កសិករ​៤​ខេត្ត​ទទួល​ការ​បណ្តុះបណ្តាល​ពី​ការ​ផលិត​ចំណី​សត្វ​បែប​ធម្មជាតិ

ខេត្ត​ត្បូងឃ្មុំ ៖ គោក្របី​ជា​សត្វ​ដែល​ប្រជា​កសិករ​នៅ​គ្រប់​ទិស​ទី​តែងតែ​ប្រើប្រាស់​សម្រាប់​អូស​នង្គ័ល​បង្កបង្កើន​ផល ដាំ​ដុះ​ដំណាំ​ស្រូវ ដោយ​មើលឃើញ​នៅ​ក្នុង​រដូវប្រាំង​នេះ​មានការ​ខ្វះខាត​ចំណី​នោះ​ទើប​កម្មវិធី​បណ្តុះបណ្តាល​ដាំ​ដំណាំ ចំណី​សត្វ ការ​ថែទាំ ការ​គ្រប់គ្រង ការ​ផលិត​ផ្អក​ស្មៅ ផ្អក​ពោត ផ្អក​ត្រួយ​ដំឡូង​មី និង​ផ្អក​ចំបើង ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ និង​ទី​៨ ធ្នូ ២០១៥ នៅ​ភូមិ​អំពិល​ជ្រុំ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ   ដោយ​មាន​គ្រូ​ជនជាតិ​អូស្ត្រាលី​ជួយ​បង្រៀន​ផង​ដែរ ។

ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត លោក រី ដា​វិ​ន បាន​ឲ្យ​ដឹង​ថា ចំពោះ​កសិករ ដែល​បាន​មក​ចូលរួម​ទទួល​ការ​បណ្តុះបណ្តាល​នេះ មក​ពី​តាម​បណ្តា​ខេត្ត​ចំនួន​៤​រួម​មាន ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ រួម​ទាំង​មន្ត្រី​ជំនាញ​ទៀត​សរុប​ចំនួន​៣៥​នាក់ ដោយ​បាន​បង្រៀន​ពី​ទ្រឹស្តី​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​អនុវត្តន៍​ផ្ទាល់​តែ​ម្តង ដើម្បី​ឲ្យ​ពួក​គាត់​ចេះ​ពី​របៀប​ផលិត​ចំណី​សត្វ ការ​ថែទាំ ការ​គ្រប់គ្រង ការ​ផលិត​ផ្អក​ស្មៅ ព្រមទាំង​បច្ចេកទេស​ផ្សេង​ៗ​ទៀត​សម្រាប់​បំពេញ​កង្វះខាត​សម្រាប់​ជា​ចំណី​របស់​សត្វ​គោ និង​ក្របី​ទាំងនោះ ។

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ផ្អក​ស្មៅ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ពី​ធម្មជាតិ​សុទ្ធសាធ ដោយ​អាច​រក្សា​ទុក​បាន​រយៈពេល​ពី​៦​ខែ​ទៅ​១​ឆ្នាំ ដោយ​មិន​មានការ​ខូច​នោះ​ទេ ហើយ​នៅ​ក្នុង​រដូវប្រាំង​ខាង​មុខ ពេល​ដែល​មាន​អាកាសធាតុ​ក្តៅហែង​នោះ នៅ​តាម​ទីវាល​មួយ​ចំនួន​ស្មៅ​ដែល​ដុះ​នៅ​លើ​ដី នឹង​ត្រូវ​ក្រៀម​ស្វិត​ស្រពោន​ខូច ឬ​អាច​ងាយ​ឆេះ​ដោយ​អគ្គិភ័យ កត្តា​នេះ​មិន​អាច​ធ្វើ​ឲ្យ​គោក្របី​នឹង​ត្រូវ​ប្រឈម​នូវ​កង្វះខាត​ចំណីអាហារ ។ ក្រោយ​ពី​បាន​ស្តាប់​ការ​ពន្យល់​របស់​គ្រូ​ជនបរទេស រួម​នឹង​គ្រូ​កម្ពុជា​មានបទពិសោធន៍​ខ្ពស់​នោះ បាន​ធ្វើ​ឲ្យ​សិក្ខាកាម​បាន​យល់​ដឹង​ខ្ពស់ និង​ចេះ​ពី​ការ​ផលិត​ផ្អក​ពោត ផ្អក​ដំឡូង​មី  ព្រមទាំង​ផ្អក​ចំបើង​ជាដើម ក្នុង​ការ​យក​ពី​បច្ចេកទេស​ខាងលើ​ទៅ​អនុវត្ត​ផ្ទាល់​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន ។

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​បញ្ជាក់​ថា ផ្អែក​តាម​ការ​បង្រៀន​របស់​អ្នកជំនាញ​ខ្មែរ និង​បរទេស បាន​ធ្វើ​ឲ្យ​កសិករ​ដែល​មក​ពី​៤​ខេត្ត​ខាងលើ​ទទួល​បាន​ចំណេះដឹង​គ្រប់​ៗ​គ្នា​សម្រាប់​យក​ទៅ​អនុវត្ត​នៅ​ក្នុង​ក្រុម​គ្រួសារ​នីមួយ​ៗ រក​ពិធីសា​ស្ត្រី​ដើម្បី​ផ្តល់​ចំណី​ឲ្យ​គោក្របី​បាន​គ្រប់គ្រាន់ ព្រមទាំង​ការ​ថែទាំ​សុខភាព​គោក្របី បញ្ជៀ​ស​នូវ​ជំងឺ​ផ្សេង​ៗ​ផង​ដែរ ។

ជាមួយ​នោះ​ដែរ កសិករ​អាច​ចែករំលែក​នូវ​ចំណេះដឹង​របស់​ខ្លួន ជួយ​បង្រៀន​ត​ៗ​គ្នា​ទៅ​ដល់​អ្នក​ដទៃ​បាន​ថែម​ទៀត ដូច្នេះ​កាន់តែ​ប្រសើរ​ឡើង ដែល​ធ្វើ​ឲ្យ​កសិករ​ចេះ​ផលិត​ចំណី​សត្វ ផ្អក​ស្មៅ ផ្អក​ពោត​ខាងលើ​នោះ ហើយ​វគ្គ​នេះ​ត្រូវ​បាន​កកើត​ដោយ​លោក​បណ្ឌិត សួន សុ​ធឿ​ន អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ផង​ដែរ ៕