កូន​បាក់ធ្មេញ​លើក​ទី​១ គួរតែ​ប្រយ័ត្ន​ពី​រឿង​អ្វីខ្លះ​?

កូន​បាក់ធ្មេញ​លើក​ទី​១ គួរតែ​ប្រយ័ត្ន​ពី​រឿង​អ្វីខ្លះ​?

​ជាធម្មតា​កូន​តែងតែ​បាក់ធ្មេញ​លើក​ទីមួយ​នៅ​ចន្លោះ​៦​ទៅ​៧​ឆ្នាំ ព្រោះ​ដើម្បី​ប្តូរ​ធ្មេញ​ថ្មី ដូចនេះ​តើ​មាន​ចំនុច​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នៅ​ចន្លោះ​ពេល​ដែល​កូន​ប្តូរ​ធ្មេញ​ថ្មី​នោះ​?

មើល​ពេទ្យធ្មេញ​
ក្នុងនាម​ជា​ឳ​ពុក​ម្តាយ ក្រោយពេល​ដែល​កូន​ចាប់ផ្តើម​ដុះធ្មេញ​ថ្មី អ្នក​គួរតែ​ឧស្សាហ៍​ពិនិត្យមើល​ធ្មេញ​កូន ហើយ​នាំ​កូន​ទៅ​ពិនិត្យមើល​ធ្មេញ​នៅ​ពេទ្យ​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ការពារ​កុំឱ្យ​ធ្មេញ​កូន​ដុះ​ចេញ​មក​មិន​ស្អាត​។​

ដុស​ធ្មេញ​
អ្នក​ត្រូវ​តែ​ប្រាប់​កូន​ឱ្យ​ដុសធ្មេញ​នៅ​រៀងរាល់​ព្រឹក និង​យប់ ហើយ​ត្រូវតែ​ដុស​រយៈពេល​២​ទៅ​៣៣​នាទី​ទើប​ស្អាត ច្រាស និង​ថ្នាំដុសធ្មេញ​ត្រូវតែ​ប្រើ​របស់​សម្រាប់​កូនក្មេង ម្យ៉ាងទៀត​ក្រោយពេល​ដែល​បរិភោគ​អាហារ​រួច អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​ខ្ពល់មាត់ ដើម្បី​ឱ្យ​កាកសំណល់​នៃ​អាហារ​ទាំងនោះ​ចេញ​ពី​មាត់​អស់ ទើប​ធ្មេញ​ថ្មី​របស់​កូន​មិន​ងាយ​ខូច​។​

អាហារ​
នៅ​ចន្លោះ​ពេល​ដែល​កូន​ប្តូរ​ធ្មេញ អ្នក​ត្រូវ​តែ​ឱ្យ​កូន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឱ្យបាន​ច្រើន ជាងនេះទៅទៀត​ត្រូវតែ​ឱ្យ​គេ​បរិភោគ​អាហារ​ដែល​រឹង​ដូចជា ៖ សាច់គោ ការ៉ុត និង​ពោត​ជាដើម ដើម្បី​ឱ្យ​ធ្មេញចាស់​ឆាប់​ជ្រុះ ហើយ​ថែមទាំង​អាច​ជួយ​ឱ្យ​ឆ្អឹងថ្គាម​ក្រោម និង​ឆ្អឹង​មុខ​កូន​លូតលាស់​បានល្អ​ទៀតផង តែ​បើ​អ្នក​ឱ្យ​កូន​បរិភោគ​អាហារ​ដែល​មិន​ត្រូវការ​ទំពារ​យូរ នោះ​ឆ្អឹងថ្គាម​ក្រោម​របស់​កូន​នឹង​លូតលាស់​មិនបាន​ល្អ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ធ្មេញ​កូន​ដុះ​មិន​ស្មើគ្នា​ឡើយ​។​

កែប្រែ​ទម្លាប់​អាក្រក់​របស់​កូន​
អ្នក​ត្រូវ​តែ​កែប្រែ​ទម្លាប់​អាក្រក់​មួយចំនួន​របស់​កូន​ដូចជា ការ​ចូល​ចិត្ត​យក​ធ្មេញ​ខាំ​ប៊ិច ឬ​ដៃ យក​អណ្តាត​ទាត់​ធ្មេញ​ខាង​មុខ​ជា​ដើម ព្រោះ​ទម្លាប់​ទាំងនេះ​អាច​ធ្វើឱ្យ​ធ្មេញ​កូន​ដុះ​មិន​ស្អាត​ឡើយ ហើយ​មិន​មាន​លក្ខណៈ​ស្មើ​គ្នា​ទៀត​ផង​៕


ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។