ប្លន់ម៉ូតូសេ១២៥ ឆ្នាំ២០០៦ ឡើងសេរី២០១៣ រួចបាញ់សម្លាប់ នៅសង្កាត់បឹងកក់១

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់ ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ ក្រោយពីត្រូវបានក្រុមចោរ បាញ់ប្លន់យកម៉ូតូ នៅម៉ោង ១និង០៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅផ្លូវលេខ២៧៥ កែង៥២៨ ភូមិទំនប់ទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិង មិត្តភក្តិបានជិះម៉ូតូពីរគ្រឿង ចេញពីក្លឹបផឹកស៊ីមួយកន្លែង នៅជិតម្តុំកំាកូស៊ីធី ជនរងគ្រោះបានជិះតាមផ្លូវលេខ៥២៨ ពីលិចទៅកើត ស្រាប់តែមកដល់ម្តុំកន្លែងស្ងាត់ ឃើញមានមនុស្សមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង មកកៀរក្រុមជនរងគ្រោះ ឲ្យឈប់ម៉ូតូ។

សាក្សីបានបន្តទៀតថា ក្រុមចោរបានកៀរឲ្យឈប់ តែក្រុមជនរងគ្រោះមិនឈប់ម៉ូតូនោះទេ ប្រឹងជិះទៅមុខ តែត្រូវបានក្រុមចោរដកកំាភ្លើង បាញ់តម្រង់មកមួយគ្រាប់ តែមិនត្រូវភ្លាមៗនោះ ក្រុមជនរងគ្រោះក៏ ជិះម៉ូតូចែកផ្លូវគ្នា ដើម្បីរត់គេច តែសំណាងមិនល្អ ម៉ូតូមួយគ្រឿងរបស់ក្រុមជនរងគ្រោះ ដែលបើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតរអិលដួល នៅមុខការដ្ឋានធ្វើរថយន្ត អេភីអេស។

សាក្សីបានបន្តទៀតថា ភ្លាមនោះដែរក្រុមចោរ ក៏បានជិះម៉ូតូមកដល់កន្លែង ជនរងគ្រោះដួលរួចបាន ដកកំាភ្លើងបាញ់មួយគ្រាប់ចំ យុវជនម្នាក់ឈ្មោះ ផាន់ ណាឌុប អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅម្តុំអង់តែន ទួលគោក រងរបួសត្រូវក្រោមដោះធ្លាយពីម្ខាងទៅម្ខាង រួចក្រុមចោរក៏បានយក ម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រឹមសេ ១២៥ ស៊េរី២០០៦ ឡើងស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-6665 ជិះទៅបាត់ដោយសុវត្ថិភាព។

ភ្លាមៗក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត តែដោយស្ថានភាពជនរងគ្រោះ ធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិត ពេលគេដឹកយកមកសង្គ្រោះដល់មន្ទីរពេទ្យ ហើយក្រោយធ្វើកោសល្យវិច័យរួច សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

ប្លន់ម៉ូតូសេ១២៥ ឆ្នាំ២០០៦ ឡើងសេរី២០១៣ រួចបាញ់សម្លាប់ នៅសង្កាត់បឹងកក់១

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត