ក្រចេះ​៖ ឆ្កែ​ងាប់​ដោយសារ​ការបំពុល ហើយ​មនុស្ស​៦​នាក់​ពុល​ស្លាប់​ដោយសារ​ហូប​សាច់​ឆ្កែ​នោះ​

​ភ្នំពេញ​៖ ពលរដ្ឋ​រស់នៅ​ស្រុក ស្នួល ខេត្តក្រចេះ បាន​បាត់បង់​ជីវិត​ដល់​ចំនួន ៦​នាក់​ហើយ ចំណោម​ពលរដ្ឋ​រងគ្រោះ​ចំនួន ៣៦​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្នួល និង​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ ពាក់ព័ន្ធ​នឹង​ករណី​ហូប​សាច់​ឆ្កែ​ដែល​គេ​បំពុល កាលពី​ថ្ងៃទី​៧​ធ្នូ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ុំ ភី ស្នងការរង​ទទួលបន្ទុក​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តក្រចេះ​។​

​លោក អ៊ុំ ភី បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​ដើមហេតុ​ករណី​ពុល​សាច់​ឆ្កែ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ និង​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ កើតឡើង​ដោយសារ​ជនរងគ្រោះ​ស្លាប់​ឈ្មោះ ជា រ៉េត អាយុ ៧៦​ឆ្នាំ បាន​ទិញ​ឆ្កែ​ងាប់​មួយ​ក្បាល ដោយសារ​ការដាក់​ថ្នាំ​បំពុល​ពី​អ្នកភូមិ​ម្នាក់​យកមក​ចម្អិន​ហូប កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ប្រាប់ថា​៖«​ជនរងគ្រោះ ជា រ៉េត ដែលមាន​ជំងឺលើសឈាម​បាន​ទិញ​ឆ្កែ​ពី​អ្នកភូមិ ដែល​គេ​ប្រើ​ក្មេង​ឲ្យ​យកទៅ​កប់​ចោល​នៅ​ស្រែ​ហើយ តែ​គាត់​សុំ​ចែក​យកមក​ចម្អិន​ហូប​។ ក្រោយពី​ចម្អិន​ហូប​ហើយ គាត់​បាន​ពុល​ស្លាប់​។ អ្នកភូមិ​ពុំបាន​ដឹងថា គាត់​ស្លាប់​ដោយសារ ពុល​សាច់​ឆ្កែ​នោះទេ គឺ​ពួកគេ​ថា គាត់​ស្លាប់​ដោយសារ​ជំងឺលើសឈាម​។ ដូ​នេះ នៅពេល​ពួកគេ មក​កំដរ​បុណ្យសព សាច់ញាតិ​គាត់​បាន​ចម្អិន​សាច់​ឆ្កែ​ពុល​នោះ ដាក់​ឲ្យ​ពលរដ្ឋ​ក្លែម​ហូប​ជាមួយ​ស្រា នៅ​កំដរ​សព​ជនរងគ្រោះ​។ ក្រោយមក​ទើប អ្នកភូមិ​ស្លាប់ និង​ពុល​ជា​បន្តបន្ទាប់ ត្រូវ​បញ្ជូនទៅ​មន្ទីរ​ព្យាបាល​ស្រុក​ស្នួល និង​ទី​រួម​ខេត្ត​»​។​

​ស្នងការរង បាន​ឲ្យ​ដឹងថា រហូតមកទល់​ព្រឹក​ថ្ងៃទី​៩ ធ្នូ​នេះ អ្នកពុល​ស្លាប់​ឡើងដល់​ចំនួន ៦​នាក់ ក្នុងនោះ ប្រុស ៤ ស្រី​២ នាក់និង​ជនរងគ្រោះ​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល ខ្លះ​សះស្បើយ​ទៅផ្ទះ​វិញ​ហើយ​។​

​បើតាម​លោក​ស្នងការរង​ដដែល សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​អ្នក​ដាក់​ថ្នាំ​បំពុល​ឆ្កែ​នេះ នៅឡើយ​។​

​ករណី​ពុល​សាច់​ឆ្កែ​នៅ​ខេត្តក្រចេះ នេះ ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី បណ្តាញ​ព័ត៌មាន​អន្តរជាតិ ផងដែរ ជាពិសេស​ក្រោយ​ការចេញផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន AFP, Xinhua ជាដើម​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​