លោក អ៊ុំ វណ្ណា និង​បក្ខពួក​ឃុបឃិត​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​

​លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ប្រចាំរាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ កំពុង​ល្បីឈ្មោះ​ខាង​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ផលប្រយោជន៍​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក អ៊ុំ វណ្ណា និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ឯម ស៊ី​ធួន បាន​ឃុបឃិត​ជាមួយ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ និង​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ដោយមាន​ការឃុបឃិត​ពី​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទើប​លោក អ៊ុំ វណ្ណា និង​បក្ខពួក​បង្កើត​កុងត្រូលជជុះ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​មិនដឹងថា​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានដឹង​ឬក៏​អត់​នោះទេ ព្រោះ​ទង្វើ​របស់លោក អ៊ុំ វណ្ណា និង​បក្ខពួក​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ជាពិសេស​ស្រុក​មេមត់ ដែលជា​តំបន់​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន និង​មាន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន បានក្លាយ​ទៅជា​តំបន់​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​ការគ្រប់គ្រង​របស់លោក អ៊ុំ វណ្ណា និង​បក្ខពួក​។

ចំណែក​ប្រភពពី​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ទេនោះ គឺ​លោក អ៊ុំ វណ្ណា មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​ជាមួយ​លោក ម៉ៅ ពៅ ទើប​លោក អ៊ុំ វណ្ណា និង​បក្ខពួក​អាចបង្កើត​កុងត្រូលជជុះ​លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ និង​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ទាំងយប់​ទាំង​ថ្ងៃ​។ ក្នុងនាម​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​៥​រាជធានី​-​ខេត្ត លោក អ៊ុំ វណ្ណា មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​សេដ្ឋកិច្ច​ម្តងណា​ឡើយ ផ្ទុយទៅវិញ​មន្ត្រីនគរបាល​រូបនេះ ប្រើប្រាស់​អំណាច​និង​តួនាទី​ដ៏​ធំធេង​របស់ខ្លួន​ស្វែងរក​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​៕

92លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ