ថា សភា​តំបន់​អាស៊ី មានឈ្មោះ​ពេញ​ថា Asian Parliamentary  Assembly (APA)​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦ នៅ​ឯ​មហាសន្និបាត​លើក​ទី​៧ នៃ​សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព ហៅ​កាត់​ថា AAPP និង​ជា​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​១ នៃ​សភា​តំបន់​អាស៊ី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តេ​អេ​រ៉​ង់ ។

ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៃ​សភា​តំបន់​អាស៊ី គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលបំណង​នៃ​ការ​ជំរុញ​នូវ​សុខ​សន្តិភាព និង​សមាហរណកម្ម សម្រាប់​តំបន់​អាស៊ី​ទាំងមូល ដោយ​ផ្អែក​លើ មូលដ្ឋាន​នៃ​ប្រព័ន្ធ​យុត្តិធម៌​ការ​ចែករំលែក និង​ស្មើភាព​គ្នា​នូវ​ស្ថេ​រ​ភាព​នៃ​ការ​អភិវឌ្ឍន និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ និង​ជិត​ស្និទ្ធ​ថែម​ទៀត សម្រាប់​សភា​ក្នុង​តំបន់​អាស៊ី ។

បច្ចុប្បន្ន​សភា​តំបន់​អាស៊ី​មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​៤២​ប្រទេស សមាជិក​អ្នក​សង្កេតការណ៍​ចំនួន​១៦​ប្រទេស ។ សភា​តំបន់​អាស៊ី​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​ជា​ប្រចាំឆ្នាំ ១​ដង​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​ទូទៅ​នៅ​ក្នុង​ខែវិច្ឆិកា ឬ​ខែធ្នូ ។

សមាជិក APA ទាំងអស់​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រ​តិ​ប​តិ្ត ស្រប​តាម​មាត្រា​១០​នៃ​ធម្មនុញ្ញ APA ហើយ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ត្រូវ​ធ្វើការ​ប្រជុំ​ពីរ​ដង​ក្នុង​១​ឆ្នាំ គឺ​លើក​ទី​១​ធ្វើ​ឡើង​អំឡុង​៣​ខែ មុន​សម័យប្រជុំ​ពេញអង្គ ៕