ថៃ​កាត់​កាតព្វកិច្ច​ពន្ធ​នាំ​ចូល​តាម​បំពង់​នាំ​ប្រេង និង​ហ្គា​ស

ប្រទេស​ថៃ ៖ ការិយាល័យ​គោលនយោបាយ​សារពើពន្ធ (FPO) ឲ្យ​ដឹង​ថា ក្រសួង​ហិរញ្ញវត្ថុ​បាន​ថ្លឹងថ្លែង​លើ​ការ​កាត់​កាតព្វកិច្ច​ពន្ធ​លើ​ទំនិញ​ប្រមាណ​១.០០០​មុខ ដើម្បី​ពង្រឹង​ការ​ប្រកួតប្រជែង​របស់​ប្រទេស​ជាតិ ។

ប្រធាន​ការិយាល័យ​គោលនយោបាយ​សារពើពន្ធ លោក Krisada Chinavicharana មាន​ប្រសាសន៍​ថា ៖ « មុខទំនិញ​ដែល​បាន​កំណត់​ក្នុង​ទិស​ដៅ​នេះ គឺជា​ប្រភេទ​ផលិតផល​សម្រេច និង​ពាក់កណ្តាល​សម្រេច » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ការិយាល័យ​លោក​បាន​កំណត់​កាត់​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ចំនួន​៧០០​មុខ​ក្នុង​ចំណោម​១.០០០​មុខ ដែល​នឹង​មិន​ដាក់បន្ទុក​លើ​ការ​គំរាមកំហែង​ដល់​បណ្តា​ប្រតិបត្តិ​ករ​ក្នុងស្រុក​ដែល​ផលិតផល​ទាំងនោះ​ឡើយ ។ ចំណែក​មុខទំនិញ​ដែល​នៅ​សេសសល់ គឺ​ស្ថិត​ក្រោម​សេចក្តីសម្រេច​របស់​ក្រសួង​ហិរញ្ញវត្ថុ»។

ការ​កាត់​បន្ថយ​ក្នុង​ផ្នែក​កាតព្វកិច្ច​ពន្ធ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​នៅ​ដើមឆ្នាំ​ក្រោយ ។ រីឯ​សក្តានុពល​នៃ​ការ​កាត់​បន្ថយ​កាតព្វកិច្ច​ពន្ធ​នាំ​ចូល​សម្រាប់​ផលិតផល​១.០០០​មុខ​នោះ គឺ​នឹង​ប្រតិបត្តិ​តាម​រចនាសម្ព័ន្ធ​ពន្ធ​នាំ​ចូល​ថ្មី ដែល​ត្រូវ​បាន​ប្រតិបត្តិ​ក្នុង​អំឡុង​ឆ្នាំ​ថ្មី​នេះ ។

នៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី ការ​នាំ​ចូល​វត្ថុធាតុដើម និង​ទំនិញ​វិនិយោគ (​សម្ភារ​បរិក្ខា​...) ត្រូវ​បាន​លើកលែង ឬ​រួច​ពន្ធ ខណៈ​ផលិតផល​ពាក់កណ្តាល​សម្រេច​ត្រូវ​បាន​គេ​យកពន្ធ​៣% និង​ផលិតផល​សម្រេច​យក​៧% ទៅ​១០% ។

រចនាសម្ព័ន្ធ​ពន្ធ​ចាស់​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៩ បាន​យកពន្ធ​នាំ​ចូល​ចំនួន​១%​សម្រាប់​វត្ថុធាតុដើម​, ៥%​សម្រាប់​ផលិតផល​ពាក់កណ្តាល​សម្រេច និង​១០% សម្រាប់​ផលិតផល​សម្រេច ។

ជាមួយ​គ្នា​នេះ​ដែរ ផលិតផល​សម្រេច​ដែល​ផលិត​ពី​វត្ថុធាតុដើម និង​ផលិតផល​ពាក់កណ្តាល​សម្រេច​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ ត្រូវ​បាន​ហូត​យកពន្ធ​១០% ដើម្បី​ការពារ​ដល់​បណ្តា​ផលិតករ​ក្នុងស្រុក ។

ខណៈ​ផ្នែក​រចនាសម្ព័ន្ធ​កាតព្វកិច្ច​ពន្ធ​នាំ​ចូល​ថ្មី ក្រសួង​ហិរញ្ញវត្ថុ កាលពី​ឆ្នាំទៅ​បាន​កាត់​តម្រឹម​កាតព្វកិច្ច​ពន្ធ​សម្រាប់​ទំនិញ​ជា​វត្ថុធាតុដើម​ចំនួន​១.៥០០​មុខ ជា​ហេតុ​បណ្តាល​ឲ្យ​នាយកដ្ឋាន​ពន្ធដារ​ខាតបង់​ចំណូល​ពន្ធ​ចំនួន​៦​ប៊ី​លាន​បាត ។

ប្រភព​ពី​ក្រសួង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា ការ​កាត់​ពន្ធ​នាំ​ចូល គឺ​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ជាតិ ស្រប​ពេល​ផលិតផល​ថៃ​អាច​បាត់បង់​ការ​ទាក់ទាញ​អតិថិជន​របស់​ខ្លួន ប្រសិនជា​គេ​យកពន្ធ​ខ្ពស់​ជាង​នេះ​ពី​បណ្តា​ប្រទេស​ដទៃ ជា​ពិសេស បណ្តា​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។

ក្រសួង​មានការ​ជឿជាក់​ថា កាតព្វកិច្ច​ពន្ធ​នាំ​ចូល​ថ្មី​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ជា​មិន​ខាន ៕