សមត្ថកិច្ច​​​រង់ចាំ​លទ្ធផល​​សំណាក​ថ្មី​ទៀត​នៃ​ករណី​ឃាតកម្ម​គ្រួសារ​បារាំង​នៅ​កំពង់ស្ពឺ

ចៅក្រម​ស៊ើបសួរ​ជនជាតិ​បារាំង ទទួល​បន្ទុក​សំណុំ​រឿង​គ្រួសារ​លោក ឡូរ៉ង់ វ៉ាលីយេ (Laurent Vallier) ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​ថ្មី​ទៅ​លើ​មនុស្ស​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ និង​បាន​ផ្ដល់​ចម្លើយ​ខុសៗ​គ្នា​ក្នុង​ពេល​សាកសួរ។

ចំណែក​សមត្ថកិច្ច​កម្ពុជា បញ្ជាក់​ដែរ​ថា លទ្ធផល​នៃ​ការ​ពិនិត្យ​សំណាក​មួយ​ចំនួន​ដែល​រក​ឃើញ​នៅ​ជាមួយ​ជន​រងគ្រោះ​ ​ និង​អ្នក​ពាក់​ព័ន្ធ​នឹង​ជួយ​អោយ​មាន​ការវិវឌ្ឍន៍​ថ្មី​ទៀត​ក្នុង​សំណុំ​រឿង។

សមត្ថកិច្ច​បារាំង និង​កម្ពុជា កំពុង​រង់ចាំ​លទ្ធផល​នៃ​សំណាក​ដែល​បាន​​នាំ​យក​ពី​កម្ពុជា ទៅ​ពិនិត្យ​នៅ​ប្រទេស​បារាំង ដោយ​រំពឹង​ថា អាច​នឹង​ជួយ​អោយ​មាន​ពន្លឺ​ថ្មី​ទៀត​ក្នុង​សំណុំ​រឿង។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក ឆឹម ឫទ្ធី មាន​ប្រសាសន៍​ថា នៅ​ក្រោយ​ពេល​ទទួល​បាន​លទ្ធផល​ពិនិត្យ​សំណាក​ក្រុម​ការងារ ដែល​រួម​សហការ​គ្នា​រវាង​​កម្ពុជា និង​បារាំង អាច​នឹង​ចាប់​ផ្ដើម​ជំហាន​ថ្មី​មួយ​ទៀត៖ «គ្រាន់​រង់ចាំ​តែ​ពេល​វេលា​មួយ គឺ​ថា​យក អា.ដេ.អិន (ADN) ឬ ឌី.អិន.អេ (DNA) ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​ទឹក​មាត់​ ជា​មួយ​នឹង​ស្បែក​ជើង​ ដែល​បន្សល់​ទុក​ក្នុង​ឡាន​ ដើម្បី​រក​ឃើញ​ថា អ្នក​ណា​ជា​អ្នក​ប្រើ​ប្រាស់​ស្បែក​ជើង​ហ្នឹង​តែ​ប៉ុណ្ណឹង។ ៦​ខែ​ទៀត​ទើប​អាច​ដឹង​លទ្ធផល»

បុរស​ជនជាតិ​បារាំង ឈ្មោះ ឡូរ៉ង់ វ៉ាលីយេ អាយុ ៤២​ឆ្នាំ និង​កូន​ប្រុស​២ និង​ស្រី​២ មាន​អាយុ​ចាប់​ពី ២​ឆ្នាំ ដល់​ ៩​ឆ្នាំ ទាំង​ឪពុក និង​កូន បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១១។ ជិត​មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​មករា ឆ្នាំ​២០១២ ឆ្អឹង​សាកសព​ឪពុក​និង​កួន ៤​នាក់​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ឡាន​របស់​ជន​រងគ្រោះ ក្នុង​ស្រះ​ក្បែរ​ផ្ទះ​នៅ​ខែត្រ​កំពង់ស្ពឺ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ អោយ​ដឹង​ថា សំណុំ​រឿង​គ្រួសារ​លោក វ៉ាលីយេ នេះ ត្រូវ​បាន​សន្និដ្ឋាន​ជា​ផ្លូវការ​រួច​ហើយ​ថា ជា​ករណី​ឃាតកម្ម។ បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ក្នុង​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ជា​អ្នក​ដែល​​បាន​ផ្ដល់​ចម្លើយ​ខុសៗ​គ្នា​ក្នុង​ពេល​សាកសួរ។

ចៅក្រម​ស៊ើបសួរ​បារាំង អ្នកស្រី ក្លូឌីន អង់ហ៊្វូ (Claudine Enfoux) ទើប​បាន​បញ្ចប់​បេសកកម្ម​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា ក្នុង​សំណុំ​រឿង​លោក វ៉ាលីយេ។ ក្រុម​អ្នកស្រី​អរគុណ​សមត្ថកិច្ច​កម្ពុជា​ ដែល​បាន​សហការ រួម​ចំណែក​ធ្វើ​អោយ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​២ នឹង​បន្ត​ការ​សហការ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ប្រកប​ដោយ​តម្លាភាព។

កន្លង​ទៅ​ចៅក្រម​ស៊ើបសួរ​បាន​សួរ​មនុស្ស​ចំនួន ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ។ ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​នោះ ៣​នាក់ ជា​សាច់ញាតិ​ភរិយា​របស់​​លោក វ៉ាលីយេ មេ​ឃុំ និង​​សាក្សី។

សារព័ត៌មាន​​​ក្នុង​ស្រុក​បាន​រាយការណ៍​ថា សាច់ញាតិ​របស់​លោក វ៉ាលីយេ នោះ​មាន​ ម្ដាយ​ក្មេក គឺ​លោកស្រី សរ សាវី   ឪពុកក្មេក លោក ទិត្យ ឈួន និង​ប្អូន​ថ្លៃ​ស្រី។

លោក​ចៅក្រម​ ឆឹម ឫទ្ធី បញ្ជាក់​ថា ជន​ទី​៦ ម្នាក់​ទៀត​ ​ជា​អ្នក​ពាក់ព័ន្ធ​ថ្មី​ទើប​ត្រូវ​ដាក់​បន្ថែម៖ «អ្នក​ពាក់​ព័ន្ធ​គឺ​ដដែល គឺ​ទាំង ៥​នាក់​ដដែលៗ។ មាន​ថ្មី​ដែរ គឺ​គាត់​ជា​កូន​ប្រពន្ធ​មុន​របស់​លោក​ ឈួន»

ក្រុម​អ្នក​ជំនាញ​បារាំង ធ្លាប់​បាន​បង្ហាញ​លទ្ធ​ផល​នៃ​ធ្វើ​កោសលវិច័យ​ទៅ​លើ​គ្រោង​ឆ្អឹង​ជន​រងគ្រោះ​ថា ឪពុក​និង​កូន​៣​នាក់​ក្នុង​ចំណោម​កូន ៤​នាក់​នោះ ត្រូវ​បាន​គេ​សម្លាប់​មុន​នឹង​យក​​សព​ដាក់​ក្នុង​ឡាន​របស់​ជន​រងគ្រោះ រួច​រុញ​ឡាន​ទម្លាក់​ទឹក​ស្រះ​ពន្លិច​នៅ​ក្រោយ​ផ្ទះ​ជន​រងគ្រោះ ដើម្បី​បំបាត់​ដាន​កាល​ពី​ឆ្នាំ​២០១១។ ចំណែក​កូន​តូច​ជាង​គេ​របស់​លោក​ត្រូវ​រក​ឃើញ​ថា មិន​ទាន់​ស្លាប់​ទេ ​មុន​នឹង​គេ​រុញ​ឡាន​ដែល​ដាក់​កុមារ​តូច និង​សព​ដទៃ​ទៀត​នោះ​ទម្លាក់​ទៅ​ក្នុង​ទឹក​ស្រះ។

តាម​ការ​អះអាង​របស់​អ្នក​ជិត​ខាង ជនរងគ្រោះ ឡូរ៉ង់ វ៉ាលីយេ បាន​មក​កម្ពុជា ប្រហែល ១៣​ឆ្នាំ​មុន មាន​ការងារ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍។ ប្រពន្ធ​ខ្មែរ​របស់​លោក វ៉ាលីយេ បាន​ស្លាប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ ក្នុង​អំឡុង​ពេល​សម្រាល​កូន​ប្រុស​ពៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។