ប៉ូ​លិស​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​កញ្ជ្រៀចចេញ​ដើរ​ល្បាត​ពេល​យប់ត្រូវ​គេ​ស្ទាក់​កាប់

ខេត្ត​ព្រៃវែង ៖ លោក ប៉ុន សំ​អូន អាយុ​៥១​ឆ្នាំ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កញ្ជ្រៀច ត្រូវ​បាន​បុរស​២​នាក់​លប​ស្ទាក់​កាប់​ប្រហារ ​​ខណៈ​ពេល​ដែល​រូប​លោក និង​មន្ត្រី​ប៉ូ​លិ​ស​ជា​កូនចៅ​ម្នាក់​ទៀត ឈ្មោះ សូ សុខា អាយុ​២៩​ឆ្នាំ កំពុង​ដើរ​ល្បាត​នៅ​តាម​ដងផ្លូវ នា​វេលា​យប់​ជ្រៅ​។

ទោះជាយ៉ាងណា​ក៏​ដោយ សកម្មភាព​របស់​ជនល្មើស​ខាងលើ​នេះ គឺ​មិន​បាន​សំរេច​តាម​បំណង​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​លោក​ប៉ូ​លិសទាំង​២​នាក់ ចេះ​វិធីសាស្ត្រ​ការពារ​ខ្លួន​ច្បាស់​ដែរ​។

ហេតុ​ការ​ណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ និង​៣៥​នាទីយប់ ​ថ្ងៃ​ទី​៨ ​ធ្នូ នៅ​លើ​ផ្លូវលំ​ក្នុងភូមិ​ឆ្អឹងជំនីរ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដែល​ជនល្មើស​ក្រោយ​ពី​ធ្វើ​សកម្មភាព​មិន​បាន​សំរេច​ហើយ​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ព​ទ្ធ័​ចាប់​បាន​ម្នាក់​នៅ​​​កន្លែង​កើតហេតុ ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

ប្រភព​ព​ត៌​មាន​ពី​អធិការដ្ឋាន​នគរបាល​ឃុំ​កញ្ជ្រៀច បានអោយ​ដឹង​ថា ជនល្មើស​ដែល​ត្រូវ​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ វ​ណ្ណា​ក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​នោះ​ឈ្មោះ ផ​ន នី​សារ ហៅ ព្រែក ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​ជនល្មើស សកម្មភាព​ពួនស្ទាក់​កាប់​ប្រហារ​របស់​ពួក​គេ មិន​បាន​ប៉ង​សំដៅលើ​លោក​មេ​ប៉ុ​ស្តិ៍ និង​កូនចៅ​នោះ​ទេ គឺ​វា​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ដែល​លោក​មេ​ប៉ុស្តិ៍​ដើរ​ល្បាត​មក​ចំ​ទីតាំង​ដែល​ពួក​គេ​ពួនស្ទាក់ ហើយ​យប់​ងងឹត​ពួក​គេ​មើល​មិន​ស្គាល់ ស្មានថា ​អ្នកដំណើរ ឬ​ក្រុម​ក្មេង​ទំនើង ទើប​ធ្វើសកម្មភាព​កាប់​ប្រហារ​បែប​នេះ​។

បើ​ទោះជា​បែប​ណា​ក្តី ជនល្មើស​ដែល​ត្រូវ​ចាប់ខ្លួន និង​បក្សពួក​ដែល​រត់គេច​ខ្លួន ត្រូវ​បាន​ប្តឹងចោទប្រកាន់​ពី​បទប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្តទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​៕