មី​យ៉ូ​លី អ៊ូ បំបាក់មុខ​អតីត​មិត្ត​ប្រុស ៨ ឆ្នាំ ដោយ​ការអញ្ជើញ​សំបុត្រអាពាហ៍ពិពាហ៍​

កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​ស្រី​ហុងកុង​ដ៏​ល្បីឈ្មោះ​ជាង​មួយ​ទសវត្សរ៍ អ្នក​នាង មី​យ៉ូ​លី​ អ៊ូ (Myolie Wu) កំពុងតែមមាញឹក​យ៉ាងខ្លាំង ដើរ​ចែក​ធៀប​អាពាហ៍ពិពាហ៍ មុននឹង​ពិធីមង្គលការ​នាង​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ។​


នាង Myolie ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា នាង​ក៏បាន​ជូន​ធៀប​អាពាហ៍ពិពាហ៍​ដល់​អតីត​មិត្ត​ប្រុស​នាង​ដែរ គឺ​តារា​សម្តែង​ប្រុស លោក Bosco Wong ហើយ​គូ​ដណ្តឹង​នាង​ក៏​មិន​ថា​អ្វី​លើ​រឿងនេះ​ដែរ ។ នាង​បាន​ប្រាប់​ដែរ​ថា នាង​នឹង​ចំណាយពេល​រៀបចំខ្លួន​ពីរ​សប្តាហ៍​មុន​ថ្ងៃ​អាពាហ៍ពិពាហ៍ ហើយក៏​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ របស់​កម្មវិធី​ទូរទស្សន៍ TVB ផងដែរ ។

នាង​បាន​ប្រាប់​ដែរ​ថា អ្នក​ដែល​នៅ​ជាមួយ​កូនក្រមុំ​នឹង​អាចមាន​គ្នា ប្រមាណ​ជា ១០ នាក់​ដែល​ក្នុងនោះ​រួមមាន​មិត្តភក្តិ​ជិតស្និទ្ធ​នាង បងស្រី​នាង និង មិត្ត​រួម​ថ្នាក់​របស់​នាង ហើយ​បង ស្រី​នាង​នឹង​ក្លាយជា​មេក្រុម​កូនក្រមុំ ចំណែកឯ​អ្នក​កំដរ​នាង​គឺ​បាន​ទៅលើ​នាង Nancy Wu ។​

​គួរ​រំ​ឮ​ក​ដែរ​ថា នាង និង លោក បូ​ស្កូ វ៉ុង (Bosco Wong) ធ្លាប់​ទាក់ទង​គ្នា​រយៈពេល​ដល់​ទៅ ៨ ឆ្នាំ តែ​ក៏ត្រូវ​បែក​គ្នា​វិញ កាលពី​ឆ្នាំ ២០១២ ដោយ​នាង​ធ្លាប់​និយាយ​លើ​រឿងនេះ​ដែរ​ថា ព្រហ្ម​លិខិត​ជា​អ្នកកំណត់​ពី​សេចក្តីស្នេហា​មនុស្ស ម្នាក់ៗ ហើយ​យើង​ក៏បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដែរ តែ​ចុងក្រោយ​យើង​នៅតែ​ពុំ​អាច​បន្តទៀត​បាន នេះ​ប្រហែលជា​ព្រហ្ម​លិខិត​ចារ​ថា យើង​មិនមែនជា​គូ​នឹង​គ្នា​ហើយ ៕ ​ថា​វរិ​ទ្ធ​
​