ធនាគារពិភពលោក​៖ ប្រជាជន​កម្ពុជា ៤​ភាគរយ មាន​អាយុ​ចាស់​ជាង ៦៥ ឆ្នាំ​

ភ្នំពេញ: របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​អាយុ​ក្មេង​ជាងគេ និង​ក្រីក្រ​ជាងគេ ដូចជា ឡាវ និង​ប៉ា​ពូ​ញូ​ហ្គី​នី គឺមាន​តែ ៤​ភាគរយ​ប៉ុណ្ណោះ នៃ​ប្រជាជន​របស់ខ្លួន មាន​អាយុ​ចាស់​ជាង ៦៥​ឆ្នាំ​។ ក៏ប៉ុន្តែ​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ឡាវ និង​ប៉ា​ពូ​ញូ​ហ្គី​នី នឹង​ចាប់ផ្តើម​ឈានចូល​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស នៅក្នុង​រយៈពេល​ពី ២០ ទៅ ៣០ ឆ្នាំ​ខាងមុខ​។​

​របាយការណ៍ បាន​លើកឡើងថា ល្បឿន​នៃ​ភាព​ឈានចូល​វ័យ​ចំណាស់ មាន​ភាពខុសគ្នា​ទៅតាម​ប្រទេស​នីមួយៗ​។ ប្រទេស​អ្នកមាន ដូចជា ជប៉ុន សឹង្ហ​បូរី និង​កូរ៉េខាងត្បូង​ដែលមាន “​មនុស្ស​ចាស់​ច្រើនជាងគេ​” គឺ​១៤​ភាគរយ ឬ​ច្រើនជាង​នេះ នៃ​ប្រជាជន​របស់ខ្លួន បាន​ឈាន​ចូលដល់​អាយុ​យ៉ាងតិច ៦៥​ឆ្នាំ រួចទៅហើយ​។ ចំណែក​បណ្តា​ប្រទេស កំពុង​អភិវឌ្ឍ ដែលមាន​ប្រាក់ចំណូល​មធ្យម ដូចជា ចិន ថៃ និង​វៀតណាម កំពុង​ឈានចូល​វ័យ​ចំណាស់​យ៉ាង​លឿន និង​ជួប​នូវ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​មួយចំនួន ក្នុងការ​គ្រប់គ្រង​ការឈាន​ចូល​វ័យ​ចំណាស់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ធនាគារពិភពលោក លើកឡើងថា តម្រូវការ​គោលនយោបាយ​សម្រាប់​ពី​ចាប់កំណើត​ដល់​ស្លាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​នៃ​កម្លាំង​ពលកម្ម និង​ចំណាយ​សាធារណៈ​ខ្ពស់​ក្នុងការ​កើនឡើង​យ៉ាង​លឿន​នៃ​មនុស្ស​វ័យ​ចំណាស់​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ​តំបន់​ដែលមាន​ប្រជាជន​ឈានចូល​វ័យ​ចំណាស់​លឿន​ជាងគេ​បំផុត នៅលើ​ពិភពលោក មាន​ចំនួន​ច្រើនជាង ២១១​លាន​នាក់ មាន​អាយុ​លើស ៦៥​ឆ្នាំ​។​

​សេចក្តីប្រកាស លើកឡើងថា យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក​បាន​ឲ្យ​ដឹងថា ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​បូព៌ា កំពុងតែ​ចាប់ផ្តើម​មាន​វ័យ​ចំណាស់​លឿន​ជាង​ប្រជាជន​នៅក្នុង​តំបន់​ដទៃទៀត នៅក្នុង​អតីតកាល ហើយ​ប្រទេស​ដែលមាន​ចំណូល​មធ្យម និង​ប្រទេស​អ្នកមាន អាច​នឹង​បាត់បង់​មនុស្ស ដែលមាន​អាយុ​អាចធ្វើ​ការ​បាន ចំនួន ១៥​ភាគរយ នៅត្រឹម​ឆ្នាំ​២០៤០​។​

​របាយការណ៍ ដែលមាន​ចំណងជើង​ថា "​រស់នៅ​បាន​អាយុ​វែង និង​បាន​ថ្កុំថ្កើង​៖ ការឈាន​ចូល​វ័យ​ចំណាស់ នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​" បាន​រកឃើញថា ៣៦ ភាគរយ​នៃ​ប្រជាជន​នៅលើ​ពិភពលោក ដែលមាន​អាយុ ៦៥​ឆ្នាំ និង​លើស​នេះ ឬ​ប្រជាជន​ចំនួន ២១១ លាន​នាក់ កំពុង​រស់នៅក្នុង​តំបន់​អាស៊ី​បូព៌ា ដែល​នេះ ជា​ចំនួន​មួយ​ច្រើនជាងគេ​បំផុត ធៀប​ទៅក្នុង​តំបន់​ទាំងអស់​។ នៅត្រឹម​ឆ្នាំ ២០៤០ កំណើន​នៃ​ការឈាន​ចូល​វ័យ​ចំណាស់​របស់​មនុស្ស អាចធ្វើ​ឲ្យ​ចំនួន​មនុស្សពេញវ័យ​ដែល​អាចធ្វើ​ការ​បាន នឹង​ថយចុះ​ច្រើនជាង ១៥ ភាគរយ​នៅក្នុង​ប្រទេស​កូរ៉េ និង​ច្រើនជាង ១០​ភាគរយ នៅក្នុង​ប្រទេស​ចិន ថៃ និង​ជប៉ុន​។ សម្រាប់តែ​ប្រទេស​ចិន​តែមួយ នឹង​អាច​បាត់បង់​ពលករ​ចំនួន ៩០​លាន​នាក់​។​

​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ភាព​ឈានចូល​វ័យ​ចំណាស់​នៅក្នុង​តំបន់​អាស៊ី​បូព៌ា បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​ច្រើន​ផ្នែក​គោលនយោបាយ គំនាប​ផ្នែក​សេដ្ឋកិច្ច​និង​សារពើពន្ធ និង​ហានិភ័យ​សង្គម​។ ឧទាហរណ៍ ប្រសិនបើ​មិន​ធ្វើកំណែទម្រង់​ទេ ប្រាក់​សោធន​ដែល​ត្រូវ​ចំណាយ​នៅក្នុង​តំបន់​នេះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើង​ដល់​ពី ៨ ទៅ ១០​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​នៅត្រឹម​ឆ្នាំ​២០៧០​។

​នា​ខណៈនោះ ប្រព័ន្ធ​សុខភាព​របស់​ប្រជាជន​នៅ​អាស៊ី​បូព៌ា មិនត្រូវ​បាន​ត្រៀម​រៀបចំ​សម្រាប់​ការចំណាយ​ទាក់ទង​នឹង​អាយុ​ទេ ពីព្រោះថា ជំងឺមហារីក ជម្ងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃទៀត អាចមាន​ចំនួន​សើ្ម​នឹង ៨៥​ភាគរយ​នៃ​បន្ទុក​ជំងឺ​ទាំងអស់ នៅត្រឹម​ឆ្នាំ ២០៣០​។ ក្រៅពីនេះ ប្រជាជន ដែលមាន​វ័យ​កាន់តែ​ចំណាស់ នាពេល​បច្ចុប្បន្ន ទំនងជា​ទទួលបាន​កា​រ​គាំទ្រ​ពី​ក្រុមគ្រួសារ​មិន​គ្រប់គ្រាន់​ទេ បើ​ធៀប​ទៅនឹង​ជំនាន់​មុនៗ​។​

​លោក អាក់​សែ​ល វ៉ាន់ ត្រុត​សេន​ប៊ើ​គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​​ហ្វិ​ក បាន​មានប្រសាសន៍ថា "​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក មាន​ភាពប្រែប្រួល​ផ្នែក​ប្រជាសាស្ត្រ​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ​បំផុត ដែល​យើង​មិន​ធ្លាប់​បានឃើញ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​នៅក្នុង​តំបន់​នេះ ប្រឈម​ទៅនឹង​ភាព​កាន់តែ​ចាស់​ទៅៗ មុននឹង​ពួកគាត់​ក្លាយជា​អ្នកមាន​។ ការគ្រប់គ្រង​ភាព​ឈានចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស គឺ​មិនមែន​សំដៅ​តែ​ទៅលើ​ការគ្រប់គ្រង​មនុស្ស​ចាស់​នោះទេ ក៏ប៉ុន្តែ ទាមទារ​ឲ្យ​មាន​វិធីសាស្ត្រ​ក្នុងការ​រៀបចំ​គោលនយោបាយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ​មួយ សម្រាប់​វដ្ត​ជីវិត ដើម្បី​លើកកម្ពស់​ការចូលរួម​ផ្នែក​កម្លាំង​ពលកម្ម និង​បង្កើន​របៀបរបប​រស់​នៅ​ឲ្យ​បានល្អ​ប្រសើរ តាមរយៈ​ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ​លើ​ផ្នែក​ថែទាំ​កុមារ អប់រំ ថែទាំ​សុខភាព ប្រាក់​សោធន ការថែទាំ​រយៈពេល​វែង និង​ផ្នែក​ជាច្រើន​ទៀត​។ ”

​របាយការណ៍​នេះ សិក្សា​អំពី​មូលហេតុ​ដែល​ភាព​ឈានចូល​វ័យ​ចំណាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់ ក៏ដូចជា​ទំនាក់ទំនង​នៃ​ចំណាយ​សាធារណៈ​។ របាយការណ៍​នេះ បាន​ពិនិត្យមើល​ឡើងវិញ​លើ​គោលនយោបាយ​ជាច្រើន នាពេល​បច្ចុប្បន្ន និង​បាន​ផ្តល់នូវ​អនុសាសន៍​ជាច្រើន​ទាក់ទង​ទៅនឹង​វិធីសាស្ត្រ​ដែល​ប្រទេស ដែលមាន​ប្រជា​សាសន៍​ចម្រុះ​បែប អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ទីផ្សារការងារ ប្រព័ន្ធ​សន្តិសុខ​សង្គម និង​ការថែទាំ​សុខភាព​និង​ការថែទាំ​រយៈពេល​វែង​។ របាយការណ៍​នេះ ក៏បាន​ពិនិត្យមើល​ផងដែរ​អំពី​របៀបរបប​ដែល​មនុស្ស​ចាស់ៗ​នាពេល​បច្ចុប្បន្ន​រស់នៅ ធ្វើការ និង​ចូល​និវត្ត នៅ​ទូទាំង​តំបន់​នេះ​។​

​របាយការណ៍​នេះ បាន​និយាយថា ការឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស​របស់​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​បូព៌ា គឺជា​លទ្ធផល​មួយផ្នែក​នៃ​សន្ទុះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​តំបន់​នេះ​នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​​ថ្មីៗ​នេះ​។ ប្រាក់ចំណូល​កាន់តែ​ខ្ពស់ និង​ការអប់រំ​ដែល​កាន់តែ​ប្រសើរ​ជាង​មុន បានធ្វើ​ឲ្យ​អាយុកាល​មធ្យម​របស់​ម​នុស្ស​បាន​កើនឡើង សន្សឹមៗ ស្របពេល​ជាមួយគ្នា​នៃ​អត្រា​ភាព​មានកូន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​មាន​ប្រទេស​កាន់តែច្រើន នាបច្ចុប្បន្ន​នេះ (​ចំនួន​មនុស្ស​កើត​) ស្ថិតនៅក្រោម​កម្រិត​ដែល​អាច​ជំនួស​គ្នា​
​បាន​។ ជា​លទ្ធផល នៅត្រឹម​ឆ្នាំ ២០៦០ ប្រទេស ១ ក្នុងចំណោម ៥ នៃ​ប្រទេស​ដែលមាន​ប្រជាជន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក នឹង​ស្ថិតនៅក្នុង​តំបន់​អាស៊ី​បូព៌ា បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១០ គឺមាន​តែ​១​ក្នុងចំណោម ២៥ ប្រទេស​ប៉ុណ្ណោះ​។​

​លោក ស៊ូ​ឌៀ​រ សេ​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា “​វា​អាច​គ្រប់គ្រង​ភាព​ចូល​វ័យ​ចំណាស់​បាន ខណៈដែល​កំពុងមាន​នីរ​ន្ត​ភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ប៉ុន្តែ វា​ទាមទារ​នូវ​សេចក្តីសម្រេចចិត្ត​លើ​គោលនយោបាយ​ដ៏​ហ្មត់ចត់​មួយ និង​ការផ្លាស់ប្តូរ​ឥរិយាបទ​ជា​ដុំកំភួន​លើ​ផ្នែក​កម្មករ និយោជក់ និង​សង្គម ជាទូទៅ​។ ការប្រែប្រួល​ផ្នែក​ប្រជា​សាសន៍​និង​រោគរាតត្បាត តម្រូវ​ឲ្យ​មាន​គោលនយោបាយ​ឆ្លើយតប​ជាមុន ដូចជា លើ​ប្រាក់​សោធន ការថែទាំ​សុខភាព និង​ទីផ្សារការងារ​។​”

​តំបន់​អាស៊ី​បូព៌ា មាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​ឈានចូល​វ័យ​ចំណាស់​នេះ​។ ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​បូព៌ា បានធ្វើការ​យូរ​ជាង​ប្រជាជន​នៅក្នុង​តំបន់​ដទៃទៀត​។ ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​នេះ មាន​ប្រាក់​សន្សំ​ខ្ពស់​នៅ​គ្រប់​កម្រិត​អាយុ  មាន​សមិទ្ធិផល​ផ្នែក​អប់រំ​កើនឡើង​ខ្ពស់ និង​មាន​ប្រព័ន្ធ​សន្តិសុខ​សង្គម​ជាមួយនឹង​សិទ្ធិ​ទទួល​កេរ្តិ៍មរតក​ដែលមាន​តម្លៃ​ខ្ពស់​មួយចំនួន​តូច​។​

​លោក ហ្វ៊ី​លី​ប អូ​គី​ហ្វ ប្រធាន​ក្រុម​អ្នកនិពន្ធ​របាយការណ៍​នេះ បាន​មាន​ប្រសា​ស៍​ថា “​ប្រជា​សាសន៍ គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​នៅក្នុង​ការអភិវឌ្ឍ ក៏ប៉ុន្តែ វា​មិនមែនជា​វាសនា​ទេ​។ តាមរយៈ​ជម្រើស​គោ​លន​យោ បាយ​របស់ខ្លួន រដ្ឋាភិបាល អាចជួយ​សង្គម​សម្រប​តាម​ការឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស​និង​ជុំរុញ​ឲ្យ​ការឈាន​ចូល​វ័យ​ចំណាស់​មាន​សុខភាព​រឹងមាំ និង​មាន​សមត្ថភាព​ផលិត​។​”

​របាយការណ៍​នេះ បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​សម្រាប់​ការធ្វើកំណែទម្រង់​ជាបន្ទាន់ ដូចខាងក្រោម ៖

•​នៅក្នុង​ទីផ្សារពលកម្ម ប្រទេស​ជាច្រើន​ដែលមាន​ភាព​ចម្រុះ​បែប​ដូច​ប្រទេស​ជប៉ុន ម៉ាឡេស៊ី និង​ហ្វ៊ី​ជី អាច​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​កាន់តែ​ច្រើនឡើង ជាពិសេស តាមរយៈ​កំណែទម្រង់​លើ​ការថែទាំ​កុមារ​។ នា​ខណៈនោះ ប្រទេស​ជាច្រើន​ដូចជា ប្រទេស​ចិន វៀតណាម និង​ថៃ អាច​លុបចោល​នូវ​ប្រាក់​លើកទឹកចិត្ត​នៅក្នុង​ប្រព័ន្ធ​ប្រាក់​សោធន ដែល​បាន​ជួយ​ជុំរុញ​លើកទឹកចិត្ត​ដល់ក​ម្មករ​មួយចំនួន ជាពិសេស ស្ត្រី​នៅ​ទីក្រុង ចូល​និវត្ត​ឆាប់​ពេក​។ ប្រទេស​ជឿនលឿន​ជាច្រើន​ទៀត ដូចជា កូរ៉េ និង​ជប៉ុន ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបើក​ទូលាយ​នូវ​ទីផ្សារពលកម្ម​ដែលមាន​វ័យ​ចំណាស់​របស់ខ្លួន ដើម្បី​ទាក់ទាញ​ជន​អត្ត​ប្រវេ​សន្ត​វ័យក្មេង​។

​ប្រទេស​ជាច្រើន​ទៀត ដែល​ត្រូវការ​ប្រាក់ចំណូល​គ្រប់​កម្រិត​ទាំងអស់ ក៏​នឹង​ចាំបាច់​ត្រូវ​បន្ត​កែលម្អ​គុណភាព​នៃ​កម្លាំង​ការងារ​របស់ខ្លួន​ផងដែរ តាមរយៈ​ការពង្រឹង​វិស័យ​អប់រំ និង​ការរៀនសូត្រ​រហូតដល់​អស់​ជីវិត​។​

•​របាយការណ៍​នេះ បានផ្តល់​អនុសាសន៍​ថា បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា ចាត់វិធានការ​ដើម្បី​ធ្វើកំណែទម្រង់​ផែនការ​ប្រាក់​សោធន​បច្ចុប្បន្ន​របស់ខ្លួន រួមទាំង​ការពិចារណា​ក្នុងការ​បង្កើន​អាយុ​ចូល​និវត្ត​បន្តិច​ម្តងៗ​។ ការផ្លាស់ប្តូរ​បែបនេះ ក៏​នឹង​អាចធ្វើ​ទៅបាន​ផងដែរ ក្នុងការ​បង្កើន​ការយកចិត្តទុកដាក់​លើ​ប្រាក់​សោធន ដែលមាន​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន ដើម្បី​ដាក់បញ្ចូល​មនុស្ស​ទាំងឡាយ​ណា​ដែល​កំពុងធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។
​សម្រាប់​ប្រទេស​នានា ដែលមាន​ប្រជាជន​វ័យក្មេង​ច្រើន របាយការណ៍​នេះ បានផ្តល់​ជា​យោបល់​ថា រដ្ឋាភិបាល ត្រូវ​គិតគូរ​ពិចារណា​លើ​ការឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស​ក្នុងពេល​អនាគត និង​បង្កើត​ប្រព័ន្ធ​ប្រាក់​សោធន​ដែលមាន​ចីរភាព​។​

•​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ដែល​កាន់តែ​ខ្ពស់​ឡើងៗ ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​សុខភាព​និង​ប្រព័ន្ធ​ថែទាំ​រយៈពេល​វែង​ប្រកបដោយ​ចីរភាព​ផ្នែក​ហិរញ្ញប្បទាន របាយការណ៍​នេះ បានផ្តល់​អនុសាសន៍​ថា ប្រព័ន្ធ​សុខភាព ត្រូវ​ផ្លាស់ប្តូរ​ការយកចិត្តទុកដាក់​ពី​ការថែទាំ​នៅតាម​មន្ទីរពេទ្យ មកជា​ការថែទាំ​បឋម និង​បង្កើន​ការគ្រប់គ្រង​អ្នក​ជំងឺ ​ដែលមានជំងឺ​រ៉ាំរ៉ៃ​ច្រើន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ជាង​មុន​។
​ការផ្លាស់ប្តូរ ដែលមាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ​នេះ នឹង​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​លទ្ធកម្ម​ផ្នែក​ឱសថ​និង​បច្ចេកវិទ្យា និង​ថា​តើ​អ្នកផ្តល់​សេវា​សុខភាព​ត្រូវបាន​គេ​ផ្តល់​កម្រៃ​បែបណា​។ វា​ក៏​នឹងត្រូវ​ការ​ផងដែរ​នូវ​កម្លាំង​ការងារ​ថ្មី​ផ្នែក​សុខភាព ដែល​អាច​ផ្តល់នូវ​ការថែទាំ​បឋម​ដែលមាន​គុណភាព​ល្អ​។

​របាយការណ៍​នេះ និយាយថា បញ្ហា​ប្រឈម​ក្នុងការ​ថែទាំ​រយៈពេល​វែង គឺ​ត្រូវបង្កើត​គំរូ​ដែល​អាច​ទទួលយកបាន​ជាច្រើន ដែល​រួមបញ្ចូល​ការគាំទ្រ​ពី​ក្រុមគ្រួសារ ជាមួយនឹង​សហគមន៍ ដោយ​ប្រើ​វិធីសាស្ត្រ​នៅតាម​ផ្ទះ​៕​