ថៃ​បញ្ជូន​ពលករ​​ខ្មែរ​ខុស​ច្បាប់​មកវិញ​រាប់ពាន់នាក់​

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​​បញ្ជូន​តាម​រថយន្ត​ទ្រុង​ពី​ប្រទេស​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​នៅ​តែ​មាន​កម្រិត​នៅ​ឡើយ​ ​បើ​ទោះជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ (កម្ពុជា​-​ថៃ​) បាន​យោគយល់​គ្នា​​សម្រួល​​លើ​​ឯកសារ​នៃ​ការ​ឆ្លង​ដែន​ទៅ​វិញ​​ទៅ​មក ​ដល់​ពលរដ្ឋ​ដូច​ជា​ប័ណ្ណ​ស៊ី​ជម្ពូ​, ​ប័ណ្ណ​ឆ្លង​ដែន​ (Borderpass) ក៏​​ដោយ​។

​​មន្ត្រី​បម្រើ​​ការងារ​នៅ​ទីតាំង​ទទួល​ពលករ​​ក្នុងភូមិ​ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​​ប្រាប់​ថា​ ចំនួន​ពលករ​សរុប​ក្នុង​ខែ​វិច្ឆិកា​​​មាន​ការ​ថយ​ចុះ​តិចតួច​ បើ​ប្រៀបធៀប​ទៅ​និង​ខែតុលា​ ឆ្នាំ២០១៥ ​ដូច​គ្នា​ ។ មន្ត្រី​ខាងលើ​បន្ត​ថា​ ពលករ​​សរុប​ក្នុង​ខែវិច្ឆិកា ​មាន​ចំនួន​​4164​នាក់​ ក្នុង​នោះ​មាន​ស្ត្រី1308​នាក់​ និង​កុមារ​440​នាក់​ ។

មន្ត្រី​ខាងលើ​បន្ត​ទៀត​ថា​ សម្រាប់​ពលករ​ក្នុង​ខែតុលា​ឆ្នាំ​២០១៥​ដូច​គ្នា ​មាន​ចំនួន4417​នាក់​ ។ ទោះជា​យ៉ាងណា​ ចំនួន​ពលករ​ខុសច្បាប់​ ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខែតុលា​ និង​វិច្ឆិកា ​គេ​គិត​ថា ​មានការ​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ដែរ ​បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​មុន​ៗ ​ក្នុង​ឆ្នាំ​២០១៥​ដូច​គ្នា ​ព្រោះ​ចំនួន​ពលករ​សរុប​ក្នុង​ខែកញ្ញា​មាន​រហូត​ដល់​ទៅ6706​នាក់​ឯណោះ ។