សមាគម អ្នកវាយតម្លៃអាស៊ាន សរសើរ ភាពរីកចម្រើន វិស័យអចលទ្រព្យ នៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Dewi Sri Umi អគ្គលេខាធិការ នៃសមាគមអ្នកវាយតម្លៃអាស៊ាន(AVA) បានសម្ដែងនូវភាព ភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពរីកចម្រើន លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ពិសេសវិស័យអចលទ្រព្យ ដែលកំពុងរីកលូតលាស់ យ៉ាងលឿន ស្ទើរមិនគួរឲ្យជឿ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។

លោកស្រី Dewi Sri Umi បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបែបនេះ ក្នុងកិច្ចប្រជុំមួយ ដែលរៀបចំដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥។ លោកស្រីបានលើកឡើងថា លោកស្រីមិនធ្លាប់បានដឹងពីភាពរីកចម្រើនខ្លាំង ក្នុងប្រទេសកម្ពុជានោះទេ តែអ្វីដែលលោកស្រីដឹង គឺជារឿងអវិជ្ជមានទៅវិញ ។

ជាមួយការមកដល់កម្ពុជាលើកដំបូងនេះ លោកស្រីបានថ្លែងថា «ការទទួលបានព័ត៌មានថា កម្ពុជាគ្មានការអភិវឌ្ឍន៍ និងគ្មានភាពរីកចម្រើន ពីមុនមកជារឿងខុសទាំងអស់ ព្រោះការពិតកម្ពុជា មានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ដែលអាចប្រកួតប្រជែង ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងបណ្ដាប្រទេសលើពិភពលោកបាន ។ ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ ពិសេសសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជា ដែលបានសហការគ្នាជំរុញ ឲ្យវិស័យអចលនទ្រព្យកម្ពុជារីកចម្រើនបែបនេះ» ។

ដោយឡែកលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជា(CVEA) និងជាប្រធានសមាគមអ្នក វាយតម្លៃអាស៊ាន បានមានប្រសាសន៍ថា ស្របពេលកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសមាគម អ្នកវាយតម្លៃអាស៊ាន ឆ្នាំ២០១៦ នៅពាក់កណ្ដាលឆ្នាំក្រោយ លោកបានអញ្ជើញលោកស្រី Dewi Sri Umi មកកម្ពុជា ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលលោកស្រីធ្លាប់ធ្វើការ ក្នុងសមាគមអ្នកវាយតម្លៃអាស៊ាន ដល់សមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជា ។

លោកបន្តថា  ការបង្ហាញវត្តមានលើកដំបូងនៅកម្ពុជានេះ សមាជិក CVEA នឹងទទួលបានចំណេះដឹងល្អៗ ជាច្រើនពីលោកស្រី Dewi Sri Umi ព្រោះគាត់ជាមនុស្សម្នាក់ មានបទពិសោធន៍ការងារ និងមានទំនាក់ទំនងអន្ដរជាតិច្រើនលើវិស័យអចលនទ្រព្យ ។ ហេតុនេះលោករំពឹងថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំសមាគម អ្នកវាយតម្លៃអាស៊ាន នៅឆ្នាំ២០១៦ នឹងទទួលបានជោគជ័យជាមិនខាន បន្ទាប់ពីសមាជិកសមាគម ទទួលបានពិសោធន៍ពីលោកស្រីហើយនោះ ។

ជាមួយគ្នានោះលោក គីម ហ៊ាង ក៏បានបញ្ជាក់ភាពរីកចម្រើនក្នុងរយៈពេលជាង ៣ខែ ដែលលោកជាប់ឆ្នោត ធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនាវត្ថុកម្ពុជាផងដែរ ។ លោកលើកឡើងថា បច្ចុប្បន្នសមាគមបានអូសទាញសមាជិកជាច្រើន ដែលមិនធ្លាប់ចូលរួមពីមុន មកឲ្យចូលរួមជាមួយសមាគមវិញ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យអចលទ្រព្យ ក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើន និងដើម្បីប្រកួតប្រជែង ជាបណ្ដាប្រទេសផ្សេងៗលើពិភពលោក ៕

សមាគម អ្នកវាយតម្លៃអាស៊ាន សរសើរ ភាពរីកចម្រើន វិស័យអចលទ្រព្យ នៅកម្ពុជា

សមាគម អ្នកវាយតម្លៃអាស៊ាន សរសើរ ភាពរីកចម្រើន វិស័យអចលទ្រព្យ នៅកម្ពុជា

សមាគម អ្នកវាយតម្លៃអាស៊ាន សរសើរ ភាពរីកចម្រើន វិស័យអចលទ្រព្យ នៅកម្ពុជា