Mourinho៖ Abramovich ​ដឹង​ថា​ ខ្ញុំ​​ល្អ​បំផុត​សម្រាប់​ Chelsea

Mourinho៖ Abramovich ​ដឹង​ថា​ ខ្ញុំ​​ល្អ​បំផុត​សម្រាប់​ Chelsea

Jose Mourinho បាន​លើក​ឡើង​ថា ម្ចាស់​​ក្លិប​ Chelsea លោក​ Roman Abramovich ​នៅ​តែ​គិត​ថា លោក​ជា​បុរស​ដ៏​ល្អ​បំផុត ​ដើម្បី​ដឹក​នាំ​ក្រុម​តោ​ខៀវ​បន្ត​ទៀត។

 

Mourinho៖ Abramovich ​ដឹង​ថា​ ខ្ញុំ​​ល្អ​បំផុត​សម្រាប់​ Chelsea

 

Chelsea បាន​ចាញ់​៨​ដង​ហើយ គិត​ត្រឹម​១៥​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ និង​លើក​ចុង​ក្រោយ​ចាញ់​ក្រុម​ទើប​ឡើង​មក​ថ្មី​ Bournemouth ​១-០ នៅ​ Stamford Bridge ​ទៀត ​កាល​ពី​យប់​ថ្ងៃ​​សៅរ៍ ធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ ធ្លាក់​ទៅ​ឈរ​ដល់​ចំណាត់​ថ្នាក់​​លេខ​១៤​បច្ចុប្បន្ន។

 

​ក្រុម​របស់​លោក​ Mourinho ​នឹង​ត្រូវ​​ស្វាគមន៍​ក្រុម​ FC Porto ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​តាម​ពូល ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​នៅ​យប់​នេះ ហើយ​បើ​ចាញ់​ Chelsea នឹង​ធ្លាក់​ចេញ​ពី​រង្វាន់​កំពូល​អឺរ៉ុប។

 

​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ក៏​បាន​រង​​សម្ពាធ​ជា​ច្រើន​ផង​ដែរ ដោយសារ​មាន​ពាក្យ​ចចាមអារ៉ាម​​ថា តំណែង​របស់​លោក​អាច​នឹង​បាត់​បង់។ ប៉ុន្តែ​យ៉ាង​ណា ​Mourinho នៅ​តែ​ជឿ​ជាក់​ថា លោក​ Abramovich ​នឹង​មិន​ទាន់​ចង់​ផ្លាស់​ប្ដូរ​តំណែង​របស់​លោក​ទេ​នៅ​ពេល​នេះ។

 

“ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ធ្វើ​អ្វីៗ​ល្អ​គ្រប់​គ្រាន់​​សម្រាប់​ក្លិប​ ​ដើម្បី​ឲ្យ​ម្ចាស់​ក្លិប​ដឹង​ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន។ ខ្ញុំ​គិត​ថា​ ម្ចាស់​ក្លិប​មិន​មែន​ជា​មនុស្ស​​ម្នាក់ ដែល​ចង់​ផ្លាស់ប្ដូរ​អ្វី​មួយ​ដូច​ខ្យល់​ទេ។ ​ខ្ញុំ​ដឹង​ថា ពេល​នេះ​ខ្យល់​ហាក់​ដូច​ជា​ខ្លាំង​បន្តិច ព្រោះ​តែ​លទ្ធផល​ Premier League ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ផង​ដែរ​ថា គាត់​មាន​អារម្មណ៍​ថា ខ្ញុំ​គឺ​ល្អ​បំផុត​សម្រាប់​ក្លិប”។ អ្នកចាត់ការ​រហស្សនាម “Special One” បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាល​ពី​ម្សិល​មិញ៕

 

-ចុចអាន៖ Mourinho ចង់ឲ្យ Arsenal ធ្លាក់​ចេញ​ពី Champions League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal