ពួក​តា​លី​បង់​វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង​កាន់​ដា​ហារ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន

កាលពី​យប់​ថ្ងៃ​ទី​៨ ធ្នូ ពួក​ជនប្រដាប់អាវុធ និង​ពួក​តា​លី​បង់​បាន​វាយប្រហារ​លើ​ព្រ​លាន​យន្តហោះ​ក្រុង​កាន់​ដា​ហារ ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ​នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​អាច​បណ្តាល​ឱ្យ​មាន​អ្នក​រង​គ្រោះ​ច្រើន​នាក់ ។

ប្រភព​ព័ត៌មាន​ជិតដិត​នឹង​កងកម្លាំង​សន្តិសុខ​គូសបញ្ជាក់​ថា ការ​វាយប្រហារ​នេះ​កើត​មាន​នា​ពេល​យប់ ដោយ​ជន​សកម្មប្រយុទ្ធ​យ៉ាងតិច​៦​នាក់ ដែល​នៅ​ចង្កេះ​ពួក​គេ​មាន​គ្រឿងផ្ទុះ ព្រមទាំង​កាន់​កាំភ្លើង​បាញ់​រ៉ុក្កែត និង​កាំភ្លើងយន្ត​ធុន​ស្រាល​បាន​លុក​ចូល​កាន់កាប់​សាលារៀន​មួយ ស្ថិត​នៅ​ក្បែរ​តំបន់​ស៊ី​វិល​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​កាន់​ដា​ហារ ។ ពួក​គេ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​លើ​ព្រ​លាន​យន្តហោះ ហើយ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ ។ បណ្តា​កងឯកភាព​នៃ​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​ក៏​លើក​មក​ដល់ ហើយ​កងកម្លាំង​សន្តិសុខ​បាន​ឡោម​ព័ទ្ធ​ជុំវិញ​ព្រ​លាន​យន្តហោះ ក្រោយ​ការ​វាយប្រហារ ។ ការ​ប៉ះទង្គិច​គ្នា​នៅ​បន្ត ហើយ​ពុំ​ទាន់​មាន​តុល្យការ​ពី​ជន​រង​គ្រោះ​នៅឡើយ ៕