វិចារណកថាៈ ហេតុអ្វីបទល្មើស នេសាទ កើតឡើងគ្មានទីបញ្ចប់?

 នៅក្នុងរដូវបើកនេសាទចុងឆ្នាំ២០១៥នេះ បទល្មើសនេសាទ នៅក្នុងតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំជាដើម នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក។ តាមប្រភពពីប្រជា នេសាទ នៅតាមបណ្តា ខេត្តទាំងនេះ បានឲ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល មិនទាន់ចាត់វិធានការបង្រ្កាប បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ នៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ បទល្មើសប្រើឧបករណ៍ខុសច្បាប់ ដើម្បីចាប់ត្រី បានកើតឡើងតាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទ នៅតែសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការ ទប់ស្កាត់។ មានន័យថា ទាល់តែថ្នាក់លើចុះ ទៅទើបមន្ត្រីជលផលតាមបណ្តាខេត្តទាំងនេះ ធ្វើសកម្មភាពបង្រ្កាប បទល្មើសនេសាទយកស្នាដៃ បង្ហាញថ្នាក់លើ។

 ប្រភពពីប្រជានេសាទ ក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ នៅក្នុង ស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង និងស្រុកបរិបូរណ៌ នៅតែបន្តកើតមានយ៉ាងពេញបន្ទុក។ ជាពិសេស នៅក្នុងរដូវបើកនេសាទឆ្នាំ២០១៥នេះ បទល្មើសនៅតែបន្តកើតមានយ៉ាងគំហុក ព្រោះមន្ត្រីរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង គ្រប់លំដាប់ថ្នាក់ហាក់ដូចជាមិនសូវបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ ។ ប្រជានេសាទ ជាលក្ខណៈគ្រួសារបានរិះគន់ថា នៅពេលពួកគាត់ប្រើឧបករណ៍ស្របច្បាប់ ដើម្បីចាប់ត្រីត្រូវបាន មន្ត្រីជំនាញរដ្ឋបាលជលផលធ្វើការគំរាមកំហែងសព្វបែបយ៉ាង ។ ប៉ុន្តែ នៅពេលដែលឈ្មួញធំៗ ជាពិសេស ជនជាតិវៀតណាម ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ បែរជាមន្ត្រីរដ្ឋបាល ជលផលមើលមិនឃើញ។

 អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងខណៈដែលបទល្មើសនេសាទ ក្នុងបឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង កំពុងរាលដាលយ៉ាងពេញបន្ទុក ស្រាបតែមានការតែងតាំងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តនេះ ចំនួន ៥រូបបន្ថែមទៀត។ ជុំវិញបញ្ហានេះ ប្រជានេសាទជាលក្ខណៈគ្រួសារបានវាយតម្លៃទុកជាមុនថា នៅពេល ដែលមានថ្នាក់ដឹកនាំរដ្ឋបាលជលផលក្នុងខេត្តកំពង់ឆ្នាំងកាន់តែច្រើន គឺបទល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់ក៏អាចកើតឡើងកាន់តែច្រើនដែរ ។ ដោយសារថា កន្លងមក ក៏ដូចជាបច្ចុប្បន្ននាយខណ្ឌរដ្ឋបាល ជលផល និងនាយរងទាំងអស់ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទតាមតួនាទីរបស់ខ្លួនទេ ហើយគិត គួរតែផលប្រយោជន៍ប៉ុណ្ណោះ ។ ដូច្នេះហើយ ទើបល្មើសនេសាទកាន់តែរាលដាល ព្រោះមន្ត្រីរដ្ឋបាលជលផល ជាអ្នកនៅពីក្រោយខ្នងក្រុមជនល្មើស។

 នៅខេត្តសៀមរាបឯណោះវិញ ប្រជានេសាទ នៅតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក៏ដូចជានៅស្រុក ប្រាសាទបាគង និងស្រុកសូទ្រនិគម បានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ ក្នុងមូលដ្ឋាន របស់ពួកគាត់នៅតែកើតមានយ៉ាងរាលដាល ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការ ទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ជនជាតិវៀតណាមដែលអាចប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីបាន គឺពួកគេបង់លុយប្រចាំខែទៅឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ រាប់រយរាប់ពាន់ដុល្លារក្នុង ១ខែៗ ។ ប្រការនេះហើយ ដែលធ្វើឲ្យបទល្មើសនេសាទក្នុងបឹងទន្លេសាប នៃខេត្តសៀមរាបបន្តកើតមានយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចបង្ក្រាបតែប្រជានេសាទ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។ មានន័យថា មន្ត្រីរដ្ឋបាលជនផល គឺជាអ្នកទទួលខុសត្រូវធំជាងគេ ចំពោះបទល្មើសប្រើឧបករណ៍ខុសច្បាប់បំផ្លាញត្រី នៅក្នុងបឹងទន្លេសាប ខេត្តសៀមរាប។

 ដោយឡែក នៅខេត្តកំពង់ធំ គឺតំបន់បឹងទន្លេសាប ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ បទល្មើសនេសាទ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យបំផុត ហើយអ្នកនេសាទជនជាតិវៀតណាម អាចប្រើឧបករណ៍ ខុសច្បាប់ តាមអំពើចិត្ត ។ អ្នកនេសាទជនជាតិវៀតណាមបានប្រាប់ប្រជានេសាទខ្មែរថា ពួកគេបង់លុយឲ្យមន្ត្រី រដ្ឋបាល ជលផល និងសមត្ថកិច្ចពាក់ព័ន្ធរាប់លានរៀល ក្នុង១ទូកៗ ទើបអាចប្រព្រឹត្តបទល្មើសនេសាទ យ៉ាងសុខស្រួល ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ក៏ដូចជានាយរង និងមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ ត្រូវបានគេដឹងថា ឃុបឃិតគ្នាដើម្បីផលប្រយោជន៍ ហើយមិនខ្វល់ពីការបង្ក្រាបបទល្មើសឡើយ។ ប្រការនេះ ក្រសួង និងស្ថាប័ន ពាក់ព័ន្ធត្រូវពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ នៅតែកើតឡើង គ្មានទីបញ្ចប់ក្នុងខណៈដែលធនធានមច្ឆជាតិ កំពុងឈានទៅរកសេចក្តីវិនាស៕