ពលការិនីខ្មែរ ៤នាក់ ជួបការលំបាក ក្នុងការងារនៅម៉ាឡេស៊ី អាជ្ញាធរ បានជួយអន្តរាគមន៍ ឲ្យវិលមកស្រុក កំណើតវិញ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរ រងគ្រោះចំនួន ០៤រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុង ការងារ ឲ្យបានវិល ត្រឡប់មក កម្ពុជាវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

ពលការិនីខ្មែរទំាង៤រូប ដែលត្រូវបានទូតខ្មែរនៅម៉ាឡេស៊ីជួយអន្តរាគមន៍នោះ រួមមាន ទី១.កន សុខជា អាយុ ៣២ឆ្នាំ នៅភូមិអណ្ដូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ទី២.ម៉េន ឈុនអ៊ី អាយុ ១៦ឆ្នាំ នៅភូមិអណ្ដូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពលការិនី  កន សុខជា និងម៉េន ឈុនអ៊ី បានទៅធ្វើការខុសច្បាប់តាមផ្ទះនៅប្រទេស ម៉ាឡេស៊ី តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៥ និង បានមកស្ថាន ទូតនៅថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ ២០១៥ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនីទាំង០២រូបនេះ  នឹងមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៧: ៥០ នាទី ព្រឹក តាមជើង យន្តហោះ AK ៥៣៦, ទី៣.មាស វី  អាយុ ២៨ ឆ្នាំ នៅភូមិបុសញ៉េញ ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីខែកញ្ញា ឆ្នាំ ២០១៥។ ពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK ៥៣៦ និងទី៤.អែម ពឿយ អាយុ៣៣ ឆ្នាំ នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានទៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន (មិនចាំឈ្មោះ) ធ្វើការផ្នែកសេវាកម្មជូតសំអាត តាំងពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥។ ពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK ៥៤២ ។

សូមបញ្ជាក់ កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូប ចុកជូនដល់ ពលការិនីទំាង០៤រូប៕