មុខមាត់​ជនឧក្រិដ្ឋ​ទាំង ៥០ នាក់ ដែល​ប្រើប្រាស់​គ្រឿងញៀន និង ចោរកម្ម​

​រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ និង លោក​វរ សេនីយ៍​ទោ ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៥ បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​និង​មុខសញ្ញា​ចោរកម្ម​ចំនួន ៥០​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន ។ ​ការ​បង្ហាញមុខ​ជនសង្ស័យ​នេះ​បានរៀបចំ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធិ អភិបាលរងខណ្ឌ​សែន​សុខ និង ជា​តំណាង​លោក លី សា​វ៉េ​ត អភិបាលខណ្ឌ​សែន​សុខ​ផងដែរ ។ ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​នៅតាម​បណ្តាល​ខណ្ឌ​នានា​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល ២ ថ្ងៃ ហើយ​យកមក​បង្ហាញមុខ​រួមគ្នា​តែម្តង ។​

​លោក​វរសេនីយ៍ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផែនការ​គ្រឿងញៀន​បានឱ្យដឹងថា ដោយមាន​បទបញ្ជា​ពី​អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង នគរបាល​ខណ្ឌ​ទាំង ១២ បាន​ខិតខំ​ស្រាវជ្រាវ​ប​ង្ក្រា​ជនសង្ស័យ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង មុខសញ្ញា​ចោរលួច ឆក់ ប្លន់​បាន​ចំនួន ៥០ នាក់ នៅក្នុង​រយះពេល ២ ថ្ងៃ គឺ​ថ្ងៃទី ៤ និង ទី ៥ ខែធ្នូ ឆ្នាំ ២០១៥ ។​ ​នៅក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​បា​ន​ដកហូត​បាន​គ្រឿងញៀន​ចំនួន ៤៨០ កញ្ចប់ ជញ្ជីង ចំនួន ១ គ្រឿង​ដាវ​ចំនួន ៦ កាំបិតប៉័ងតោ​ល​ចំនួន ២ ទូរ​ហ្គេម​ចំនួន​២៣​គ្រឿង​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ផងដែរ ៕ (​ប្រភព TV5)