ខឹង​ប្តី​ និង​កូន​ចុះ​ចោល​ ​​គំរាម​ចាក់សាំងដុត​ផ្ទះ​បង​ថ្លៃ ​ត្រូវ​ប្រជា​ការ​ពារ​ឃាត់ខ្លួន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដោយ​សារ​ខឹង​ប្តី និង​កូន២នាក់​ចុះ​ចោល​ទៅ​រស់​នៅ​ផ្ទះ​បង​ថ្លៃ​បាន​ផ្ទុះ​កំហឹង​យក​សាំង​មួយ​លីត្រ​មក​គំរាម​ចាក់​ដុត​ផ្ទះ​បង​ថ្លៃ​ចោល តែ​មិន​បានសម្រេច​ត្រូវ​ប្រជា​ការ​ពារ​ឃាត់ខ្លួន​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ធ្នូ នេះ នៅ​ភូមិ​មិត្ត​ភាព​ សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ​។

ស្ត្រី​បង្ក​ឈ្មោះ​ស៊ឹម មនោរម្យ ហៅ​ភ័ក្ត្រ​ អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់​តុ ស្នាក់​នៅ​ផ្ទះ​លេខ​៩៧២ តាម​ផ្លូវ​រថ​ភ្លើង​ ស្ថិត​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ ចំណែក​ប្តី​ឈ្មោះ​ហ៊ូវ វហ៊ុន ហៅ​កុយ អាយុ​៣៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប មាន​កូន​២​នាក់​ ប្រុស​១ ស្រី​១។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២នាក់​ប្តី​ប្រពន្ធ​ខាង​លើ​បាន​គ្នា​​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ មានកូន​២​នាក់ កូន​ប្រុសបង​អាយុ​១៥​ឆ្នាំ និង​កូន​ស្រី​អាយុ១៤​ឆ្នាំ ។ ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​ប្រពន្ធ​ផឹក​ស្រាវ​ខួប​រាល់​ថ្ងៃ​និយាយ​មិន​ស្តាប់​ និង​ចេះ​តែ​រក​រឿង​ប្តី និង​កូន​ខ្លាំង​ពេក ប្តី​ក៏​បាន​សម្រេច​ចិត្ត​ចុះ​ចោល​ផ្ទះ​នាំ​កូន​ទៅ​រស់​នៅ​ផ្ទះ​បង​ថ្លៃ​ឈ្មោះ​ចាន់ សុធា អាយុ​៤៦​ឆ្នាំ ។

នៅ​ព្រឹក​មិញ​នេះ ស្ត្រី​ជា​ប្រពន្ធ​បាន​មកផ្ទះ​​បង​ថ្លៃ​រក​រឿង​ទាម​ទារ​ឱ្យ​ប្តី​ និង​កូន​ទៅ​រស់​នៅ​ជួប​ជុំ​គ្នា​វិញ​ តែ​ប្តី​មិន​ព្រម​ទៅ​​ក៏​ទិញ​សាំង​មួយ​ដប​មក​ប្រុង​ចាក់​ដុត​ផ្ទះ​បង​ចោល​ ក៏​ត្រូវ​ប្រជា​ការ​ពារ​ឃាត់ខ្លួន​តែ​ម្តង​។

បន្ទាប់​ពី​ឃាត់​ខ្លួន​ ស្ត្រី​ជាប្រពន្ធ​បាន​ទាម​ទារ​ឱ្យ​ប្តី​មក​លែង​លះ​គ្នា​ឱ្យ​ដាច់​ស្រេច ចំណែក​កូន​ទាំង២នាក់​ក៏បាន​ផ្តិត​មេ​ដៃ​ឈប់​ទទួល​ស្គាល់​ម្តាយ​ហើយដែរ៕