អាកាសយានដ្ឋាន Bago នឹង​ធ្វើ​ឱ្យ​មី​យ៉ា​ន់​ម៉ា​មានកេរ្តិ៍ឈ្មោះ​ល្អ​ប្រសើរ​ឡើង

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ៖ «​ថ្ងៃ​អនាគត មី​យ៉ា​ន់​ម៉ា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ក្នុង​តំបន់​មួយ ដែល​ពឹងផ្អែក​លើ​ការ​អភិវឌ្ឍ​ក្នុង​កម្រិត​ទូលំទូលាយ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មជ្ឈមណ្ឌល​អាកាសយានដ្ឋាន Hanthawaddy នា​ពេល​ខាង​មុខ​» ។

ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ពិភាក្សា​លើ​ច្បាប់​ថ្មី ដែល​ចាំបាច់​ក្នុង​ការ​បង្កើត​អាជ្ញាធរ​អាកាសយានដ្ឋាន​ជាតិ​មួយ លោក Nyan Htun Aung មាន​ប្រសាសន៍​ថា ៖ «​ការ​អភិវឌ្ឍ​ព្រ​លាន​យន្តហោះ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិត្តិនាម​របស់​មី​យ៉ា​ន់​ម៉ា​» ។

លោក​បន្ត​ថា ៖ «​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប្រហែលជា​ពិចារណា​ធ្វើ​ឲ្យ​ប្រព័ន្ធ​អាកាសចរណ៍​នេះ​មាន​ស្តង់ដា​ខ្ពស់ ប្រសិនជា​មាន​ច្រកចូល​អាច​ធ្វើ​ទៅ​រួច​ដើម្បី​ជំរុញ​ឱ្យ​អាកាស​យាន​ដ្ឋាន Hanthawaddy ធ្វើការ​ប្រកួតប្រជែង​បាន​ទាន់​ពេលវេលា​» ។

Hanthawaddy មា​នទី​តាំងនៅ​តំបន់ Bago ប្រមាណ​ជា​៤៨​ម៉ា​យ​ពី​ភាគ​ខាងជើង​ក្រុង​រ៉​ង់​ហ្គូ​ន និង​ស្ថិត​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa និង Dawei ។ តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa មា​នទី​តាំងនៅ​ភាគ​ខាងត្បូង​ក្រុង​រ៉​ង់​ហ្គូ​ន ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស Dawei ស្ថិត​នៅ​តំបន់  Tanintharyi ។

រីឯ​ការ​បញ្ចប់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នោះ ត្រូវ​បាន​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត ដែល​បច្ចុប្បន្ន​គេ​បាន​ដាក់​ទិស​ដៅ​ឱ្យ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០២២ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុង​ការ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដាអង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ និង​ការ​សិក្សា​ពី​របៀប​ប្រតិបត្តិការ​របស់​បណ្តា​អាជ្ញាធរ​ព្រ​លាន​យន្តហោះ និង​អាកាសចរណ៍​នៅ​តាម​ប្រទេស​ដទៃ ។ អ្នក​ជំនាញការ​បរទេស​គួរតែ​ណែនាំ​ពី​ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រព័ន្ធ​ជំនួយ​ដល់​ការ​ធ្វើ​ដំណើរ​ដ៏​ប្រសើរ​បំផុត​ផង​ដែរ ។

គួរ​រំឭក​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ចូលរួម​ជាមួយ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ​នៅ​ឆ្នាំ​១៩៤៨ ។ អាកាសយានដ្ឋាន​ថ្មី គឺជា​ក្តី​សុបិន​លើក​ដំបូង​កាលពីដើម​ទសវត្សរ៍​ទី​៩០ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យារពេល​នៅ​ចន្លោះ​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០១៣ ។

គម្រោង​មិន​ត្រឡប់​ក្រោយ​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នេះ ត្រូវ​បាន​ពន្យារពេល​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ ប៉ុ​ន្តែ​បើ​តាម​របាយការណ៍​ព័ត៌មាន​របស់​រដ្ឋ​ឱ្យ​ដឹង​ថា បណ្តា​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​នានា​កំពុង​ដក​ពិសោធន៍​នូវ​ការ​បង្អាក់​ឥណទាន​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​នេះ ។

សូម​បញ្ជាក់​ថា នៅ​ពេល​គម្រោង​ត្រូវ​បាន​បញ្ចប់ ព្រ​លាន​យន្តហោះ​នេះ​នឹង​ក្លាយជា​ព្រ​លាន​យន្ត​ធំ​ជាងគេ​បំផុត​របស់​មី​យ៉ា​ន់​ម៉ា ដែល​អាច​ផ្ទុក​អ្នកដំណើរ​រហូត​ដល់​១២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ៕