វៀតណាម​សម្លឹង​ឃើញ​កំណើន​យ៉ាង​គំហុក​ពី​ការ​វិនិយោគ

ប្រទេស​វៀតណាម ៖ វៀតណាម​រំពឹង​ថា ការ​ចំណាយ​លើ​ការ​វិនិយោគ​ផ្ទាល់ ពី​បរទេស (FDI)​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុងឆ្នាំនេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​អាជីវកម្ម ក្នុង​អំឡុង ពេល​វិនិយោគិន​កំពុង​ស្វែងរក​ផល​ប្រ​-​យោជន៍ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ ប៉ា​ស៊ី​ហ្វិ​ក ។

រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ លោក Bui Quang Vinh បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ចំណាយ​របស់ FDI ក្នុង​ឆ្នាំ​២០១៥ ស្មើនឹង​១៤​ប៊ី​លាន​ដុល្លារ និង​១,៥​ប៊ី​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំ​មុន ។ ការ​សន្យា​របស់ FDI ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ជាង​ឆ្នាំ​មុន ចំនួន​២១,៩​ប៊ី​លាន​ដុល្លារ » ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ « ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​វិនិយោគ​របស់​យើង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នឹង​អាច​ជួយ​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​បន្ថែម​ទៀត​ដើម្បី​ប្តូរ​ទិស​ដៅ​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​មក​វិនិយោគ​នៅ​វៀតណាម » ។

កំណើន​នៃ​ការ​វិនិយោគ​បរទេស​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​មក​វិនិយោគ​យ៉ាងច្រើន ជា​ពិសេស ប្រទេស​ជិតខាង ដូច​ជា របាយការណ៍​នៃ​ការ​ធ្លាក់​ចុះ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​បង្កើន​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​វៀតណាម ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ឱ្យ​ដឹង​ថា ប្រទេស​ដែល​ឈរ​នៅ​លំដាប់​ធំ​បំផុត​ក្នុង​កិច្ចព្រមព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​ទាំង​១២ នឹង​ជួយ​ជំរុញ​ការ​នាំ​ចេញ​ដោយ​កាត់​បន្ថយ​ការ​បង់ពន្ធ​នៃ​ផលិតផល រួម​មាន ស្បែកជើង អាហារ​សមុទ្រ និង​សម្លៀក​បំពាក់ ជាដើម ។

ចំណែក​លោក Trinh Nguyen ឱ្យ​ដឹង​ថា ៖ « លំហូរ​ចូល​នៃ​មូលធនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​វៀតណាម ដូច​ជា បាន​ជំរុញ​ឱ្យ​ការ​នាំ​ចូល​នូវ​ទំនិញ​ផ្សេង​ៗ​ទៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម ។ នេះ​ជា​វិធី​ដែល​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​បន្ថែម​ទៀត ដើម្បី​ដំណើរការ​ផ្តល់​មូលនិធិ​ក្នុង​ការ​វិនិយោគ ដែល​វៀតណាម​ត្រូវការ​សម្រាប់​ធ្វើការ​អភិវឌ្ឍ » ។

យោង​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យ​ដឹង​ថា វៀតណាម​បាន​ព្យាករណ៍​ទៅ​លើ​ការ​លូតលាស់​ខ្លាំង​បំផុត​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ក្នុងឆ្នាំនេះ ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៦ ។ កំណើនសេដ្ឋកិច្ច​របស់​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​ល្បឿន​ក្នុង​ឆមាស​ទី​២​នេះ ដោយសារ​តែ​កំណើន​នៃ​ការ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន ការ​ផលិត​សម្រាប់​នាំ​ចេញ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ។

ធនាគារពិភពលោក​ឱ្យ​ដឹង​ថា កិច្ច​ព្រម ព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក នឹង​ជំរុញ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​កើនឡើង​៨% និង​ជំរុញ​ការ​នាំ​ចេញ​១៧% ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ៕