ក្រសួង​គ្រោង​ប្រើ​ពេល​៣​ឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​”សិទ្ធិ​ទទួល​ព័ត៌មាន”

តំណាង​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ​សាធារណៈ និង​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ ក្រសួង​នឹង​ប្រើ​ពេល ៣​ឆ្នាំ​ទៀត ដើម្បី​ឈាន​ទៅ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល និង​តំណាង​អ្នក​សារព័ត៌មាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ និង​យក​អនុសាសន៍​ពី​បណ្ដា​អ្នក​ពាក់ព័ន្ធ​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន ទទួល​បន្ទុក​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ឲ្យ​ដឹង​ថា ឆ្នាំ​២០១៨ សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​មាន​វិសាលភាព​ធំធេង និង​មាន​លក្ខណៈ​ស្មុគស្មាញ នឹង​ត្រូវ​បាន​អនុម័ត​ជា​ស្ថាពរ។

​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ លោក អ៊ុក គឹមសេង។ លោក​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ចែក​ចេញ​ជា ៩​ជំពូក និង ៣៤​មាត្រា ហើយ​ក្រសួង និង​តំណាង​អ្នក​សារព័ត៌មាន អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ នឹង​ឈាន​ទៅ​ធ្វើ​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​ឈាន​ទៅ​រក​កិច្ចប្រជុំ​នីតិប្បញ្ញត្តិ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដើម្បី​ឆ្លង​អនុម័ត។

លោក​បញ្ជាក់​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​នេះ ក្រសួង​នឹង​ខិតខំ​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នឹង​លេច​ចេញ​ជា​រូបរាង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ជូន​ប្រជាពលរដ្ឋ៖ «យើង​ប្រើ​ពេល​បី​ឆ្នាំ​ទៀត ដោយ​ចេញ​ពី​ក្រុម​ការងារ​បច្ចេកទេស រួច​ហើយ​បញ្ជូន​ទៅ​ពិនិត្យ និង​ពិភាក្សា​អន្តរ​ស្ថាប័ន ហើយ​នឹង​បញ្ជូន​ទៅ​កាន់​អង្គ​នីតិប្រតិបត្តិ រួច​ហើយ​បញ្ជូន​ទៅ​កាន់​កិច្ចប្រជុំ​នីតិប្បញ្ញត្តិ​នៃ​រដ្ឋ​សភា និង​ព្រឹទ្ធសភា​ដើម្បី​ឆ្លង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ»

​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ លោក ណែប ស៊ីនថៃ មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រសួង​ពិត​ជា​មាន​ការ​ប្ដេជ្ញា​មុះ​មុត​ដើម្បី​ឈាន​ទៅ​អនុម័ត​ច្បាប់​នេះ​ពិត​ប្រាកដ លោក​គិត​ថា ច្បាប់​នេះ​នឹង​អាច​អនុម័ត​បាន។ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា អាច​មាន​កត្តា​នយោបាយ​ណា​មួយ​បង្អាក់​ច្បាប់​មិន​ឲ្យ​សម្រេច​បាន​ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ​នេះ។

លោក​ជំរុញ​ឲ្យ​យក​អនុសាសន៍​ពី​បណ្ដា​អ្នក​ពាក់ព័ន្ធ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ ព្រោះ​សិទ្ធិ​ទទួល​ព័ត៌មាន គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដែល​ធានា​ដល់​ការ​បើក​ចំហ​ដំណឹង​ដោយ​តម្លាភាព និង​ជា​ផ្នែក​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ៖ «បើ​តាម​សន្ទុះ​នៃ​ការ​ជជែក​នៃ​កិច្ចប្រជុំ​កន្លង​មក  បើ​នៅ​តែ​បន្ត​ជា​ប្រចាំ យើង​នឹង​អាច​អនុវត្ត​បាន​ចប់​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​នេះ តែ​បើ​មាន​ការ​ឧបសគ្គ​នយោបាយ​ណា​មួយ ប្រហែល​ជា​ពិបាក»

ប្រធាន​ក្លឹប​អ្នក​ការ​សែត​កម្ពុជា លោក ប៉ែន បូណា បាន​ស្វាគមន៍​ចំពោះ​ការ​លេច​ចេញ​នូវ​រូបរាង​ពិត​ប្រាកដ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​ដែរ។ លោក​ថា កម្ពុជា ល្មម​ដល់​ពេល​មាន​ច្បាប់​នេះ​ហើយ ព្រោះ​ច្បាប់​នេះ​ប្រទេស​ម្ចាស់​ជំនួយ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​បង្កើត​ឡើង​នោះ​មាន​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ ដូច្នេះ​លោក​ថា រយៈពេល ៣​ឆ្នាំ​ទៀត ជា​ពេល​វេលា​ដែល​សមស្រប​បំផុត​សម្រាប់​កម្ពុជា៖ «ឥឡូវ​យើង​សុខ​ចិត្ត​រង់ចាំ​រយៈពេល​បី​ឆ្នាំ​ទៀត បើ​ច្បាប់​នេះ​ពិត​ជា​ចេញ​មក​ល្អ និង​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ»

ការវិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ក្រសួង​ព័ត៌មាន​បាន​សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​ថា អឹម.អូ.យូ (MOU) ជាមួយ​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ដើម​ឆ្នាំ​២០១៤ ដើម្បី​ដឹកនាំ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឲ្យ​បាន​ក្នុង​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ។ ស្រប​ពេល​គ្នា​នោះ​ដែរ ប្រទេស​ស៊ុយអែត (Sweden) ក៏​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ​សម្រាប់​ឲ្យ​ធ្វើ​ការងារ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។