ក្មេង​ស្ទាវ​២​ក្រុម​មាន​គ្នា​ជិត​២០​នាក់ ​បើក​ឆាកប្រយុទ្ធ​គ្នា ​ស្លាប់​ម្នាក់​ របួស​​២​នាក់

រាជធានី​ភ្នំពេញ ៖​ ក្មេង​ស្ទាវ​២​ក្រុម​ មួយ​ក្រុម​មាន​គ្នា​៧​នាក់​ និង​មួយ​ក្រុម​ទៀត ​មាន​គ្នា​៨​នាក់​ ប្រដាប់​ដោយ​ដែកឆាប និង​​ដុំ​​ថ្ម​គ្រប់​ដៃ​ ​​ពេល​​ចេញពី​ក្លឹ​ប​មើល​មុខ​​​និង​​ឌឺដង​ដាក់​គ្នា ​​បង្ក​ជា​ការ​ក្រោធ​ខឹង​រហូត​ឈាន​ដល់​ការ​បើក​ឆាកប្រយុទ្ធ​​ស៊ីសាច់​ហុត​ឈាម​គ្នា​​នៅ​មុខក្លឹបកម្សាន្ត​យីហោ «មាលី» ​បណ្តាល​​ឱ្យ​​យុវជន​ម្នាក់​ស្លាប់​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​ និង​២​នាក់​ទៀត​​រង​របួសស្រាល​ បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​២និង៤០​នាទី​​រំលង​អធ្រាត្រ​ឈាន​​ថ្ងៃ​៩​ ធ្នូ ​២០១៥​ នៅតាម​បណ្តោយ​​មហា​វិថី​​ព្រះ​មុនី​រ៉េ​ត ​​​ស្ថិត​នៅ​ក្នុងភូមិ​ទ្រា​៣ ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ ចិន ​វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ ។ ចំណែក​​យុវជន​​២នាក់ ​ដែល​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។​

យុវជន​​សង្ស័យ​​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​​បាន​៨​នាក់​ ​មាន ​​១-ឈ្មោះ ​​រុន សុខ​វ៉ា ​អាយុ​១៥​ឆ្នាំ ​​២-ឈ្មោះវែង ​លី​ឈាន ​អាយុ​១៨​ឆ្នាំ ៣-ឈ្មោះចាន់ តារា​សកល​អាយុ​១៦​ឆ្នាំ ៤-ឈ្មោះសាត់ តារា​ អាយុ​១៥​ឆ្នាំ​ ៥-ឈ្មោះម៉ៅ សំរេច​ ​អាយុ​១៧​ឆ្នាំ ទាំង​៥​នាក់​មាន​ទីលំនៅ​ភូមិ​ទីទុយ​ សង្កាត់​ព្រៃ​ស​ សង្កាត់​ដង្កោរ ខណ្ឌដង្កោរ ៦-ឈ្មោះ មុំ​ ដា​វុ​ធ ​​អាយុ​២៤​ឆ្នាំ ​ជា​កម្មករ​រោងចក្រ មាន​​ទីលំនៅ​ក្នុងភូមិ​ទួល​ពង្រ ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៧-ឈ្មោះ ឃុន សម្បត្តិ អាយុ​១៥​ឆ្នាំ ​ស្នាក់​នៅ​​​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង៨-ឈ្មោះ​ ម៉​ន ទាវ (​អ្នក​ចាក់​សម្លាប់ )​ ​អាយុ​២៨​ឆ្នាំ​ ​ជា​​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​​​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕