​ជំនួយ​សព្វាវុធ​ពី​បរទេស​ឲ្យ​អ៊ីរ៉ាក់​-​ស៊ី​រី កំពុង​ធ្លាក់​ក្នុង​ដៃ​ក្រុម ISIS

បរទេស៖តាម​របាយការណ៍​រប​ស់​អង្គការ​Amnesty International ចេញផ្សាយ​ថា ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ ក្រុម​រដ្ឋ​អ៊ីស្លាម​(ISIS) បាន​ដណ្តើម​អំណាច និង​មាន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​សំបូរបែប ដើម្បី​ប្រយុទ្ធ ពង្រីក​ទឹកដី​ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយសារ​ជំនួយ​សព្វាវុធ​ពី​ប្រទេស​មហាអំណាច​ទៅ ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា អាវុធ​ធុន​ធ្ងន់ និង​ស្រាល​ជាច្រើន​ប្រភេទ ដែល​ក្រុម​ជី​ហាត កំពុង​ប្រើ​សព្វថ្ងៃ មាន​ប្រភព​ចេញ​មកពី​ប្រទេស​ចំនួន ២៥ ដែល​នៅ​ក្នុងនោះ មាន​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ (​អាមេរិក រុស្ស៊ី ចិន​) និង អ៊ីរ៉ង់ ប៊ែ​ល​ហ្សិ​ក​ជាដើម​។ តែបើ​តាម​របាយការណ៍​មួយទៀត​បាន​បញ្ជាក់ថា អាវុធ​ដែល​ក្រុម​ជី​ហាត​កំពុង​ប្រើ​សព្វថ្ងៃ ជា​អាវុធ ដែល​ត្រូវបាន​ផលិត នៅក្នុង​ប្រទេស​ចំនួន ២១​ផ្សេងគ្នា​។​

​អ្នកស្រាវជ្រាវ​ខាង​អាវុធ​ធ្វើសង្គ្រាម​របស់ Conflict Armament Research ដែល​បាន​ចុះ​ទៅដល់​ខេត្ត​កូ​បា​ណេ ក្នុង​ទឹកដី​ស៊ី​រី នៅក្រោយ​ការ​វាយ​ដកថយ​របស់​ក្រុម​ជី​ហាត អង្គការ​រដ្ឋ​អ៊ីស្លាម បាន​រកឃើញថា អាវុធ​វែង ដែល​ក្រុម​ជី​ហាត អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រើ​ច្រើនជាងគេ គឺ​អាវុធ អាកា ផលិត​នៅ រុស្ស៊ី​។ ក្រៅពីនោះ គេ​រកឃើញ​ផងដែរ អាវុធ​ផលិត នៅ​ប៊ែ​ល​ហ្សិ​ក និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ របស់​ក្រុមហ៊ុន​អឺរ៉ុប​MBDA​។​

​គួរ​បញ្ជាក់ថា ក្រុម​ប្រទេស​មហាអំណាច​បានផ្តល់​អាវុធ​ទៅ​ឲ្យ​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុមប្រឆាំង​ស៊ី​រី ក្នុង​ហេតុផល​ថា ចង់​ធានា​ស្ថិរភាព​ក្នុង​តំបន់ តាមរយៈ​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជី​ហាត​៕

 

​ជំនួយ​សព្វាវុធ​ពី​បរទេស​ឲ្យ​អ៊ីរ៉ាក់​-​ស៊ី​រី កំពុង​ធ្លាក់​ក្នុង​ដៃ​ក្រុម ISIS