សំណុំរឿង​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​ថ្វាយ​ដល់​ព្រះមហាក្សត្រ ខណៈ​លោក សម រ​ង្ស៊ី ថា​ជា​កំប្លែង​នយោបាយ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា សំណុំរឿង​របស់ លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​នា​ពេល​កន្លងមក បាន​បញ្ជូន​ទៅ​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ហើយ ។ ការ​អះអាង​របស់​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ទាក់ទិន​នឹង​ការ​ដក​អភ័យឯកសិទ្ធិ ពី​សមាជិក​រដ្ឋសភា និង​ដីកា​តុលាការ​របស់​លោក សម រ​ង្ស៊ី ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យ​ដឹង​នា​ថ្ងៃ​ទី​៧ ធ្នូ ថា បញ្ហា​របស់​លោក សម រ​ង្ស៊ី មិនមែន​ជា​អ្នកទោស​នយោបាយ​នោះ​ទេ ព្រោះ​ត្រូវ​បាន​ស្ថាប័ន​កំពូល​រដ្ឋសភា បាន​ដក​អភ័យឯកសិទ្ធិ ហើយ ស្ថាប័ន​តុលាការ​បាន​ដាក់ទោស​គាត់ ។ ជាង​នេះ រាល់​សំណុំរឿង​របស់​គាត់​មិនមែន​ត្រូវ​បាន​ធ្វើ​តែ​មាត់​នោះ​ទេ គឺ​បាន​ផ្ញើ​បញ្ជូន​ទៅ​ព្រះមហាក្សត្រ​ទៀត ។

លោក​បញ្ជាក់​ថា សំណុំរឿង​លោក សម រ​ង្ស៊ី មិនមែន​ដក​តែ​មាត់​នោះ​ទេ ដក​តាម​នីតិវិធី​រដ្ឋសភា​ជាតិ ហើយ​អនុវត្ត​តាម​កាតព្វកិច្ច​យុត្តិធម៌​របស់​តុលាការ ដែល​ជា​ស្ថាប័ន​របស់​ជាតិ ។ តុលាការ​បាន​ដាក់ទោស​អ្នកតំណាង​រាស្ត្រ​នោះ​ហើយ ហើយ​ទោស​នោះ​មិនមែន​ជា​ទោស​នយោបាយ ឬ​ទោស​ផ្សេង​ៗ​ទៀត​ទេ គឺជា​ទោស​បរិហារកេរ្តិ៍ មាក់ងាយ​ជា​សាធារណៈ ។ ដូច្នេះ​ស្ថាប័ន​តុលាការ​បាន​ដាក់ទោស បន្ទាប់​ពី​សភា​ដក​អភ័យឯកសិទ្ធិ​គាត់ អាស្រ័យ​ហេតុនេះ​ហើយ គាត់​គ្មាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​ទៀត​ឡើយ ។

លោក សម រ​ង្ស៊ី មេ​បក្ស​ជំទាស់ បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក កាលពី​ថ្ងៃ​ទី​៦ ធ្នូ ថា សំណុំរឿង​របស់​លោក ជា​រឿង​កំប្លែង​បែប​នយោបាយ ។ លោក​បញ្ជាក់​ថា «​កាលពី​ថ្ងៃ​ទី ៥ សីហា ឆ្នាំ​២០១៤ ខ្ញុំ​បាន​ទៅ​ចូលរួម​ពិធី​សច្ចា​ប្រណិត​ធាន​នៅ​ព្រះ​បរមរាជវាំង មុន​នឹង​ចូល​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត ។ ពិធី​សច្ចា​ប្រណិត​ធាន​នោះ បាន​ធ្វើ​ឡើង​ក្រោម​ព្រះ​រាជាធិបតី​នៃ​ព្រះមហាក្សត្រ ហើយ​ក៏​មាន​វត្តមាន​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​តុលាការ​កំពូល និង​ប្រធាន គ​.​ជ​.​ប​. ផងដែរ ។

ឥស្សរជន​កំពូល​ទាំង​អស់នោះ ជា​តំណាង​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​វិស័យ​ទូ​ទាំង​ប្រទេស បាន​ទទួលស្គាល់​ខ្ញុំ​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត តាម​រយៈ​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ពិធី​សច្ចាប្រណិធាន​ជា​ឱឡារិក ។ ប៉ុន្តែ​វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល ចំពោះ​ការ​អះអាង​របស់​តុលាការ និង​រដ្ឋសភា កាលពី​ពេល​ថ្មី​ៗ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា ខ្ញុំ​មិន​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ទេ ពីព្រោះ​ខ្ញុំ​ជា «​ទណ្ឌិត​» តាំងពី​យូរ​ឆ្នាំ​មក​ហើយ ។ បែប​នេះ គឺជា​ការ​អះអាង​យ៉ាង​ងងើល ដែល​ប្រមាថ​មាក់ងាយ​ឥស្សរជន​កំពូល​ៗ​ទាំងអស់ ដែល​បាន​ចូលរួម​ពិធី​សច្ចាប្រណិធាន កាលពី​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤ នោះ !» ។

សូម​រំឭក​ថា កាលពី​ពេល​កន្លង​មកនេះ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សកាន់អំណាច អះអាង​ថា រាល់​សំណុំរឿង​របស់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ តែ​ជា​រឿង​ឯកជន​ផ្ទាល់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​រឿង​បរិហារកេរ្តិ៍ ។ ចំណែក​អ្នកនាំពាក្យ​គណបក្សជំទាស់​វិញ បាន​បដិសេធ ដោយ​ចាត់​ទុក​ថា សំណុំរឿង​របស់​លោក សម រ​ង្ស៊ី ជា​រឿង​នយោបាយ​សុទ្ធសាធ ។

ទាក់ទិន​នឹង​សំណុំរឿង​របស់​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឱ្យ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​កើន​កម្តៅ​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​លើក​ឡើង​ថា កើតឡើង​ពី​ការ​មិន​យល់ចិត្ត​គ្នា  និង​ចង់បាន​ប្រជាប្រិយភាព​ដើម្បី​ឱ្យ​ម្ចាស់​ឆ្នោត​បោះ​ឆ្នោត​ឱ្យ​នៅ​ពេល​ខាង​មុខ​នេះ ។ បញ្ហា​នេះ​ត្រូវ​បាន​អ្នកវិភាគ​យល់​ថា ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ជំទាស់ ត្រូវ​ប្រើ​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​ធូរស្រាល​ឡើង​វិញ ៕