បណ្ណាល័យ​ជាតិ​កម្ពុជា ទទួល​សៀវភៅ ពី​ប្រទេស​សិង្ហ​បុរី ៣០០​ក្បាល

ភ្នំពេញ: បណ្ណាល័យ​ជាតិ​កម្ពុជា បានទទួល​សៀវភៅ ដែលមាន​តំលៃ​ខ្ពស់ ចំនួន​៣០០​ក្បាល ពី​ប្រទេស​សិង្ហ​បុរី តាមរយៈ​ឯកអគ្គរាជទូត សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​សៀ​ភៅ​ទាំងនោះ បណ្តុំ​ទៅដោយ​មុខជំនាញ សព្វបែបយ៉ាង មាន​ទាំង​ប្រវត្តិសាស្ត្រ សិល្បៈ អក្សរសិល្ប៍ វប្បធម៌ អរិយធម៌ ស្ថាបត្យកម្ម​ចម្រុះ និង នយោបាយ ជាការ​ឆ្លុះបញ្ចាំង អំពី​ភាពជឿនលឿន នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ជំនួយស្មារតី បំភ្លឺ​ផ្លូវ​នៃ​ជីវិត ដើម្បី​ឲ្យ​កូន​ខ្មែរ មានឱកាស​បាន​សិក្សា​ស្រាវជ្រាវ ពង្រីក​ចំណេះដឹង ធ្វើការ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​រីកចំរើន​ដូច​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន​ដែរ​។​
          
​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង ក្នុង​ពិធី​ទទួល​សៀវភៅ ពី​ឯកអគ្គរាជទូត​សិង្ហ​បុរី នៅ​បណ្ណាល័យ​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​៧ ធ្នូ​ថា បណ្ណាល័យ​ជាតិ​សិង្ហ​បុរី ផ្តល់​សៀវភៅ​ជូន​បណ្តា​ល័យ​ជាតិ​កម្ពុជា នាពេលនេះ គឺជា​ការអបអរសាទ​រ ខួប​លើក​ទី​៥០ នៃ​ថ្ងៃ​ផ្សារភ្ជាប់​ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​សិង្ហ​បុរី និង​កម្ពុជា​។

​លោក​បាន​បន្តថា ក្រសួង​វប្បធម៌ សំដែង​នូវ​កោតសរសើរ ចំពោះ​បណ្ណាល័យ​ជាតិ​សិង្ហ​បុរី ដែល​បាន​ផ្តល់នូវ​សៀវភៅ ដ៏​មាន​សារសំខាន់​នេះ ដល់​បណ្ណាល័យ​ជាតិ​កម្ពុជា សម្រាប់​ទុក​ឲ្យ​និស្សិត​កម្ពុជា បាន​សិក្សា​ស្វែងយល់ ពង្រីក​ចំណេះ ដឹង បាន​កាន់តែ​ទូលំទូលាយ​។ ក្រសួង​វប្បធម៌​កម្ពុជា សង្ឃឹមថា បណ្តា​ល័យ​ជាតិ​សឹង្ហ​បុរី នៅតែ​បន្ត​ជួយ​បណ្ណាល័យ​ជាតិ​កម្ពុជា និង​ការបណ្តុះបណ្តាល​បណ្ណារក្ស ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​កសាង​ធនធានមនុស្ស លើ​វិស័យ​បណ្ណាល័យ​ជាតិ​នៅ​កម្ពុជា​។​
          
​លោក Kevin Cheok ឯកអគ្គរាជទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ធ្លាប់មាន​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​គ្នា​ជា​យូរ​មកហើយ ដូច្នេះ​ទើប​បណ្ណាល័យ​ជាតិ​សិង្ហ​បុរី សម្រេច​ផ្តល់​សៀវភៅ ចំនួន​៣០០​ក្បាល ជូន​បណ្ណាល័យ​ជាតិ​កម្ពុជា ដើម្បី​និស្សិត​បាន​សិក្សា​ស្រាវជ្រាវ ដកស្រង់ និង​ផ្លាស់ប្តូរ​បទពិសោធន៍ នូវ​វប្បធម៌ ចំណេះដឹង​ពីគ្នា បាន​កាន់តែ​ទូលំទូលាយ ក្នុងនាម​ប្រទេស​អាស៊ាន​ដូចគ្នា​។ ព្រោះថា សៀវភៅ​នេះ គឺជា​ឃ្លាំង​នៃ​ចំណេះវិជ្ជា និង​ជា​ស្ពាន​ចម្លង​ទៅកាន់​ពិភព​វប្បធម៌​ថ្មី ប្លែក ពិសេស​ជួយ​ឲ្យ​ពួកគេ យល់​នូវ​អ្វី​គេ​មិនដែល​ជួបប្រទះ​។ ជាងនេះទៀត វា​អាចជួយ​បំភ្លឺ​ផ្លូវ​នៃ​ជីវិត និង​ធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា កាន់​តែមាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ឡើង ជួយ​ឲ្យ​យើង​បាន​ស្គាល់ នូវ​អ្វីដែល​មិន​ធ្លាប់​ស្គាល់ ពីមុនមក ជួយ​ឲ្យ​អ្នក​អាច​រស់នៅ តាមបែប​ជីវិត​ដ៏​ប្រសើរ ដែល​មិន​ធ្លាប់​រស់​ពីមុន​។

​លោក​បាន​បញ្ជាក់ថា សៀវភៅ ៣០០ ក្បាល ជា​អំណោយ​របស់​បណ្ណាល័យ​ជាតិ​សិង្ហ​បុរី ជូន​បណ្ណាល័យ​ជាតិ​កម្ពុជា​នេះ ក៏​ជា​ផ្នែក​មួយ​នៃ ការ​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ទិវា​ឯករាជ្យ​របស់​សិង្ហ​បុរី ហើយ​ក្នុងពេល​ដំណាលគ្នា​នេះដែរ បណ្ណាល័យ​ជាតិ​សិង្ហ​បុរី នឹង​កំពុងតែ​ផ្តល់នូវ អំណោយ​ដូចគ្នានេះ ជូន​ទៅដល់​បណ្ណាល័យ ចំនួន​៤០​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក ដែល​មិន​ត្រឹមតែ​ជួយ​ឲ្យ​មិត្ត​ទាំងឡាយ បាន​យល់ និង​ស្គាល់​សិង្ហ​បុរី បាន​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង អាច​ដើរតួ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ជួយ​ការពារ​ថែរក្សា នូវ​ចំណងមិត្តភាព ដ៏​ស្និទ្ធស្នាល​យូរអង្វែង ជាមួយ​ប្រទេស​ជា​មិត្ត​ដ៏​ច្រើន នៅលើ​ពី​ភព​លោក​ទៀតផង​។​
          
​លោកស្រី ខ្លូត វិបុល​ឡា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា បាន​បញ្ជាក់ថា នោះ​ជា​លើក​ទី​១ ហើយ ដែល​កម្ពុជា ទទួលបាន​សៀវភៅ ដ៏​មាន​តំលៃ​ខ្ពស់ ពី​ប្រទេស​សិង្ហ​បុរី​។ លោកស្រី បាន​បន្តថា សៀវភៅ​ដ៏​ល្អ និង​មាន​សារសំខាន់ កម្រ​មាន ដែលជា​ស្នាដៃ​និពន្ធ ចេញពី​បណ្ឌិត​ឆ្នើមៗ និង​របស់​ប្រធានាធិបតី​សិង្ហ​បុរី​នេះ បណ្ណាល័យ​ជាតិ​កម្ពុជា នឹង​តម្កល់ទុក សម្រាប់​ជូនទៅ​ដល់​សិស្ស និស្សិត សិក្សា​ស្រាវជ្រាវ ស្វែងយល់បាន​ទូលំទូលាយ ពិសេស​បាន​យល់​ពី​វប្បធម៌ អ​រី​យ​ធម៌ និង​ពី​ភាពជឿនលឿន នៅក្នុង​ប្រទេស​សិង្ហ​បុរី ឲ្យ កូន​ខ្មែរ​យើង អាច​មើលឃើញ​ការរីកចម្រើន ការ​ជឿនលឿន នៅក្នុង​ប្រទេស​គេ​ប៉ុណ្ណា និង​វប្បធម៌ អ​រី​យ​ធម៌​របស់គេ មាន​របៀប​ណាខ្លះ​៕V​/S

បណ្ណាល័យ​ជាតិ​កម្ពុជា ទទួល​សៀវភៅ ពី​ប្រទេស​សិង្ហ​បុរី ៣០០​ក្បាល

បណ្ណាល័យ​ជាតិ​កម្ពុជា ទទួល​សៀវភៅ ពី​ប្រទេស​សិង្ហ​បុរី ៣០០​ក្បាល

បណ្ណាល័យ​ជាតិ​កម្ពុជា ទទួល​សៀវភៅ ពី​ប្រទេស​សិង្ហ​បុរី ៣០០​ក្បាល

បណ្ណាល័យ​ជាតិ​កម្ពុជា ទទួល​សៀវភៅ ពី​ប្រទេស​សិង្ហ​បុរី ៣០០​ក្បាល