ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​អាវុធ​ទំនើប​សម្បូរ​បែប តើ​បាន​មកពីណា?

អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNATIONAL ទើប​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​របាយការណ៍​មួយ​ដែល​អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​គ្រឿង​សព្វាវុធ​ទំនើប​ដ៏​សម្បូរ​បែប​ដូច​ជា​រថក្រោះ រថពាសដែក មី​ស៊ី​ល កាំភ្លើង​វាយលុក​ជាដើម ដែល​ផ្ទេរ​ពី​អីុ​រ៉ា​ក់​ទៅ​កាន់​ស៊ី​រី ។

តើ​អាវុធ​ទាំងនេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ពី​ណា​មក​ខ្លះ?ប្រាកដ​ណាស់ គ្រឿង​សព្វាវុធ​ទាំងនេះ​មួយ​ផ្នែក​ធំ​បាន​មក​ពី​ពួក​លោក​ខាងលិច ។ អាវុធ​ទាំងនោះ​ដណ្តើម​យក​បានជា​ពិសេស​ក្នុង​ឱកាស​នៃ​ការ​វាយ​រុលទៅមុខ​យ៉ាង​លឿន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ដែនដី​អីុរ៉ា​ក់ និង​ដែនដី​ស៊ី​រី ។

តាម FRANCE-3 លោក AYMERIC ELLUIN អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​អាវុធ​របស់ AMNISTY INTERNATIONAL អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ច្បាស់​ណាស់នា​ពេល​នេះ​មាន​គ្រឿង​សព្វាវុធ​ស្មើនឹង​គ្រឿង​សព្វាវុធ​ដែល​កងទ័ព​ប្រទេស​ទំនើប មួយ​នៅ​អឺរ៉ុប​មាន ។ អាវុធ​ទាំងនេះ​ប្រមូល​បាន​បន្ទាប់​ពី​តំបន់​នោះ​ក្លាយជា​តំបន់​មាន​អាវុធ​យ៉ាង​សម្បូរ​បែប​រយៈពេល​ជា​ច្រើន​ទស​វត្ស ។

យោង​តាម​របាយការណ៍​នេះ អាវុធ និង​គ្រាប់រំសេវ​យ៉ាងច្រើន​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើ​បាន​មក​ជា​ពិសេស​ពី​បណ្តា​ប្រទេស​ដែល​បច្ចុប្បន្ន​កំពុង​តែ​តស៊ូ​ប្រឆាំង​អង្គការ​ភេរវកម្ម​នេះ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​អាវុធ​ជា​ច្រើន​ផលិត​ក្នុង​ប្រទេស​លោក​ខាងលិច​២៥​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អា​េ​ម​រិ​ក ឬ​ពួក​អឺរ៉ុប រួច​ក៏​មាន​អាវុធ​ពី​ចិន​ផង​ដែរ ។ ពេល​នេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​គ្រឿង​សព្វាវុធ​ទំនើប និង​ច្រើន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដូច​ជា​កាំភ្លើង​វាយលុក​ធុន M-16 មី​ស៊ី​ល​ប្រឆាំងរ​ថយ​ក្រោះ មី​ស៊ី​ល​ដី​-​អាកាស កាំភ្លើងត្បាល់​តូច​-​ធំ រថក្រោះ និង​រថពាសដែក​។​ល​។ អាវុធ​ទាំងនេះ​បំពាក់​ឱ្យ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ ។ យោង​តាម​របាយការណ៍​នេះ​ថា ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ តែ​មួយ​គត់ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​យក​បាន​អាវុធ​ច្រើន​សន្ធឹកសន្ធាប់​ដែល​អាច​បំពាក់​ឱ្យ​កងទ័ព​៣​កងពលធំ ពោល​សម្រាប់​ទាហាន​រវាង​ពី​៤០.០០០​ទៅ​៥០.០០០​នាក់ ។ ក្នុង​ចំណោម​អាវុធ​ទាំងនេះ​ក៏​មាន​អាវុធ​ផលិត​នៅ​បារាំង និង​អា​ល្លឺ​ម៉​ង់​ផង​ដែរ ៕