កិច្ចប្រជុំសភា​តំបន់​អាស៊ី​(APA)​បាន​លាតត្រដាង​យ៉ាងច្បាស់​ពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​

កិច្ចប្រជុំសភា​តំបន់​អាស៊ី​(APA)​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​លាតត្រដាង​យ៉ាងច្បាស់​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុជា ដោយសារតែ​កិច្ចប្រជុំ​នេះ​បាន​ជជែក​លើ​ប្រធានបទ​វប្បធម៌​សន្ទនា ខណៈដែល​គណបក្សកាន់អំណាច​នៅ​កម្ពុជា​បាន​បំផ្លាញចោល​នូវ​វប្បធម៌​សន្ទនា​រួចទៅហើយ​។ អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​ចំពោះ​ការបំផ្លាញ​វប្បធម៌​សន្ទនា ព្រោះ​រាល់​ទង្វើ​របស់​គណបក្ស​កាន់អំណាច គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​។

​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ក្នុង​កិច្ចប្រជុំសភា​តំបន់​អាស៊ី កាលពី​ថ្ងៃទី​០៧-០៨ ខែធ្នូ ឆ្នាំ​២០១៥ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការ​រលាយបាត់​នូវ​វប្បធម៌​សន្ទនា ព្រោះ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ទេ​។ ដូច្នេះ​សមាជិកសភា​នៃ​ប្រទេស​ទាំងឡាយ​ដែល​មក​ចូលរួម​កិច្ចប្រជុំសភា​អាស៊ី​លើក​ទី​៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បានដឹង​យ៉ាងច្បាស់​ពី​ការ​រលាយបាត់​នូវ​វប្បធម៌​សន្ទនា ហើយ​មានការ​សោកស្ដាយ​ចំពោះ​បញ្ហា​នេះ​ផងដែរ​។ អ្វីៗ​កើតឡើង​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គូប្រជែង​កាន់តែខ្លាំង​ឡើងៗ​ក្នុងខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងមាន​ប្រជាប្រិយភាព​។

ជុំវិញ​បញ្ហា​ខាងលើនេះ​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា កិច្ចប្រជុំសភា​តំបន់​អាស៊ី​ពិតជា​បានលើកឡើង​ពី​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នៅ​កម្ពុជា ក៏ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​គ្មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅក្នុង​កិច្ចប្រជុំ​នោះទេ​។ លោក យឹម សុវណ្ណ មានប្រសាសន៍​ទៀតថា កិច្ចប្រជុំសភា​តំបន់​អាស៊ី​មាន​សារៈសំខាន់​ខ្លាំងណាស់ ហើយ​ការមិន​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់បង្ហាញ​ឲ្យ​អន្តរជាតិ​ដឹងថា ប្រទេស​កម្ពុជា​កំពុង​ឈានទៅរក​គណបក្ស​តែមួយ​និង​បរិយាកាស​អាប់អួ​នៃ​ស្ថានភាព​នយោបាយ​កម្ពុ​ជាប​ច្ចុ​ប្បន្ន​។ មានន័យថា ការខាតបង់​នេះ​បង្កើត​ទៅជា​បរិយាកាស​អា​ប់​អួ កើត​នូវ​ភាពអវិជ្ជមាន​នៅក្នុង​ក្រសែភ្នែក​អ្នកការទូត ហើយក៏​បង្កើត​ភាពមន្ទិលសង្ស័យ​ចំពោះ​អ្នកវិនិយោគ​ក៏ដូចជា​ប្រទេស​នានា​។

អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា ការដែល​កិច្ចប្រជុំសភា​តំបន់​អាស៊ី​លើកឡើង​ពី​វប្បធម៌​សន្ទនា គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ព្រោះ​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​បាន​បំផ្លាញចោល​វប្បធម៌​សន្ទនា​រួចទៅហើយ​។ ការមិន​ចូលរួម​ប្រជុំ​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​រូប គឺជា​សក្ខីភាព​បង្ហាញថា​គណបក្សកាន់អំណាច​កំពុង​ធ្វើទុក្ខបុកម្នេញ​និង​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​ឧបករណ៍​របស់ខ្លួន​គំរាមកំហែង​គណបក្សប្រឆាំង​យ៉ាង​គឃ្លើន​។ បញ្ហា​ទាំងអស់នេះ​គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ព្រោះ​សភា​តំបន់​អាស៊ី​បានដឹង​ការពិត​អស់​ទៅហើយ​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​។ ប្រធានសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស លោក ឆា​លស៍ សាន់​ទី​យ៉ា​ហ្គោ ធ្លាប់​បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់ចោល​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី និង​ធានា​សុវត្ថិភាព ព្រមទាំង​សេរីភាព​ជូន​តំណាងរាស្ត្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៕

khada0096 khada0094 khada0095