ជនល្មើស​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ឈ្មោះ ណុង វណ្ណៈ គឺជា​អ្នកធ្វើ​សកម្មភាព​រំលោភ​យក​ដី​ធ្លី​ពួកគាត់ និង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យ៉ាង​គឃ្លើន ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ឈ្មោះ ណុង វណ្ណៈ នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ជា​អ្នក​ឃុបឃិត​រក​ផលប្រយោជន៍​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង ទើប​អាច​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​និង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​តាម​អំពើ​ចិត្ត​។ ជននេះ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​សុរិយោដី​ដោយ​យកឈ្មោះ​ប្រជាពលរដ្ឋ​មកឈរ​ធ្វើជា​ម្ចាស់​ដី ដោយ​ជួល​ក្នុង​១​ប័ណ្ណកម្មសិទ្ធិ​១០០​ដុល្លារ រួចហើយ​យក​ដី​នោះ​លក់​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។

មន្ត្រី​អាជ្ញាធរ​តូចតាច​នៅក្នុង​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា​ឈ្មោះ ណុង វណ្ណៈ បាន​ឃុបឃិត​ជាមួយ​មេភូមិ មន្ត្រី​តុលាការ និង​មន្ត្រី​សុរិយោដី ព្រមទាំង​មន្ត្រី​ថ្នាក់​ខេត្ត​មួយចំនួនទៀត​ក្នុងការ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​និង​ឈូសឆាយ​វាតទី​កាន់កាប់​ដី​រដ្ឋ ហើយ​ធ្វើ​ប្លង់​លក់​ចែក​លុយ​គ្នា​ជា​បន្តបន្ទាប់​។ គេ​សង្ស័យថា​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ ណុង វណ្ណៈ យ៉ាង​ផ្គាប់ចិត្ត​ទើប​បណ្ដោយ​ឲ្យ​ជននេះ​ធ្វើ​អ្វីៗ​យ៉ាង​ងងើល​។ ជាក់ស្តែង​ឈ្មោះ ណុង វណ្ណៈ បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយដី​ប្រជាពលរដ្ឋ​ស្លូតត្រង់​និង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​រាប់រយ​ហិកតា​លក់​ទៅ​ឲ្យ​ឈ្មួញ​យ៉ាង​រលូន ហើយ​អាជ្ញាធរខេត្ត​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មោះ ណុង វណ្ណៈ បាន​ឈូសឆាយ​ដីធ្លី​ប្រមាណ​៣៦០​ហិកតា ជា​ដី​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​ដីព្រៃ​របស់​រដ្ឋ​ដោយមាន​មន្ត្រី​តុលាការ​និង​មន្ត្រី​សុរិយោដី​ជា​អ្នក​ឃុបឃិត​។ ជាងនេះទៅទៀត​ឈ្មោះ ណុង វណ្ណៈ ដែល​រស់នៅ​ក្នុងភូមិ​ដំណាក់​អម្ពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក៏​ជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ផងដែរ ដោយ​បុគ្គល​នេះ​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​ប្រមាណ​ជាង​១០០​ករណី​។ បើទោះបី​មាន​ពាក្យបណ្ដឹង​រាប់រយ​ករណី​ប្រឆាំង​បុគ្គល ណុង វណ្ណៈ ទាក់ទង​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ករណី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យ៉ាងណាក៏ដោយ ក៏​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​លើ​បុគ្គល​នេះ​តាមច្បាប់​ដែរ ដោយសារ​គេ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​តុលាការ​និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ឆ្នាំង​៕

Hong-0242លោក ណុង វណ្ណៈ ដែលសមត្ថកិច្ចមិនហ៊ានប៉ះពាល់រឿងបទល្មើសដីធ្លី