សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នឹង​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម ISIS នៅ​កម្ពុជា​

ភ្នំពេញ: ​ក្នុង​ពិធី​បើក​មហាសន្និបាត សភា​តំបន់​អាស៊ី APA នា​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ន​នឹង​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម ISIS បើទោះបីជា​កម្ពុជា​មិន​ស្ថិតក្នុង​គោលដៅ​នៃ​ការវាយប្រហារ​ក៏ដោយ​។ ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ បានធ្វើ​ឡើង នៅ​ចំពោះមុខ​តំណាង​រដ្ឋសភា ព្រឹទ្ធសភា មកពី​បណ្តាល​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី ក្នុងនោះ ក៏មាន​ក្រុម​ជនជាតិ​អ៊ីស្លាម ផងដែរ​។​

​សម្តេច ហ៊ុន សែន បាន​លើក​ឡើ​ថា ការវាយប្រហារ​របស់​ក្រុម ISIS បាន​រាលដាល​ដល់​អឺរ៉ុប និង​សហរដ្ឋអាមេរិក ព្រមទាំង​តំបន់​ផ្សេងទៀត ដោយ​មិន​រើសមុខ​នោះទេ​។ ដូច្នេះ​កម្ពុជា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​។ សូម្បីតែ​ម្សិលមិញ តំណាង​អង្គការសហ​ប្រជា​ជាតិ ដែល​បាន​ចូល​មកជួប​សម្តេច សម្តេច​បាន​និយាយថា បើ​ទោះ​គេ​និយាយថា​ប្រទេស​កម្ពុជា មិនមាន​ពួក​អាយ​ស៊ី​ស ចូលមក​ដល់ ក៏​ប៉​ន្តែ​កម្ពុជា ក៏​មិនត្រូវ​ភ្លេចខ្លួន គេ​អាច​វាយ​នៅ​ប្រទេស​ដទៃ នៅក្នុង​តំបន់​យើង ក៏ប៉ុន្តែ​គេ​យក​កម្ពុជា​ធ្វើជា​តំបន់​សុវត្ថិភាព​វាយប្រហារ​ក៏​ថា​បាន​។ ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ជាមុន​នឹង​បញ្ហា​នេះ​។​

​សេចក្តីប្រកាស​ផ្ទាល់មាត់​របស់​សម្តេច​ហ៊ុនសែន​ដូច្នេះ បានធ្វើ​ឡើងខណៈ​ដែលមាន​ដំណឹង​ថា ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បាន​ចូល​មកដល់​ប្រទេស​ថៃ ជាប់​នឹង​ប្រទេស​កម្ពុជា កាលពី​សប្តាហ៍​មុន​៕​