ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់​នៅ​ស្រុក​សៀម​ប៉ា​ង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង​ក្រោយ​រក​ឃើញ​ពាក់ព័ន្ធ​ក្នុង​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង កាលពី​វេលា​ម៉ោង​ជិត​១២​យប់ ថ្ងៃ​ទី​៨ ធ្នូ ២០១៥ ។

មន្ត្រី​នគរបាល​ស្រុក​សៀម​ប៉ា​ង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ឃាត់ខ្លួន​ខណៈ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​កាលពី​យប់​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០១៥ ដើម្បី​បន្ត​នីតិវិធី ។

មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​មាន​ម្នាក់​ឈ្មោះ អ៊ុ​ក ប្រុស​តាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង និង​ម្នាក់​ទៀត​មានឈ្មោះ ខេង វណ្ណៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។ ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឃាត់ខ្លួន​នៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ខណៈ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​ជាក់ស្តែង​ដកហូត​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៩​កញ្ចប់​តូច និង​ធំ ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។

មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មាន​ម្នាក់​ឈ្មោះ អ៊ុ​ក ប្រុស​តាក់ ក្នុង​កំឡុង​ឆ្នាំ​២០១៤ ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១០​ខែ ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕