ដេវីដ ទម្លាយ​រឿង​រកាំរកូស​ក្នុង​ផលិតកម្ម «​រស្មី​ហង្ស​មាស​»

​ក្រោយពី​ការប្រកាស​ចាកចេញ​ពី​ទ្រនំ​ហង្ស​មាស​តាម ពេជ្រ សោភា ជា​រៀមច្បង​មិនទាន់បាន​ប៉ុន្មាន​ផង ងួន ចាន់​ដេវីដ ក៏ដូចជា ពេជ្រ សោភា ផ្ទាល់​តែង​ទទួលរង​នូវ​ព័ត៌មាន​នេះ​ព័ត៌មាន​នោះ​វាយប្រហារ​ឥត​ដាច់​ទាក់ទង​នឹង​បញ្ហា​នេះ ។

​ហាក់​មិន​ឃ្លាតឆ្ងាយ​ពី​រឿង​ចាកចេញ​នេះ លោក ងួន ចាន់​ដេវីដ ដែលជា​ដៃគូ​ចម្រៀង​ដ៏​លេចធ្លោ​ម្នាក់​របស់ ពេជ្រ សោភា បាន​និយាយ​រំឭក​ដល់​ឈ្មោះ​ម្ចាស់​ពាន​លំដាប់​ពិភពលោក Cambodian Idol នី រតនា ទៅវិញ​ថា​ជា​មនុស្ស​ដែល​ចេះ​ឱនលំទោន និង ឱ្យ​តម្លៃ​មនុស្ស​កំប៉ិកកំប៉ុក​ដូច​លោក ដែល​មនុស្ស​មួយចំនួន​មិនសូវ​ឱ្យ​តម្លៃ ។ មិនតែប៉ុណ្ណោះ​លោក​ថែមទាំង​ពោល​ជូនអំណោយ​ឱ្យ នី រតនា មុនពេល​លោក​ចាក​ចេញពី​ដំបូល​ហង្ស​មាស​ទៀតផង តែ​យ៉ាងណា​យើង​មិនទាន់​ដឹង​ច្បាស់​ពី​អំណោយ​នោះ​ជា​អ្វី​នៅឡើយ។

​នេះ​ជា​ខ្លឹមសារ​ដែល​«​ប្រជាប្រិយ​»​បាន​ស្រង់​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ដេវីដ ក្នុងនោះ​លោក​បានសរសេរថា «​ងាក​មក​ក្រោយ​តិច បង​មិន​នឹកស្មានថា​បេក្ខជន​ជាប់​លេខ​មួយ​ក្នុង​កម្មវិធី​ពិភពលោក​មួយ​ទាំងមូល ស្រាប់តែ​មក​ចេះ​ឱនលំទោន​គោរព​ជំរាបសួរ​មនុស្ស​កំ​ប៉ិក កំប៉ុក​ដូច​បង ដែល​អ្នកផង​មិនសូវ​ឱ្យ​តម្លៃ តែ​យ៉ាងណាក្តី​ក៏​បង​ពិតជា​អរគុណ​ណាស់​នូវ​ការឱ្យ​តម្លៃ​មកលើ​បង បងអត់​មាន​ពាក្យ​អី​ច្រើន​ទេ មានតែ​ប៉ុណ្ណឹង​… ហើយ​ទោះជា​បង​ឈប់​ធ្វើការ​នៅ​ហង្ស​មាស ប៉ុន្តែ​បង​មាន​កាដូ​សម្រាប់​ប្អូន​… ហើយ​បង​សង្ឃឹមថា​ប្អូន​នឹង​រក្សា​ចរិត​ឫកពា​បែបនេះ​រហូត​តទៅ បង​ធានាថា​ប្អូន​នឹង​ជោគជ័យ​នៅក្នុង​វិថី​សិល្បៈ​មួយ​នេះ ខំ​ឡើង​!»​។​

​យោងតាម​ការរៀបរាប់​ដ៏​មានន័យ​របស់ ដេវីដ នេះដែរ បានធ្វើឱ្យ​មហាជន​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​តារាចម្រៀង​រ៉េ​ប និង ជា​អ្នកចេះ​តែង​និពន្ធ​ទំនុកច្រៀង​ថ្មី​ម្នាក់​ប្រចាំ​នៅ​ហង្ស​មាស ពោល​ពាក្យ​ថា​ជា​មនុស្ស​កំប៉ិកកំប៉ុក​ដែល​អ្នកផង​មិនសូវ​ឱ្យ​តម្លៃ​ដូច្នេះ​ទៅវិញ តើ ដេវីដ មាន​បញ្ហា​អ្វី​ជាមួយ​ហង្ស​មាស​? តើ​ពាក្យ​ថា​«​អ្នកផង​មិនសូវ​ឱ្យ​តម្លៃ​» លោក​ចង់​សំដៅ​ទៅលើ​បុគ្គលិក​នៅក្នុង​ហង្ស​មាស​ឬ​យ៉ាងណា​? ទាំងនេះ​វា​នៅតែ​ជា​ចម្ងល់​មួយ​សម្រាប់​មហាជន​ដដែល ប៉ុន្តែ​អ្វីដែល​យើង​អាច​យល់បាន​គឺ​ប្រហែល​ជាមាន​បុគ្គលិក​ខ្លះ​នៅ​ហង្ស​មាស​ដែល​ប្រកាន់​ឫកពា​មិនសូវ​ឱ្យ​តម្លៃ​រូបលោក​ដូចជា​ការលើកឡើង​នេះហើយ​មើលទៅ ព្រោះ មួយរយៈ​នេះ​មាន​ព័ត៌មាន​ថា ដេវីដ និង ពេជ្រ សោភា កំពុងមាន​បញ្ហា​រកាំរ​កូ​ស​ជាមួយ​អ្នកគ្រប់គ្រង​តារាចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ម្នាក់​ផងដែរ ។

​ក្នុងការ​រៀបរាប់​នេះ​ទៀតសោត លោក​ក៏បាន​រំលេច​ពី​ឈ្មោះ នី រតនា ផងដែរ​លើ​ចរិត​ឫកពា​មិន​ឆ្មើងឆ្មៃ ចេះ​គោរព​ក្នុងនាម​មនុស្ស​ដូចគ្នា ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា​តាមរយៈ​នេះ នី រតនា ដែលជា​ពន្លក​ថ្មី​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​នឹង​ទទួលបាន​ជោគជ័យ​លើ​វិថី​សិល្បៈ​ដ៏​ត្រចះត្រចង់​នេះ​ផងដែរ ៕ សាកល​
​