នគរបាល​ជំនាញ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា​ប្រឈមមុខ​ដាក់គ្នា​ក្នុង​រឿង​ជនជាតិ​យួន​

​បើទោះជា​នគរបាល​ព្រំដែន និង​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា ក្នុងស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​អះអាង​ផ្សេងៗ​គ្នា​ដើម្បី​ការពារ​ក្រុម​ខ្លួន​យ៉ាងណាក៏ដោយ ក៏​ប្រភពព័ត៌មាន​ពី​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​ការប្រឈមមុខ​ដាក់គ្នារ​វាង​នគរបាល​ព្រំដែន និង​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា​រហូតដល់​មានការ​ដាក់ពង្រាយ​កម្លាំង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនៅក្នុង​សប្តាហ៍​នេះ គឺ​ដោយសារតែ​រឿង​ទំនាស់​ដណ្តើម​ផលប្រយោជន៍​គ្នា​រវាង​នគរបាល​ព្រំដែន និង​នគរបាល​អន្តោប្រវេសន៍ ពាក់ព័ន្ធ​ករណី​ដណ្តើម​គ្នា​គ្រប់គ្រង​ក្នុង​កាស៊ីណូ​ភូមិ​ខ្ញុំ​ដែល​នៅជាប់​នឹង​មាត់ច្រក​ព្រំដែន​នោះ​តែម្តង​។​

​ជុំវិញ​បញ្ហា​នេះ នគរបាល​ការពារ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​កោះ​រកា ក្នុងស្រុក​ពាម​ជរ ខេត្តព្រៃវែង​បាន​ថ្លែង​ការពារ​ក្រុម​ខ្លួន​ថា ការដាក់​ពង្រាយ​កម្លាំង​នេះ​គឺធ្វើឡើង​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ក្នុង​គោលបំណង​ដើម្បី​ឃាត់ និង​ដេញ​ជនជាតិ​យួន​ដែល​ចូលមក​លេងល្បែង​ក្នុង​កាស៊ីណូ​ក្នុង​ដី​ខ្មែរ​តាមផ្លូវ​វាង​តូចៗ​ដោយ​ខុសច្បាប់​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​លិខិតស្នាម​ត្រឹមត្រូវ​ពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ជនជាតិ​យួន​ត្រឡប់​ទៅ​ចូល​តាម​ច្រក​ធំ​វិញ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​លិខិតស្នាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង បើសិន​ជាមាន​បញ្ហា​អ្វី​កើតឡើង​ក្នុង​ទឹកដី​កម្ពុជា​។​

​ចំណែក​នគរបាល​អន្តោ​ប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា ក្នុងស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ស្តីបន្ទោស​ការដាក់​ពង្រាយ​កម្លាំង​ខាងលើ​បានធ្វើ​ឲ្យ​ជនជាតិ​យួន​ដែល​ឆ្លងដែន​មានការ​ភ័យខ្លាច ហើយ​លែង​ហ៊ាន​ចូល​ទឹកដី​កម្ពុជា​ទៀតផង ។ ក្រុមមន្ត្រី​នគរបាល​អ​ន្តោ​ប្រវេសន៍​បាន​ចោទប្រកាន់​នគរបាល​ព្រំដែន​ថា​កំពុងតែ​លូកដៃ​ជ្រៀតជ្រែក​លើ​ភារកិច្ច​របស់ខ្លួន​។​

​ការដែល​មានរឿង​ដាក់ពង្រាយ​កម្លាំង​ដេញ​ភ្ញៀវ​ជនជាតិ​យួន​មិន​ឲ្យ​ចូល​លេងល្បែង​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ហេតុផល​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​ឯកសារ​លិខិតស្នាម​បែបនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​ពាម​ជរ​រិះគន់ថា​ដោយសារតែ​រឿង​ទំនាស់​ដណ្តើម​ផលប្រយោជន៍​គ្នា​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​ពន្យល់ថា កាលពីមុន​កាស៊ីណូ​ភូមិ​ខ្ញុំ​គ្រប់គ្រង​ដោយ​នគរបាល​ព្រំដែន ប៉ុន្តែ​ពេលនេះ​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ដណ្តើមយក​ទៅគ្រប់​គ្រង​វិញ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​មានរឿង​ដាក់ពង្រាយ​កម្លាំង​ដេញ​ជនជាតិ​យួន ខណៈ​ជនជាតិ​យួន​នៅតែ​អាច​ឆ្លងដែន​ខុសច្បាប់​ចូល​ដី​ខ្មែរ​តាម​បណ្តា​ច្រក​ផ្សេងៗ​យ៉ាងច្រើន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រៃវែង​៕

49ab65d7-afe8-4cc7-b9eb-12d313f0f7a04ee276ab-3404-48e8-bacf-560185043432