សាក្សី​នៅ​សាលាដំបូង​អះអាង​អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​បាត់ដំបង

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​រង​គ្រោះ​ផ្ទាល់​មួយ​រូប​ទៀត ទាក់ទង​នឹង​ហេតុការណ៍​សម្លាប់​ជនជាតិ​វៀតណាម មួយ​កន្លែង នៅ​ខេត្ត​កំពង់ឆ្នាំង។ ទាក់ទង​នឹង​អង្គហេតុ​នេះ​ដែរ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បន្ត​ស្ដាប់​សាក្សី​មួយ​រូប​ទៀត​នៅ​ខេត្ត​បាត់ដំបង។

សាក្សី​វ័យ ៧៤​ឆ្នាំ ឈ្មោះ ព្រំ សារុន មក​ពី​ខេត្ត​បាត់ដំបង ឆ្លើយ​ក្នុង​សវនាការ​សាលាដំបូង នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ថា នៅ​ក្នុង​របប​ខ្មែរក្រហម លោក​បាន​ឃើញ​ពួក​ខ្មែរក្រហម​ចាប់​ជនជាតិ​វៀតណាម យក​ទៅ​សម្លាប់​នៅ​តំបន់​របស់​លោក​ក្នុង​ឃុំ​ភ្នំសំពៅ ស្រុក​បាណន់ បាត់ដំបង។

សាក្សី ព្រំ សារុន៖ «មាន​ជនជាតិ​វៀតណាម គេ​បញ្ជូន​ទៅ​វាយ​ចោល​នៅ​ទួល​តា​ត្រង់​ជិត​ភ្នំ​កុយ។ ឃើញ​គេ​បណ្ដើរ​ទៅ​លិច ដឹង​ថា មក​វិញ​ដៃ​ទទេ​ហើយ។ ទៅ​មើល​តែ​ក្បាល​នៅ​ទួល​តា​ត្រង់​ហ្នឹង​ឯង។ គេ​យក​ទៅ​ពិឃាដ​តែ​ត្រង់​ហ្នឹង​ឯង។ បួន​នាក់ ហើម​រលួយ​អស់​ហើយ។ គេ​ចាប់​យក​ទៅ​សម្លាប់​នៅ​ទួល​តា​ត្រង់ អា​ខ្លះ​ខ្ញុំ​មិន​ដឹង​ទេ។ ឃើញ​តែ​ខ្មោច​ឃើញ​តែ​លលាដ​ក្បាល​អី​ច្រើន មិន​មែន​តិច​ឯ​ណា។ ខ្ញុំ​ទាន់​តែ​ចាប់​អា​បួន​នាក់​ហ្នឹង​យក​ទៅ​ទេ អា​ឯ​ទៀតៗ ខ្ញុំ​មិន​បាន​ឃើញ​ទេ ឃើញ​តែ​លលាដ​ក្បាល​នៅ​ទី​នោះ»

លោក ព្រំ សារុន អតីត​ជា​ប្រធាន​កង​តូច នៃ​កងវរលេខ​១ សម្រាប់​គ្រប់គ្រង​មនុស្ស​ឱ្យ​ធ្វើ​ការងារ។ លោក​ឱ្យ​ដឹង​ថា មុន​ពេល​ដែល​គេ​យក​ជនជាតិ​វៀតណាម ទៅ​សម្លាប់​នោះ កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​លើ​របស់​លោក​ឈ្មោះ ក្រុច បាន​សួរ​រក​ជនជាតិ​វៀតណាម នៅ​ក្នុង​កង​របស់​លោក៖ «សួរ​នៅ​កន្លែង​វរៈ​ហ្នឹង​ឯង​កន្លែង​បុក​កិន​ស្រូវ។ ដើរ​មក​សួរ​ខ្ញុំ​តែ​ម្នាក់​ឯង។ ខ្ញុំ​រាយការណ៍​ប្រាប់​ថា កង​ខ្ញុំ​មិន​មាន​យួន​ទេ មាន​តែ​ចិន។ វរៈ​ខ្ញុំ​អត់​មាន​នរណា​វាយ​ចោល​ទេ។ វរៈ​ផ្សេង។ វរៈ ២ វាយ​វៀតណាម ចោល​នៅ​ទួល​តា​ត្រង់។ វរៈ ២ មាន​យួន​នៅ​ច្រើន»

ក្រៅ​ពី​ការ​សម្លាប់​ជនជាតិ​វៀតណាម សាក្សី​រូប​នេះ​ថ្លែង​ទៀត​ថា នៅ​ក្រោយ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​ក៏​បាន​ឃើញ​ពួក​ខ្មែរក្រហម បណ្ដើរ​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​មួយ​ចំនួន​យក​ទៅ​សម្លាប់​ដែរ៖ «កាត់​ភូមិ​ខ្ញុំ​ហ្នឹង គេ​ទៅ​នៅ​អូរ​ពងមាន់ គេ​បញ្ជូន​កាត់​ភូមិ​ខ្ញុំ​ហ្នឹង ទាហាន​មួយ​ខ្សែ ដឹង​គេ​ស្គាល់​មាន​បណ្ដា​សក្ដិ​អី​ទេ​ដឹង បាន​តា រ៉ុម កេះ​យក​ទៅ​បាញ់​ចោល។ ហើយ​មាន​អា​មួយ​នោះ​បែប​គេ​ស្គាល់​បណ្ដា​សក្ដិ​អី​ដឹង បាន​គេ​ចាប់​ទៅ​បាញ់​នៅ​ភ្នំ​ក្រពើ ច្រមុះ​ក្រពើ​ហ្នឹង​ឯង។ បាញ់​ប្ដី​ងាប់​ទៅ ប្រពន្ធ​យំ​ពេក បាញ់​ទាំង​ប្រពន្ធ​ចោល​ត្រង់​ហ្នឹង​ឯង។ ទៅ​មើល​ទៅ​ឃើញ​នៅ​រងោក​ទាំង​ពីរ​នាក់​ហ្នឹង​ឯង»

លោក ព្រំ សារុន ថ្លែង​អ្នក​ដែល​ចាប់​មនុស្ស​យក​ទៅ​សម្លាប់​នៅ​ពេល​នោះ គឺ​យោធា​ក្មេងៗ ដែល​ជា​កូន​កម្មាភិបាល មាន​ជា​អាទិ គឺ​កូន​គណៈ​ឃុំ​ភ្នំ​សំពៅ ឈ្មោះ តា​រ៉ាក់ នៅ​តំបន់​ច្រមុះ​ភ្នំ​ក្រពើ។

រឿងរ៉ាវ​នៃ​ការ​សម្លាប់​ជនជាតិ​វៀតណាម ជា​អង្គហេតុ​ចោទ​ប្រកាន់​មួយ​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង ០០២ វគ្គ​ទី ២ ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កំពុង​ជំនុំជម្រះ។

សាក្សី ព្រំ សារុន គឺ​ជា​មនុស្ស​ទី​បួន​ហើយ ដែល​មក​ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំជម្រះ​សាលាដំបូង អំពី​ហេតុការណ៍​សម្លាប់​ជនជាតិ​ភាគ​តិច​វៀតណាម នៅ​កម្ពុជា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អង្គ​ជំនុំជម្រះ​គ្រោង​កោះហៅ​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ១០ រូប ទាក់ទង​នឹង​អង្គហេតុ​នេះ។ជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ព្រំ សារុន បញ្ចប់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ធ្នូ ហើយ​ក៏​នឹង​ចាប់​ផ្ដើម​ស្ដាប់​សាក្សី​ថ្មី​ម្នាក់​ទៀត ដែល​មាន​លេខ​សម្គាល់​ថា 2TCW949៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។