​ហុងដា​ឌ្រឹ​ម​​ស៊ី​ញ៉ូ​បត់​ឆ្លងផ្លូវមិន​ប្រយ័ត្ន​ ​ម៉ូតូ​CB400 មក​ដល់​បុក​​របួសធ្ងន់-ស្រាល​៣​នាក់

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ ស៊ី​ញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ ​ត្រូវ​ម៉ូតូ CB400 ​ជិះ​ក្នុង​ដំណើរ​ប​ញ្ច្រាសទិស​គ្នា ជ្រុល​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ យ៉ាង​ពេញទំហឹងធ្វើ​ឲ្យ​ម៉ូតូ​ទាំង​២​ដួល​​​ទៅ​នឹង​ទ្រូងផ្លូវ និង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ និង​ស្រាល៣​នាក់ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ​ធ្នូ ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​​​ផ្លូវ​លេខ​៣១០​ក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ឌុ​ប​នារី​ម្នាក់​ទៀតជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1k-1936 បាន​​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ ក៏​ស៊ី​ញ៉ូ​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​លេខ​៣១០ ដោយ​ឆ្លង​មិន​ទាន់​​ផុត​ផង ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក CB400  ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AG –2162 ជិះ​ដោយ​បុរស​ម្នាក់​​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ប​ញ្ជ្រា​សទិស​គ្នា ) ក្នុង​ល្បឿន​លឿន​នោះមក​ដល់​​វាក់​ជាន់​ហ្វ្រាំង​មិន​ទាន់ជ្រុល​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​ដួល​ប្រាវ​ទៅ​នឹង​ទ្រូង​ផ្លូវ ​និង​ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ។

ចំណែកឯ​អ្នក​ជិះ​ម៉ូតូ CB400 គ្រាន់តែ​រង​របួសស្រាលត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ឯ​ជនដឹក​យក​ទៅ​សង្គ្រោះ និង​ព្យាបាលភា្ល​ម​ៗ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នា​ពេល​ក្រោយ ៕ ​