CNRP មិនចាប់អារម្មណ៍ គណបក្សលោកម៉ម សូណង់ដូ ដែលកំពុងមានសកម្មភាព យ៉ាងផុសផុល

ភ្នំពេញ៖ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថា គណបក្សរបស់លោកមិនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៅលើ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូឡើយ បើទោះបីជាគណបក្សមួយនេះ កំពុងមានសកម្មភាពយ៉ាងរស់រវើក ក្នុងចំណោមគណបក្ស ដែលទើបតែបង្កើតឡើងថ្មីជាច្រើនក៏ដោយ។

គណបក្សលោកម៉ម សូណង់ដូ ត្រូវបានគេមើលឃើញថា បច្ចុប្បន្ននេះ មានសកម្មភាពច្រើនជាងមុន ខណៈសមាជិក និងសកម្មជន គណបក្សសង្រ្គោះជាតិ បានមកចុះចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយ។

ជាពិសេស លោក អ៊ុក ស៊ុយ អតីតសមាជិកគណៈកម្មាធិការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ បែរជាមកចុះចូលជាមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យវិញ ហើយតំណែងរបស់លោក ក្នុងបក្សថ្មីនេះអាចក្លាយជាអគ្គលេខាធិការបក្ស។

លោក អេង ឆៃអ៊ាង បានថ្លែងនៅចំពោះអ្នកគាំទ្រនៅទី ស្នាក់ការកណ្តាល នៅភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ធ្នូថា “សំបុកឃ្មុំ (គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ) អីហ្នឹង ចៃហ្នឹង កុំចាប់អារម្មណ៍  គេបង្កើតជារឿងរបស់គេ ប៉ុន្តែយើងបើចង់ឲ្យមានការផ្លាស់ប្តូរ ចង់ឲ្យស្រុកយើងមានការរៀបចំឡើងវិញ ទាល់តែមកសង្រ្គោះជាតិ។ បើសន្លឹកឆ្នោតយើងមួយសន្លឹក ទៅដាក់ឲ្យអាតូចតាច អាប៉ិកអាប៉ុកហ្នឹង ដូចជាយើងទៅបោះចោលសន្លឹកឆ្នោតអីចឹង”។

សូមបញ្ជាក់ថា គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នឹងរៀបចំធ្វើសមាជវិសាមញ្ញ ជាថ្មីម្ដងទៀត នៅថ្ងៃសៅរ៍ ទី ១២  ធ្នូ បន្ទាប់ពីសមាជលើកទី១ ថ្ងៃទី៩ កញ្ញា។សមាជខាងមុខ នឹងមានកាចូលរួមពីមន្រ្តី គណបក្សសង្រ្គោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនយោបាយផ្សេងៗទៀត ប្រហែលជា៣០០នាក់។

អតីតសមាជិកគណៈកម្មាធិការនាយក និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែង ចេញពីគណបក្សប្រឆាំង ដោយចោទប្រកាន់ថា បក្សនេះមានបក្សពួកនិយម និងភាពអយុត្តិធម៌កើនមានច្រើន៕

CNRP មិនចាប់អារម្មណ៍ គណបក្សលោកម៉ម សូណង់ដូ ដែលកំពុងមានសកម្មភាព យ៉ាងផុសផុល

CNRP មិនចាប់អារម្មណ៍ គណបក្សលោកម៉ម សូណង់ដូ ដែលកំពុងមានសកម្មភាព យ៉ាងផុសផុល