មេ​ព្រៃ​ចុះបង្ក្រាប​​ទីតាំង​ជួញ​ដូរ​សត្វ​ស្លាប​បានប្រមាណ​២០០ក្បាល

ខេត្តបន្ទាយមានជ័យ ៖ មេព្រៃ​ចុះ​បង្ក្រាប​ទីតាំង​ជួញ​សត្វ​ស្លាប​បាន​ប្រមាណ​២០០​ក្បាល​ កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​យប់​ថ្ងៃ​ទី​០៩​ ធ្នូ ​២០១៥ ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ភ្នំ​តូច ​ស្រុក​មង្គល​បុ​រី ​។

លោក អ៊ុ​ក ហុ​កថា​វ​រៈ នាយ​សង្កាត​រដ្ឋបាល​ព្រៃឈើ​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ​ក្រោយ​ពេល​ដែល​ធ្វើការ​ស្រាវជ្រាវ​ទទួល​មុខ
សញ្ញា​​អ្នក​ជួញដូរ​សត្វ​ស្លាប​ហើយ​ ​បាន​ចុះ​បង្ក្រាប​រឹបអូស​បាន​សត្វ​ស្លាប​ចម្រុះ​​ប្រមាណ​ជាង​២០០​ក្បាល ​ភាគច្រើន​សត្វ​ស្លាប​ត្របក​ត្រពាំង​។

លោក​បាន​បញ្ជាក់​ថា​ ​ទីតាំង​ដែល​បង្ក្រាប​នៅ​ព្រៃ​ប្ញស្សី​ក្រោយ​ផ្ទះ​ប្រមាណ​ជា​១០០​ម៉ែត្រ​ ដែលមាន​​រោមសត្វ​២​កន្លែង​​ ​​និង​ឆ្នាំង​ដាំទឹក​ក្តៅ​បោច​សត្វ​ និង​កៅ​អីជ័រ​អង្គុយ​បោចរោម​សត្វ​ជាង​១០​ ។

លោក ប៊ូ វ​ណ្ណៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា​ ​ក្រោយ​ពេល​ដែល​ចុះ​បង្ក្រាប​ទី​តាំ​ជួញដូរ​​សត្វ​ស្លាប​ឃើញ​សកម្មភាព​នេះ​ ជួញដូរ​សត្វ​ស្លាប​ជិត​១​ឆ្នាំ​ហើយ ។ នៅ​ពេល​ចុះ​បង្ក្រាប​ ឈ្មួញ​រត់គេច​​​ខ្លួន​អស់ ​នៅ​សល់​សត្វ​ស្លាប​​ដែល​បោច​ហើយ​និង​មិន​ទាន់​បោច​ភាគច្រើន ​។ ​ទោះជា​ការ​ចុះ​បង្ក្រាប​ចាប់​មិន​បាន​អ្នក​ជួញដូរ​រត់គេច​ខ្លួន​អស់​ មន្ត្រី​ជំនាញ​បាន​ណែនាំ​អប់រំ​ដល់​អ្នក​ជិត​ខាងឱ្យ​​បញ្ឈប់​ការ​ជួញដូរ​សត្វ​ស្លាប​ជា​អំពើ​ល្មើស​ និង​ច្បាប់ ​។ លោក​បាន​បញ្ជាក់​ថា​ ​សត្វ​ស្លាបដែល​ឈ្មួញ​ជួញដូរ​ក្រោយ​ពេល​បោច​ហើយ​​យក​ទៅ​ដាក់​ម៉ូយ​តាម​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​។

ចំពោះ​សត្វ​ស្លាប​ដែល​បង្ក្រាប​បាន​ប្រមាណ​ជាង​២០០​ក្បាល​ ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​កប់​ចោល ​៕