​ឈ្មួញ​នៅតែ​បន្ត​កាប់​ឈើ​ប្រណីត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈើ​ប្រភេទ​សុ​ក្រំ ផ្ចឹក ធ្នង់ បេង និង​នាងនួន នៅក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​បាននិងកំពុង​ត្រូវគេ​កាប់បំផ្លាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ស្ទើរ​រលាយ​ហិនហោច​។ ចំណែក​សត្វ​ព្រៃធំៗ​ដូចជា ដំរី ខ្ទីង ទន្សោង​ជាដើម​ក៏​គេ​កម្រ​បានឃើញ ដូច​កាលពីមុន​ដែរ ព្រោះ​សព្វថ្ងៃ​គេ​អាច​មើលឃើញ​ត្រឹម​ឡាន​កែច្នៃ​ធុន​ធំ​ប្រភេទ​ដំរីទឹក ប្រភេទ​បង្កុង និង​គោយន្ត​កន្ត្រៃ ជំនួស​ឲ្យ​វត្តមាន​នៃ​សត្វព្រៃ​ដ៏​កម្រ​ទាំងនោះ​។​

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​និយាយថា កុំថាឡើយ​ព្រៃ​ការពារ ឬ​ព្រៃ​អភិរក្ស​ដែល​រង​នូវ​ការកាប់បំផ្លាញ សូម្បី​ឈើ​នៅក្នុង​សហគមន៍​ដែល​បម្រុង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រើប្រាស់ និង​ទុក​សម្រាប់​ឲ្យ​ពួកគេ​ស្គាល់​នូវ​ប្រភេទ​ដើមឈើ​ព្រៃ​ក្នុងស្រុក​ខ្មែរ​ក៏​គេ​លួច​កាប់​ស្ទើរ​គ្មាន​សល់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទោះបី​មានឈ្មោះ​ជា​ព្រៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ ក៏ប៉ុន្តែ​បើ​គេ​ចូល​ទៅដល់​ក្នុង​តំបន់​ព្រៃ​ជ្រៅ​គេ​មិនអាច​ស្តាប់ ឮ​សំឡេង​សត្វព្រៃ​យំ ឬ​ស្រែក​ឡើយ ក្រៅពី ឮ​សំឡេង​រណារយន្ត​អារឈើ​ទាំងយប់​ទាំង​ថ្ងៃ​។​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​បានកើត​ឡើង​នៅ​ភូមិ​អ​ន្ទ្រ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​ពេ​ជ្រា​ដា ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អ្នក​កាប់​ឈើ​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ព្រោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​គ្មាន​ការអភិវឌ្ឍ​អ្វី​ទេ​ក្រៅពី​កាប់​ឈើ​ដឹកជញ្ជូន​ចេញ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មិន​ហ៊ាន​ទប់ស្កាត់​ផងដែរ​។​

ចំពោះមុខ​បញ្ហា​នេះ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​បាន​រិះគន់ថា​គ្រប់​ដី​សម្បទាន គឺ​គេ​មិនដែល​ឲ្យ​វិនិយោគ​ក្នុង​តំបន់​ព្រៃស្តុក​ឡើយ គឺអាច​វិនិយោគ​តែ​ក្នុង​ដី​តំបន់​រេចរឹល​ប៉ុណ្ណោះ​តែ​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​បែរជា​ដឹកឈើ​រាប់​ឆ្នាំ​មកហើយ ដោយ​ឈើ​ទាំងនោះ​ទៀតសោត​សុ​ទ្ឋ​តែ​ជា​ប្រភេទ​ឈើ​ស្រស់​ថ្មីៗ​ដែល​មានតែ​នៅក្នុង​ព្រៃស្តុក​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អ្នក​កាប់​ឈើ​ភាគច្រើន​ជា​អ្នកមានអំណាច​៕

hour-00272 40abace1e6fdee9e13d15a48d298b3f3_L 1897761_963810213692719_3752373062850228821_n