សម្តេច ហេង សំរិន៖ ការខិតខំរបស់ យើងពេលនេះ ជាសមិទ្ធផល កូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ នៅមុនមហាសន្និបាតសភាតំបន់អាស៊ី ប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ នេះ         សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាម ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត បានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូ ជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូអ្នកសង្កេតការណ៍ និងអង្គការដៃគូរបស់សភាតំបន់អាស៊ី ដែលអញ្ជើញមកចូលរួម មហាសន្និបាតសភាតំបន់អាស៊ី ចូលជួបសម្តែងការគួរសម នៅសណ្ឋាគារ សុខាភ្នំពេញ និងរ៉េស៊ីដង់។

ប្រភពព័ត៌មានពីរដ្ឋសភា បានថ្លែងឲ្យដឹងថា សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូទំាងអស់ ដែលមានវត្តមាននៅលើទឹកដីអង្គរនៅពេលនេះ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ជិត២០ឆ្នាំមកនេះ សភាតំបន់អាស៊ីបានសម្រេចកិច្ចការជាច្រើន ប៉ុន្តែបញ្ហាក៍នៅមានច្រើនដែរ ដែលតម្រូវឲ្យប្រធានស្ថាបន័ នីតិប្បញ្ញត្តិក្នុងតំបន់ទំាងអស់បន្តខិតខំ ដោះស្រាយរួមគ្នាទៀត តាមយន្តការនីតិកម្ម។

សម្តេច បន្តថា “ឯកឧត្តម លោកជំទាវ ពិតជាបានលះបង់ កម្លំាងកាយកម្លំាងចិត្តច្រើនណាស់ ក្នុងការបំពេញតួនាទីនៅក្នុងសភាតំបន់អាស៊ីនេះ។ ខ្ញុំសង្ឃឹមថាការលះបង់របស់ឯកឧត្តម លោកជំទាវ ទំាងអស់មិនឥតប្រយោជន៍នោះទេ។ យើងសង្ឃឹមយ៉ាងមុតមាំថា អេភីអេ នឹងកសាងបាននូវសង្គមមួយដែលមានសុខសន្តិភាព ការរស់នៅដោយសុខដុមរមនាទំាងអស់គ្នា នៅក្នុងគ្រួសារអាស៊ីយើង”។

សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ដែលសភានៃព្រះរាជាណាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៅពេលនេះ មានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែធ្នូ ក្រោម ប្រធានបទ “ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុង តំបន់អាស៊ី”៕