ចិន​រិះគន់​អាមេរិក​ចំពោះ​ការដាក់​យន្តហោះ​ស៊ើបការណ៍​ទៅកាន់​សិង្ហ​បុរី​

ប៉េកាំង​៖រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​អាមេរិក​ពាក់ព័ន្ធ​ការដាក់​ពង្រាយ​យន្តហោះ​យោធា ប្រភេទ US Navy P-8 Poseidon ទៅកាន់​ប្រទេស​សិង្ហ​បុរី ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ខណៈ​ភាព​តានតឹង​កំពុង​កើតមាន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។ នេះ​បើតាម​សារព័ត៌មាន AP ។​

​ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការការពា​រ​ជាតិ រវាង​រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carton និង​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី លោក Ng Eng Hen ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ចំពោះ​កា​រប​ញ្ជូ​ប​យន្តហោះ P-8 ដែល​ប្រដាប់​ដោយ​បច្ចេកវិទ្យា Sensor និង​ប្រព័ន្ធ​រ៉ា​ដា ដែលមាន​សមត្ថភាព​ក្នុង​ប្រមូល​ព័ត៌មាន និង​បាញ់ប្រហារ​ទៅលើ​នាវាមុជទឹក​។ 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hua Chuying បាន​លើកឡើងថា យោធា​ដ៏​រឹងមាំ​របស់​សហរដ្ឋអាមេរិក នាពេល​បច្ចុប្បន្ន មិន​ផ្តល់​ភាពងាយស្រួល ចំពោះ​សាធារណៈជន និង​ផលប្រយោជន៍​រយៈពេល​យូរអង្វែង​នោះទេ ក្នុងចំណោម​បណ្តា​ប្រទេស​នៅក្នុង​តំបន់ យើង​សង្ឃឹមថា ភាគី​ដែល​ពាក់ព័ន្ធ នឹង​ផ្តល់​ភាព​ទុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​។ 

​    ​គួរ​បញ្ជាក់ថា ប្រទេស​ចិន​បច្ចុប្បន្ន​កំពុងមាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស អាស៊ីអាគ្នេយ៍​ចំនួន​៤ ក្នុងនោះ​រួមទាំង​សម្ព័ន្ធមិត្ត​របស់ សហរដ្ឋអាមេរិក​ផងដែរ គឺ​ប្រទេស វៀតណាម និង​ហ្វីលីពីន ហើយ​កាលពី​ខែតុលា​កន្លងទៅនេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង ល្បាត​នៅក្បែរ​ប្រជុំ​កោះ​ជម្លោះ Spratly ដែល​បង្ក​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានការ​ខឹងសម្បា​ជាខ្លាំង​៕

ចិន​រិះគន់​អាមេរិក​ចំពោះ​ការដាក់​យន្តហោះ​ស៊ើបការណ៍​ទៅកាន់​សិង្ហ​បុរី​