ពុល​ស្រាថ្នាំ ស្លាប់​ម្នាក់ និង ៣ នាក់​ទៀត កំពុង​សង្គ្រោះបន្ទាន់

ខេត្តក្រចេះ: ​បុរស​ម្នាក់ បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះបន្ទាន់ ហើយ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​រាជធានី​ភ្នំពេញ​ដោយសារ​ពុល​ស្រាថ្នាំ​។ ហេតុការណ៍​ពុល​ស្រាស ត្រាំ​ឫ​ឈើ​នោះ បានកើត​ឡើង នៅ​ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៨ ខែធ្នូ​។

​អភិបាលខេត្ត​ក្រចេះ លោក សរ ចំ​រ៉ុង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៤ នាក់​នោះ បានទទួល​ទាន​ស្រាស ត្រាំ​ឫស​ឈើ ដូចជា ឬ​ស​ឈើ​ក្រញូង និង​ឬ​ស​ឈើ​ធ្នុង ជាដើម កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច និង​មន្ត្រី​មន្ទីរ​សុខាភិបាល កំពុងតែធ្វើការ​វិភាគ​លើ​ស្រា ដែល​ប្រជាពលរដ្ឋ​រងគ្រោះ បានទទួល​ទាន​នោះ​។​
 
​លោក​អភិបាលខេត្ត បន្តថា ក្នុង​ហេតុការណ៍​ពុល​ស្រា​នោះ ស្ត្រី​អ្នកលក់​ស្រា ឈ្មោះ ខ្លា លោត អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយនឹង​ក្រុម​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច នាំទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​។​

​សូម​រម្លឹកថា ហេតុការណ៍​ពុល​ស្រាថ្នាំ​នោះ បានកើត​ឡើង បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ ៥​នាក់​ផ្សេងទៀត បាន​ស្លាប់ និង​៣៦​នាក់ ត្រូវបាន​សង្គ្រោះ ដោយសារតែ​ពុល​សាច់​ឆ្កែ នៅ​ស្រុក​ស្នូល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​។ អ្នកពុល​សាច់​ឆ្កែ​ទាំង​ជាង ៣០ នាក់​នោះ បាន​ធូរស្បើយ​ជា​បណ្តើរៗ​ហើយ រហូតមកដល់​ថ្ងៃទី​៩​ធ្នូ​នេះ​៕​